ក្រុមបាល់ទាត់វេស្ទើនភ្នំពេញ ត្រូវបានកាត់ចេញពីក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេបូឌានលីគនៅរដូវកាលឆ្នាំ២០១៨ ក្រោយ២០ប្រកួតកន្លងមកចាញ់១៩និងស្មើ១។ តែយ៉ាងណា វេស្ទើនភ្នំពេញនៅសល់ការប្រកួតបង្គ្រប់កិច្ចចំនួនពីរប្រកួត។ ក្រោយយកឈ្នះអគ្គិសនីកម្ពុជា ៥-០ បឹងកេតទទួលបាន៣ពិន្ទុបន្ថែម ដើម្បីបង្កើនឱកាសប្រជែងដណ្តើមជើងឯកជាមួយណាហ្គាវើល ដែលកំពុងឈរកំពូលតារាងមាន៥០ពិន្ទុក្នុងដៃ។ នាជំនួបកាលពីថ្ងៃអាទិត្យ អាស៊ីអឺរ៉ុបបានវាយបកយកឈ្នះក្រុមភ្នំពេញក្រោន ៣-២។
ក្រោយចាញ់អង្គរថាយហ្គឺរ ៣-១ នាជំនួបសប្តាហ៍ទី២០ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា នៅលើទឹកដីរបស់ខ្លួន វេស្ទើនភ្នំពេញបានក្លាយជាក្រុម ដែលត្រូវកាត់ចេញពីក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌាលលីគនៅរដូវកាលឆ្នាំ២០១៨នេះ។ បច្ចុប្បន្នវេស្ទើនភ្នំពេញស្ថិតនៅបាតតារាងមាន១ពិន្ទុ ក្រោយ២០ប្រកួតចាញ់១៩លើក និងស្មើ១លើក ខណៈក្រុមបន្ទាប់ពីបាតតារាងអគ្គិសនីកម្ពុជាមាន៩ពិន្ទុ។
វេស្ទើនភ្នំពេញបានឡើងមកលេងក្នុងក្របខណ្ឌលីគកំពូលនៅឆ្នាំ២០១២ តែត្រូវបានកាត់ចេញពីក្របខណ្ឌនេះវិញនៅឆ្នាំ២០១២ នោះផងដែរ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង។ ក្រុមសាកលវិទ្យល័យមួយនេះបានឡើងមកលេងក្នុងក្របខណ្ឌកំពូលសាជាថ្មីនៅឆ្នាំ២០១៤ ហើយបានរក្សាខ្លួនរហូតមកដល់បច្ចុប្បន្ន។
ជ័យជម្នះខាងលើបានជួយឲ្យអង្គរថាយហ្គឺរឡើងទៅឈរលេខ៧ក្នុងតារាងមាន២៦ពិន្ទុ។ កីឡាករ តាំង សុភ័ក្ត្រ ពៅ ភារិទ្ធ និង ស៊ឹង ណារិទ្ធិ ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះសម្រាប់អង្គរថាយហ្គឺរ ខណៈកីឡាករ យ៉ាន់ សុខា ជាអ្នករកគ្រាប់បាល់ឲ្យវេស្ទើនភ្នំពេញ។ ទោះបីត្រូវកាត់ចេញពីក្របខណ្ឌ តែវេស្ទើនភ្នំពេញនៅសល់ការប្រកួតចំនួនពីរលើក ដោយប៉ះភ្នំពេញក្រោនក្នុងជំនួបដំបូង មុនជួបអាស៊ីអឺរ៉ុបនៅជំនួបចុងក្រោយ។
ការប្រកួតនៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃអាទិត្យនោះដែរ ក្រុមអាស៊ីអឺរ៉ុបបានវាយបកយកឈ្នះភ្នំពេញក្រោន ដែលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងជើងទី១ ដោយលទ្ធផល ៣-២។ ជ័យជម្នះនេះ ជួយឲ្យអាស៊ីអឺរ៉ុបឡើងទៅឈរលេខ៨ក្នុងតារាងមាន២៦ ខណៈភ្នំពេញក្រោនបន្តស្ថិតនៅលេខ៥ ដោយរក្សា៣០ពិន្ទុ។ បីគ្រាប់របស់អាស៊ីអឺរ៉ុបសម្រេចបានពីរគ្រាប់ដោយខ្សែប្រយុទ្ធកាមេរូន Befolo Mbarga Jean Marie Privat និងមួយគ្រាប់ដោយកីឡាករ George Kelechi Stanley ខណៈពីរគ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីឡាករ Teixeira Junior Valci។
ក្រុមបឹងកេតបានបន្តប្រជែងកំពូលតារាងយ៉ាងប្រកៀកប្រកិតជាមួយណាហ្គាវើល បន្ទាប់ពីពួកគេយកឈ្នះអគ្គិសនីកម្ពុជា ៥-០នាជំនួបនៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃអាទិត្យ។ ក្នុងជំនួបនេះ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកាដែលទើបជារបួសបានបង្ហាញខ្លួនក្នុងជម្រើសដំបូង ដោយរកបាន១គ្រាប់ជួយក្រុមបឹងកេតយកឈ្នះអគ្គិសនីកម្ពុជា ៥-០ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញានៅពហុកីឡដ្ឋានជាតិ។
សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី២០ នៃការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌាលីគ មិនត្រឹមតែស៊ុតបញ្ចូលទី១គ្រាប់ប៉ុណ្ណោះទេ តែវឌ្ឍនាកា អាចបញ្ជូនបាល់ឲ្យដៃគូសម្រេចទីដល់ទៅ២គ្រាប់ថែមទៀត។ គ្រាប់បាល់ផ្សេងទៀតរបស់បឹងកេតសម្រេចបានដោយ Oiboh Julius, ម៉ាត់ យ៉ាមីន, ឃុន សេងថៃ និង Maycon។
បឹងកេតស្ថិតនៅចំណាត់ថ្នាក់ទី២ មាន៤៨ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងណាហ្គាវើល២ពិន្ទុ ខណៈសល់២ប្រកួតទៀតទើបបញ្ចប់រដូវកាល២០១៨នេះ។
សម្រាប់ពីរប្រកួតបន្ទាប់ ដែលជាជំនួបកាត់សេចក្តី ដើម្បីស្វែងរកម្ចាស់ជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០១៨ បឹងកេតប៉ះជាមួយអង្គរថាយហ្គឺរ និងភ្នំពេញក្រោន ខណៈណាហ្គាវើលជួបវិសាខា និងអគ្គស្នងការនគរបាលជាតិ៕