ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដោយ​មិនអាច​ទៅ​បរទេស​បាន លោក កឹម សុខា នឹង​ហៅ​គ្រូពេទ្យ ទៅ​ព្យាបាល​ជំងឺ​ដល់ផ្ទះ​
17, Sep 2018 , 12:34 pm        
រូបភាព
លោក កឹម សុខា ពិសាអាហារជុំគ្នាជាមួយភរិយា និងម្តាយ ជាលើកដំបូង ក្រោយចេញពីពន្ធនាគារ។ រូពពីគណនីហ្វេសបុកឈ្មោះ Chantha Muth
លោក កឹម សុខា ពិសាអាហារជុំគ្នាជាមួយភរិយា និងម្តាយ ជាលើកដំបូង ក្រោយចេញពីពន្ធនាគារ។ រូពពីគណនីហ្វេសបុកឈ្មោះ Chantha Muth
ដោយ:
ក្នុង​កាលៈទេសៈ​នេះ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ចេញទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​ឡើយ ព្រោះ​វា ជា​បម្រាមរបស់​ចៅក្រម​ស៊ើបសួរ​។ លោកស្រី ម៉េង សុភា​រី មេធាវី​ម្នាក់​របស់លោក កឹម សុខា បាន​ប្រាប់ថា ជម្រើស​ល្អ​សម្រាប់​លោក កឹម សុខា គឺ​មានតែ​អញ្ជើញ​គ្រូពេទ្យ​ឲ្យ​ទៅពិនិត្យ​សុខភាព​ដល់ផ្ទះ​តែម្តង​។


 
​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ លោកស្រី ម៉េង សុភា​រី អះអាងថា ជំងឺ​របស់លោក កឹម សុខា ដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​កៀប​សរសៃ​ដៃ​ខាងឆ្វេង​។ លោកស្រី លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​គាត់​អាច​លើកដៃ​បាន តែ​គាត់​នៅតែ​ឈឺ​ស្មា ត្រង់​កន្លែង​កៀប​សរសៃ​។ គាត់ តែងតែមាន​បំណង​ទៅព្យាបាលនៅ​ក្រៅប្រទេស តែ​ពេលនេះ គាត់​មិនអាច​ទៅបាន​ទេ​»​។
​ចំណែក​ជំងឺ​ពីរ​ទៀត គឺ​ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម លោក កឹម សុខា មាន​ថ្នាំ​ត្រៀម​សម្រាប់​ពិសា​ហើយ​។ នេះ​ជាការ​អះអាង​របស់លោក​ស្រី ម៉េង សុភា​រី ដដែល​។

អត្ថបទទាក់ទង
 
​លោកស្រី បន្តថា ក្រុម​មេធាវី មិនទាន់​នឹកគិត​ពី​មធ្យោបាយ ដើម្បី​បន្ត​ជួយ​លោក កឹម សុខា តាមផ្លូវ​ច្បាប់​នោះទេ​។ លោកស្រី បញ្ជាក់​បែបនេះ​ថា​៖«​ឥឡូវ​ហ្នឹង យើង​មិនទាន់មាន​គម្រោង​អ្វី​ទេ​។ យើង​ចាំមើល​បន្តិចទៀត​សិន​»​។ 
 
​លោក គី ឫ​ទី្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាស​ម្រេច​ដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ បន្ទាប់មក អតីត​មេបក្ស​ប្រឆាំង​រូបនេះ ក៏​ត្រូវបាន​សមត្ថកិច្ច ដឹក​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ យកទៅដាក់​ដល់ផ្ទះ​រប​ស់លោក​តែម្តង ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ម៉ោង​៣​ទៀបភ្លឺ នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ 
 
​ការដោះលែង​នេះ បាន​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​ដ៏​តឹងរឹង​។ បើតាម​លក្ខខណ្ឌ​ដែល​ចៅក្រម​ស៊ើបសួរ​បានកំណត់ លោក កឹម សុខា មិនអាច​ចេញទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ហើយក៏​មិនអាច​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​របស់លោក រួមទាំង​អតីត​អ្នកនយោបាយ​គណបក្សប្រឆាំង​ផងដែរ​។
  
​អតីត​គណបក្សប្រឆាំង យល់ឃើញថា លោក កឹម សុខា មិនទាន់​ត្រូវបាន​ដោះលែង​ពិតប្រាកដ​ឡើយ ដោយ​តុលាការ គ្រាន់តែ​ប្តូរ​ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ទៅជា​ការឃុំខ្លួន​ក្នុងផ្ទះ​ប៉ុណ្ណោះ​។ អតីត​គណបក្សប្រឆាំង ក៏ដូចជា​អង្គការ និង​សហគមន៍​អន្តរជាតិ​មួយចំនួន បានទាមទារ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ការចោទប្រកាន់ និង​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា  ឲ្យ​បាន​ពេញលេញ​។ យ៉ាងណាក៏ដោយ អ្វីៗ គឺ​ស្ថិត​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ដែល​កាន់​សំណុំ​រឿងនេះ​។ 
 
​លោក កឹម សុខា រង​ការចោទប្រកាន់ថា បាន​ទៅ​សមគំនិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ សម្រាប់​រដ្ឋាភិបាល និង​តុលាការ បទល្មើស​របស់លោក កឹម សុខា គឺ​ស្មើនឹង​អំពើ​ក្បត់ជាតិ​។ សមត្ថកិច្ច បាន​ចុះទៅ​ចាប់​អតីត​មេបក្ស​ប្រឆាំង​ដល់​គេហដ្ឋាន កាល​ពីយប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧៕ 

© រក្សាសិទ្ធិដោយ thmeythmey.com