ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងនាំចូលអំបិល ២ម៉ឺនតោនពីចិន និង១ម៉ឺនតោនពីថៃ នាខែតុលា កសិដ្ឋានផលិតអំបិលមួយនៅខេត្ត Jiangsu ប្រទេសចិន ។ រូបថត AFP
× ភ្នំពេញ៖ កម្ពុជា នឹងនាំចូលអំបិលចំនួន៣ម៉ឺនតោន ពីបរទេសសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ បើតាមការអះអាងរបស់លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប អំបិល២ម៉ឺនតោននាំចូលពីចិន និង១ម៉ឺនតោននាំចូលពីថៃ។ ការខ្វះខាតអំបិលនៅកម្ពុជា ដោយសារតែអាកាសធាតុមិនអំណោយផល និងមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ។
កសិដ្ឋានផលតអំបិលកំពត-កែប ដែលមានផ្ទៃដីជាង៤ ៥០០ហិកតា រងគ្រោះដោយលក្ខខណ្ឌអាកាសធាតុ ដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ។ កត្តានេះ បាននាំឲ្យការផ្តត់ផ្គង់អំបិលក្នុងស្រុក មិនគ្រប់គ្រាន់។ ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ លោក ប៊ុន បារាំង បានបញ្ជាក់ថា សមាគមន៍ផលិតអំបិល បានដាក់សំណើរសុំគោលការណ៍ក្នុងការនាំអំបិលចូលពីបរទេស ទៅរដ្ឋាភិបាលរួចហើយ នៅតែរង់ចាំសេចក្តីសម្រេចប៉ុណ្ណោះ។
ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមអំបិលនាំចូល៣ម៉ឺនតោន មាន២ម៉ឺនតោនដែលជាប្រភេទអំបិលអ៊ីយ៉ូតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ត្រូវនាំចូលពីចិន រីឯ១ម៉ឺនតោនទៀតជាប្រភេទអំបិលឧស្សាហកម្មសម្រាប់ការធ្វើប្រហុក ផ្អក ត្រីងៀត ជាដើមនោះ ត្រូវនាំចូលពីថៃ។
«គោលការណ៍ស្នើសុំនេះ នឹងអាចសម្រេចបាននៅចុងខែកញ្ញា។ ដូច្នេះសហគមន៍ផលិតអំបិល នឹងត្រៀមលក្ខណៈ នាំអំបិលចូលពីចិន និងថៃ ក្នុងអំឡុងខែតុលាខាងមុខនេះ»។ លោក ប៊ុន បារាំង បានពន្យល់យ៉ាងដូច្នេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់លើការបញ្ជាទិញអំបិល៣ម៉ឺតោននេះពីបរទេសនោះឡើយ ដោយត្រូវរង់ចាំអំបិលទាំងនោះមកដល់កម្ពុជាសិន។
សូមបញ្ជាក់ថា កម្ពុជាមានតម្រូវការអំបិលសម្រាប់ប្រើប្រាស់ប្រមាណ១០ម៉ឺនតោន ក្នុងមួយឆ្នាំៗ។ ហើយឆ្នាំនេះគឺជាលើកទី២ហើយ ដែលកម្ពុជានាំចូលអំបិលពីបរទេស។ កម្ពុជានាំចូលអំបិលលើកដំបូងក្នុងឆ្នាំ២០០៨ ពីប្រទេសចិន៕
Tag:
កែប
កំពត
សេដ្ឋកិច្ច
អំបិល
ប៊ុន បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com