នាយករដ្ឋមន្ត្រីអេស្ប៉ាញបានចេញមុខទាត់ចោលទាំងខឹងសម្បារចំពោះរាល់ការចោទប្រកាន់ថា លោកបានលួចគំនិតគេនៅដាក់ក្នុងនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួន។ ប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាលអេស្ប៉ាញនេះដែរកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីសុខាភិបាលរបស់លោកបានលាពីតំណែងក្រោយមានរបាយការណ៍ចោទថា ការសិក្សារបស់មន្ត្រីរូបនេះមានភាពមិនប្រក្រតី។
ភាពមិនប្រក្រតីក្នុងការសិក្សាក្លាយជារឿងចម្រូងចម្រាស និងធ្វើឲ្យរដ្ឋាភិបាលអេស្ប៉ាញរង្គោះរង្គើ ប៉ុន្មានសប្តាហ៍នេះ។ បញ្ហានេះបានធ្វើឲ្យរដ្ឋមន្ត្រីមួយរូបបង្ខំចិត្តចាកចេញពីតំណែងកាលពីចុងសប្តាហ៍មុនផង។
មន្ត្រីជាន់ខ្ពស់នោះគឺ រដ្ឋមន្ត្រីសុខាភិបាលលោកស្រី Carmen Monton ហើយលោកស្រីលាលែងក្រោយសារព័ត៌មានផ្សព្វផ្សាយព័ត៌មានដែលថា លោកស្រីបានលួចគំនិតអ្នកដទៃដាក់ក្នុង និងបានសញ្ញាបត្រដោយមិនបានចូលរៀន។
ដោយឡែក ក្រោយមានបញ្ហានេះ វាមានការចោទប្រកាន់ផ្សេងទៀតចំពោះនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez វិញម្តងថា លោកបានលួចគំនិតអ្នកដទៃដើម្បីបំពេញនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួន។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះនៅថ្ងៃព្រហស្បតី៍ទី ១៣ ខែកញ្ញា បានប្រតិកម្មតបនឹងការចោទប្រកាន់ទាំងខឹងសម្បារខ្លាំងផង ដោយចាត់ទុកការផ្សព្វផ្សាយនោះថាជារឿងខុសទាំងស្រុង។
«ព័ត៌មានដែលមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយខ្លះដែលអះអាងថា វាមានការលួចចម្លងគំនិតនៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ គឺជារឿងខុសទាំងស្រុង។ ខ្ញុំនឹងចាត់វិធានការផ្លូវច្បាប់ដើម្បីការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្ញុំ ប្រសិនបើអ្វីដែលត្រូវបានបោះពុម្ភផ្សាយនោះមិនត្រូវបានកែតម្រូវទេ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលអេស្ប៉ាញ។
តាមពិតទៅលោក Pedro Sanchez ចង់សំដៅលើការចុះផ្សាយរបស់សារព័ត៌មាន ABC ដែលអះអាងថា លោកបានចម្លងគំនិតគេទាំងស្រុងដើម្បីបង្កើតនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួន។ អត្ថបទនេះបានអះអាងថា និក្ខេបបទរបស់លោកផ្តោតលើការច្នៃប្រឌិតក្នុងនយោបាយការទូតសេដ្ឋកិច្ចអេស្ប៉ាញ និងត្រូវបានសរសេរឡើងកាលពីឆ្នាំ ២០១២ ពេលលោកធ្វើជាសាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Camilo Jose Cela នោះមានកថាខណ្ឌទាំងមូលដែលដកស្រង់ចេញពីអត្ថបទអ្នកសេដ្ឋកិច្ចអេស្ប៉ាញ មួយចំនួន និងមានខ្លះជាផ្នែកមួយនៃបទបញ្ហារដ្ឋាភិបាលផងដែរដោយមិនផ្តល់ប្រភព។
ក្រៅពី ABC កាសែតអភិរក្សាអនឡាញ Ok Diario ក៏ចោទប្រកាន់លោក Sanchez ថាលួចចម្លងគំនិតគេដូចគ្នា។
ប៉ុន្តែខាងសាកលវិទ្យាល័យ Camilo Jose Cela បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ខ្លួនបានត្រួតពិនិត្យនិង វាយតម្លៃនិក្ខេបបទរបស់លោក Sanchez ហើយខ្លួនបានរកឃើញថា វាត្រូវបានសរសេរឡើងដោយផ្អែកតាមបទបញ្ញត្តិនិងស្តងដាផ្ទៀងផ្ទាត់របស់ខ្លួនត្រឹមត្រូវ។
យ៉ាងណាមិញ ទាក់ទិននឹងបញ្ហានេះ មេដឹកនាំគណបក្សកណ្តាលនិយមលម្អៀងស្តាំ Ciudadanos លោក Albert Rivera បានទទូចឲ្យនាយករដ្ឋមន្ត្រីដែលមកពីបក្សសង្គមនិយម បោះពុម្ភផ្សាយនិក្ខេបបទរបស់ខ្លួនជាសាធារណៈដើម្បីជម្រះមន្ទិលសង្ស័យ និងជាប្រយោជន៍ដល់សាធារណជនផង។
បច្ចុប្បន្ន គេអាចអាននិក្ខេបបទនេះបាននៅតែក្នុងបណ្ណាល័យ សាកលវិទ្យាល័យ Camilo Jose Cela ប៉ុណ្ណោះដោយវាគ្មាននៅក្នុងបណ្តាញអ៊ីធឺណិតឡើយ។ ឆ្លើយតបនឹងបញ្ហានេះ លោក Sanchez ក៏បានសន្យាបោះពុម្ភផ្សាយនិក្ខេបបទរបស់លោកតាមអ៊ីនធឺណិតនៅថ្ងៃសុក្រទី ១៤ ខែកញ្ញានេះដែរដើម្បីបំភ្លឺឲ្យអស់ក្តីសង្ស័យ។
បញ្ហាលួចចម្លងក្នុងការសិក្សានេះក្លាយជាគ្រោះថ្នាក់សម្រាប់រដ្ឋាភិបាលរបស់លោក Sanchez ក្នុងពេលនេះ បន្ថែមពីរឿងពុករលួយដែលកំពុងហ៊ុមព័ទ្ធរដ្ឋាភិបាលរបស់លោកស្រាប់នោះ។ បច្ចុប្បន្នបក្សសង្គមនិយមរបស់លោកមានអាសនៈក្នុងសភាត្រឹម ៨៤ប៉ុណ្ណោះក្នុងចំណោមអាសនៈ ៣៥០។ បក្សនេះមានអាសនៈតិចបំផុត រាប់ចាប់ពីប្រទេសអេស្ប៉ាញត្រឡប់ទៅរកផ្លូវប្រជាធិបតេយ្យបន្ទាប់ពីការស្លាប់របស់មេដឹកនាំផ្តាច់ការ Francisco Franco ក្នុងឆ្នាំ ១៩៧៥នោះ៕