ជាតិ
បាក់ឌុប
កំហុសបាក់ឌុប ក្រសួងអប់រំសុំទោសផ្លូវការ! អ្នកខ្លះសរសើរ អ្នកខ្លះរិះគន់! លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី១៥ ខែកញ្ញា នេះ បានសរសេរសុំទោស និងសោកស្តាយចំពោះកំហុសអចេតនា ជុំវិញកំណែវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ ។
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក ឌី ខាំប៉ូលី បានប្រាប់សារព័ត៌មាន Thmey Thmey ថា សារសុំទោសនេះ ក៏ស្មើនឹងលិខិតផ្លូវការដែរ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថាការចេញលិខិតផ្លូវវការ ឬមិនផ្លូវការមិនមានអ្វីខុសគ្នាឡើយ សំខាន់លើទឹកចិត្ត។ «វាមានតម្លៃស្មើគ្នា ខ្ញុំសុំឱ្យសាធារណជន គិតទៅលើទឹកចិត្ត និងចេតនា ចៀសជាងគិតទៅលើលិខិតផ្លូវការឬ មិនផ្លូវការ.»។ នេះជាការបញ្ជាក់របស់លោក ឌី ខាំប៉ូលី។
សូមបញ្ជាក់ថា ក្រោយពីមានភាពមិនប្រក្រតី លើលទ្ធផលប្រឡងបាក់ឌុបមុខវិទ្យាគណិត បេក្ខជនប្រឡងជាច្រើនដែលជឿលើសមត្ថភាពរបស់ខ្លួនបានប្ដឹងតវ៉ា សុំឱ្យក្រសួងសើរើពិន្ទុរបស់ពួកគេជាថ្មី។ ភាពមិនប្រក្រតីនេះ ក៏កើតចំពោះបេក្ខជន ឆាយ លីអាន ដែលជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសឆ្នាំ២០១៨ នេះដែរ។ ក្រោយការសើរើ ក្រសួងរកឃើញថា កុំព្យូទ័រមានបញ្ហាបច្ចេកទេស ទើបធ្វើឱ្យមានការបូកពិន្ទុខុសយ៉ាងដូច្នេះ។
ការសម្រេចបង្កើតគណៈកម្មការកោសល្យវិច័យរបស់ក្រសួងអប់រំ រហូតដល់រកឃើញកំហុសនេះ នាំឲ្យមានការរិះគន់ផង និងការសរសើរផង។ សម្រាប់មតិរិះគន់ មនុស្សមួយចំនួនបង្ហាញពីការបាត់បង់ទំនុកចិត្តលើស្ថាប័នអប់រំ ដែលខ្ជីខ្ជានឹងការងារខ្លួន ហើយករណីនេះ បានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍សិស្ស និងអាណាព្យាបាលរបស់ពួកគេ។ អ្នកខ្លះបានទាមទាររហូតដល់ឲ្យរដ្ឋមន្ត្រី និងអ្នកទទួលបន្ទុកលាលែងពីតំណែងថែមទៀតផង។
ប៉ុន្តែសម្រាប់មតិមួយចំនួន ការសម្រេចចិត្តសើរើកំហុសឆ្គងការងាររបស់ខ្លួន ជាទង្វើដ៏គំរូមួយ ដែលកម្រកើតមាននៅក្នុងស្ថាប័នរដ្ឋនៅកម្ពុជា។ «ក្រសួងអប់រំ ជាពិសេសរដ្ឋមន្ត្រី បានបង្ហាញពីទំនួលខុសត្រូវការងាររបស់ខ្លួន ខណៈក្រសួង និងរដ្ឋមន្ត្រីផ្សេងទៀត ច្រើនតែរុញដាក់គ្នា និងព្យាយាមគេចចេញពីបញ្ហា»៕
Tag:
ភ្នំពេញ
បាក់ឌុប
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com