ជាតិ
កោះ Langkawi ដាក់​គោលដៅ​ស្រូប​ភ្ញៀវទេសចរ​ឲ្យ​បាន​៥​លាន​នាក់​នៅ​ឆ្នាំ​២០២០
14, Sep 2018 , 9:19 pm        
រូបភាព
​ម៉ាឡេស៊ី​៖ កោះ​ឡាំង​កា​វី ជា​កោះ​ដ៏​ស្រស់ស្អាត​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី​។ កោះ​នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ជាច្រើន​ឱ្យធ្វើ​ដំណើរ​ទៅ​កម្សាន្ត ដ្បិត​វា​មាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត សម្បូរ​កោះ​តូចៗ ពិសេស​គឺ​សម្បូរ​កន្លែង​ទេសចរណ៍ធម្មជាតិ​ជាច្រើន​កន្លែង​។ អាជ្ញាធរ​ដើម្បី​អភិវឌ្ឍន៍​កោះ​ឡាំង​កា​វី មាន​ម​ហិ្ឆ​តា​ថា នឹង​អាច​ទាក់ទាញ​ទេសចរ​កាន់តែច្រើន​ទៀត​មក​កម្សាន្ត​លើ​កោះ​មួយ​នេះ​។​

 
​ហា​ជ្ជី អា​ហ្សី​ហ្សា​ន់ ន័​រ​ទីន (Azizan Noordin) ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​អាជ្ញាធរ​ដើម្បី​អភិវឌ្ឍន៍​កោះ​ឡាំង​កា​វី បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​ពិ​ព័រ​ណ៌​ទេសចរណ៍​អាស៊ី​-​ប៉ាស៊ីហ្វិក (PATA Travel Mart 2018) នៅ​ថ្ងៃទី​១៣ កញ្ញា​ថា បច្ចុប្បន្ន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ទូទាំង​ពិភពលោក បានធ្វើ​ដំណើរ​មក​កម្សាន្ត​កោះ​ឡាំ​កា​វី ដែល​ស្ថិតនៅ​ខេត្ត  គី​ដាស (Kedah) ប្រទេស​ម៉ាឡេស៊ី​។ លោក​បន្ថែមថា ភ្ញៀវទេសចរ​ដែល​ឈរ​នៅ​លេខ​រៀង​ទី​១ គឺ​ទេសចរ​ចិន ទី​២ អារ៉ាប់ និង​ទី​៣ ទេសចរ​ឥណ្ឌា​។ 


 
​ដោយសារ​មាន​គម្រោង​អភិវឌ្ឍន៍ និង​ការពង្រីក​ជើងហោះហើរ​ត្រង់​នៅ​កាន់​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នោះ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​អាជ្ញាធរ​ដើម្បី​អភិវឌ្ឍន៍​កោះ​ឡាំង​កា​វី រំពឹងថា នឹងមាន​ទេសចរ​អន្ដរជាតិ​ចំនួន ៥​លាន មក​កម្សាន្ដ​កោះ​នេះ​នៅ​ឆ្នាំ ២០២០​។​
 
​ជាមួយគ្នានេះដែរ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ វប្បធម៌ និង​សិល្បៈ​ម៉ាឡេស៊ី លោក​ហា​ជ្ជី មូ​ហាំ​ម៉ាត់​ទីន កើ​តា​ពី បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៧​កន្លងទៅ ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្សាន្ត​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ជិត​២៦​លាន​នាក់ ដែល​រកចំណូលបាន​ចំនួន ជាង ៨២​លាន​រ៉ី​ង​កិត (RM,​លុយ​ម៉ាឡេស៊ី​) ហើយ​ក្រសួង​រំពឹងថា ចំនួន​នេះ​នឹង​កើន​ដល់ ៣០​លាន​នាក់​នៅ​ឆ្នាំ ២០២០៕
 




Tag:
 ទេសចរណ៍​
  PATA Travel Mart
© រក្សាសិទ្ធិដោយ thmeythmey.com