អន្តរជាតិ
ត្រាំ បញ្ជា​ឲ្យ​មន្ត្រី​ត្រៀម​ដុត​ភ្លើងសង្គ្រាម​ពាណិជ្ជកម្ម​ថែមទៀត​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ២០០​ពាន់​លាន​ដុល្លារ​
15, Sep 2018 , 10:59 pm        
រូបភាព
​នៅ​ថ្ងៃ​សុក្រ​ទី ១៤ ខែកញ្ញា ប្រភព​ស្និទ្ធ​នឹង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហើប​ថា ប្រធានាធិបតី​រូបនេះ​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់លោក​ត្រៀម​ចាត់ចែង​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​ដែលមាន​តម្លៃ ២០០​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ដែរ​។ ប៉ុន្តែ​ដាក់​ជា​ផ្លូវការ​ពេលណា​ឲ្យ​ប្រាកដ​នោះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ឡើយ​។



​សង្គ្រាម​ពាណិជ្ជកម្ម​ដំឡើង​ពន្ធ​ប្រឆាំង​គ្នា​ទៅវិញទៅមក​ដែល​កំពុង​ឆាបឆេះ​រវាង​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ និង​លេខ​ពីរ មិន​ឈានដល់​ទីបញ្ចប់​ឡើយ ដ្បិតថា ភាគី​កំពុង​រក​ផ្លូវ​ចរចា​គ្នា​ក្តី​។ ថ្ងៃ​សុក្រ​សប្តាហ៍​នេះ គេ​លឺ​ព័ត៌មាន​ថ្មី​ថា រដ្ឋបាល​អាមេរិក​ត្រៀម​ដំឡើង​ពន្ធ​ប្រឆាំង​ទំនិញ​ចិន ២០០​ពាន់​លាន​ដុល្លារ​ទៀត​ដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រភព​ស្និទ្ធ​នឹង​រដ្ឋបាល​លោក ត្រាំ បាន​អះអាងថា នីតិវិធី​ត្រៀម​ដំឡើង​ពន្ធ​នេះ​ស្ថិតក្រោម​ការរៀបចំ ដោយមាន​បញ្ជា​ផ្ទា​ល់ពី​ប្រធានាធិបតី​ផង​។ ប៉ុន្តែ​ប្រភព​ដដែល​នោះ​មិនដឹង​ច្បាស់​ទេ​ថា ការដំឡើង​ពន្ធ​នេះ​នឹង​ចាប់ផ្តើម​ពេលណា​ឲ្យ​ប្រាកដ​នោះ​។ 
 
​នៅ​ថ្ងៃ​សុក្រ​ដដែល​នោះ សារព័ត៌មាន Bloomberg បាន​ផ្សាយ​ថា លោក ត្រាំ នៅតែ​ចាត់វិធានការ​ប្រឆាំង​ចិន ថ្វីបើ​បច្ចុប្បន្ននេះ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាមេរិក​លោក Steven Mnuchin កំពុង​ព្យាយាម​ចាប់ផ្តើម​ការចរចា​ឡើងវិញ​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​សង្គ្រាម​ពន្ធ​នេះដែរ ព្រោះ​វា​កំពុង​ប៉ះពាល់​ដល់ទី​ផ្សា​ហិរញ្ញវត្ថុ​សកល​ខ្លាំង​ដែរ​។ 
 
​តាមពិតទៅ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទាំងពីរ​អាមេរិក និង​ចិន​បន្តធ្វើ​ឲ្យ​ពិភពលោក​ភ័យ​បារម្ភ និង​បង្កើត​ផលប៉ះពាល់​ខ្លាំង​ដល់​ក្រុម​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ​។  
 
​សមរភូមិ​នេះ​ចាប់ផ្តើម​ដោយ​ការដំឡើង​ពន្ធ ២៥ ភាគរយ​ជំហាន​ដំបូង​របស់​អាមេរិក​ប្រឆាំង​ទំនិញ​ចិន​ដែលមាន​ទំហំ ៥០ ពាន់​លាន​ដុល្លារ​ដែល​ទំនិញ​ទាំងនោះ​មាន​យ៉ាងតិច ៨០០ មុខ​ផ្សេងគ្នា​រួមបញ្ចូល​ទាំង​គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម​, គ្រឿង​បរិក្ខារ​សុខាភិបាល និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម​។​
 
​សូមបញ្ជាក់ថា អាមេរិក និង​ចិន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​រួមគ្នា​។ យោងតាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​អាមេរិក កាលពី​ឆ្នាំមុន អាមេរិក​បាន​នាំចូល​ទំនិញ​ដែលមាន​តម្លៃ​ប្រហែល ៥០៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ចិន ប៉ុន្តែ​ទំហំ​នៃ​ទំនិញ​នាំចូល​នេះ​កើនឡើង​រហូតដល់ ៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ គិត​ត្រឹម​ខែកក្កដា​នេះ​៕
 
 
 

Tag:
 អាមេរិក​
  សង្គ្រាម​ពាណិជ្ជកម្ម​
  ចិន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com