ជាតិ
អង្គការ​ភ្លែ​ន​ចំណាយ​ជិត​៣​លាន​ដុល្លារ សម្រាប់​គម្រោង​លើកកម្ពស់​ក្មេងស្រី​ក្លាយជា​អ្នកដឹកនាំ​
17, Sep 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ ក្នុងទិសដៅ​លើកកម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ផ្តួចផ្តើម​គម្រោង «​ក្មេងស្រី​ដឹកនាំ​» ដែលមាន​រយៈពេល​៥​ឆ្នាំ ចាប់ពី​២០១៨-២០២៣ ។ គម្រោង​នេះ​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​៣ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ជិត​៣​លាន​ដុល្លារ​។​

 
​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​លោក យេន យេ​ប ក្លែ​ន​រេ​ន​ស៊ី​ង្គ (Jan Jaap Kleainrensink) បាន​ថ្លែងថា គម្រោង​ក្មេងស្រី​ដឹកនាំ​ដែល​ចាប់ផ្តើម​អនុវត្ត​នេះ នឹង​បំផុស​ឲ្យ​មានការ ចូលរួម​ពី​ក្មេងប្រុស និង​ក្មេងស្រី ជាពិសេស​ស្ត្រី​វ័យក្មេង និង​បុរស ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​វិសមភាព​យេនឌ័រ​នៅ​កម្រិត​ផ្សេងៗ នៅ​កម្ពុជា​។​
 
​លោក យេន យេ​ប ក្លែ​ន​រេ​ន​ស៊ី​ង្គ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការចាប់ផ្តើម​អនុវត្ត​គម្រោង​ក្មេងស្រី​ដឹកនាំ​នេះ នឹង​ទទួលបាន​ការគាំទ្រ ហើយ​ជាមួយគ្នានេះ យើង​នឹង​សហការគ្នា​កាត់បន្ថយ​បញ្ហា​ពាក់ព័ន្ធ​នឹង​យេនឌ័រ និង​ផ្តល់​លទ្ធភាព​ឲ្យ​កុមារ ជាពិសេស កុមារ​ដែល​មិន​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ក្មេងស្រី ឲ្យ​សម្រេចបាន​សក្តានុពលរ​បស់​ខ្លួន​យ៉ាង​ពេញលេញ​»​។​
 
​គម្រោង​«​ក្មេងស្រី​ដឹកនាំ​» នេះ នឹង​ផ្ដល់ឱកាស​ឲ្យ​ក្មេងស្រី និង​ក្មេងប្រុស​ក្នុង​ក្លឹប​កុមារ​ចំនួន ៥២ អាច​បង្កើន​ចំណេះ​ដឹងបាន តាមរយៈ​កម្មវិធី​ជើងឯក​សម្រាប់​កម្ពុជា សម្រាប់​ការចែករំលែក​ចំណេះដឹង​របស់ខ្លួន ក្នុងការ​បង្កើត​សកម្ម​ភាពជា​សមូហភាព និង​សមភាព​យេនឌ័រ​ក្នុងការ​ដឹកនាំ ដើម្បី​ធ្វើជា​គំរូ​។ ជាពិសេស​ពី​របៀប​តស៊ូ​មតិ នៅ​ថ្នាក់ឃុំ ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​ជាដើម​។ 


 
​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​មានប្រសាសន៍ថា​៖«​គម្រោង​នេះ​នឹង​បង្កើន​សមត្ថភាព​និង​លទ្ធភាព ក្មេងស្រី ដើម្បី (១)​សិក្សា (២)​ចែករំលែក (៣)​បង្កើត និង​(៤)​ដឹកនាំ​។​គម្រោង​នេះ​ប្រើប្រាស់​យន្ត​ការណ៍ ដើម្បី​ពង្រឹងសមត្ថភាព​ទាំង​ក្មេងស្រី និង​ក្មេងប្រុស ដោយ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ សហការគ្នា ដើម្បី​ស្វែងយល់ សម្រួល ដោះស្រាយ និង​ផ្លាស់ប្តូរ​វិសមភាព​សង្គម និង​វិសមភាព​យេនឌ័រ​នៅ​កម្ពុជា​»​។​
 
​គម្រោង ក្មេងស្រី​ដឹកនាំ​នេះ ត្រូវ​បានដាក់​អនុវត្ត​រយៈពេល​៥​ឆ្នាំ ចំណាយ​ថវិកា ចំនួន ២.៥ លាន​អ៊ឺ​រ៉ូ (​ជិត​៣​លាន​ដុល្លារ​អាមេរិក​)​នៅ​ខេត្ដ​ចំនួន ៣ គឺ​សៀមរាប ស្ទឹងត្រែង និង​រតនគិរី ដល់​កុមារ​ប្រមាណ​៤០០០​នាក់ ដោយ​បង្កើន​សមត្ថភាព និង​លទ្ធភាព​ក្មេងស្រី ដើម្បី​សិក្សា ចែករំលែក បង្កើត និង​ដឹកនាំ​។​


 
​យុវតី សារិទ្ធ តំណាង​ក្លឹប​កុមារី​អ្នកដឹកនាំ​នៅ​ខេត្ដ​សៀមរាប​បាន​បង្ហាញថា គម្រោង​នេះ ពិតជា​ល្អ ព្រោះ​បានផ្ដល់​ឱកាស​ដល់​កុមារី ឲ្យ​មាន​ភាពក្លាហាន ក្នុងការ​ចូលរួម​ដឹកនាំ​នៅក្នុង​សហគម និង​ប្រទេសជាតិ ដែល​ផ្ទុយ​ពី​ចាស់​បុរាណ​តែងតែ​លើកឡើងថា ស្ដ្រី​បង្វិល​ច​ង្ក្រា​ន្ដ​មិន​ជុំ ។​
 
​យុវតី​វ័យ​១៧​ឆ្នាំ​រូបនេះ​បាន​បន្ដថា​៖«​គម្រោង​នេះ បាន​ជួយ​ឲ្យ​កុមារី​អាច​អភិវឌ្ឍ​ខ្លួនឯង ធ្វើ​ឲ្យ​កុមារី​ដឹងថា ខ្លួនឯង​ខ្លាំង​មិន​ចាញ់​បុរស​នោះទេ និង​មាន​សមត្ថភាព និង​សិទ្ធិ​ស្មើគ្នា​ជាមួយ​កុមា​រ៉ា​ដែរ​។ អ៊ីចឹង​តាមរយៈ​គម្រោង​នេះ បានធ្វើ​ឲ្យ​កុមារី​មាន​ភាពក្លាហាន មិន​ឲ្យ​កុមារី មាន​ភាពភ័យខ្លាច​ដូច​កាលពីមុន និង​ធ្វើ​ឲ្យ​កុមារី​ហាន​ចូលរួម​ចំពោះ​កិច្ចការងារ​ផ្សេងៗ​នៅក្នុង​សង្គម​ថែមទៀត​»​។​


 
​លោក យេន យេ​ប ក្លែ​ន​រេ​ន​ស៊ី​ង្គ បាន​បញ្ជាក់ថា​៖«​ការ​រៀបការ​វ័យក្មេង​នៅតែមាន​បន្ត​កើតឡើង ជាពិសេស​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដូចជា ខេត្តរតនគិរី​។ អំពើហិង្សា​ក្នុង​គ្រួសារ កង្វះ​លទ្ធភាព​ចិញ្ចឹម​បីបាច់​កូន សុខភាព​ទន់ខ្សោយ និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ទាំង​ម្តាយ និង​កុមារ កើតមាន​ជាទូទៅ​ក្នុងចំណោម​ប្តី​ប្រពន្ធ​វ័យក្មេង​»​។​
 
​ផ្អែក​តាម​បទពិសោធន៍​ការងារ​អភិវឌ្ឍន៍​តាម​សហគមន៍​ជាង ៨០​ឆ្នាំ ក្នុងប្រទេស​ជាង ៧០ ទូទាំង​ពិភពលោក អង្គការ​ភ្លែ​ន​អន្តរជាតិ​បាន​បញ្ជាក់ថា កម្ពុជា​មិនមែនជា​ប្រទេស​តែមួយគត់​ទេ ដែល​កំពុង​ប្រឈម​នឹង​ការលំបាក​ទាំងនេះ​។​
 

​គួរ​បញ្ជាក់ថា អង្គការ​ភ្លែ​ន​អន្តរជាតិ ត្រូវបាន​បង្កើតឡើងរ​យៈ​ពេល ៧៥ ឆ្នាំ​មកហើយ (​ឆ្នាំ ១៩៣៧) និង​ជា​អង្គការ​ដ៏​ចំណាស់ និង​ធំជាងគេ ដែល​ផ្តោតលើ​ការអភិវឌ្ឍ​សហគមន៍​ដែល​យកចិត្តទុកដាក់​លើ​កុមារ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង ៧០ ប្រទេស​ទូទាំង​ពិភពលោក​។ 
 
​អង្គការ​ភ្លែ​ន​អន្តរជាតិ​កំពុងធ្វើការ​ជាមួយ​សហគមន៍​ជាង ៥៨.០០០ ទូទាំង​សកលលោក និង​គ្របដណ្តប់​លើ​កុមារ​ជាង ៥៦ លាន​នាក់​។ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០០២ ដែល​យកចិត្តទុកដាក់​លើ​ផលប្រយោជន៍​ល្អ​បំផុត​របស់​កុមារ និង​បានផ្តល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​កុមារ​ជាង ៦០០.០០០ នាក់ និង​ប្រជាជន​ជិត ៨០.០០០ គ្រួសារ​នៅ​កម្ពុជា​។ 
 

 
​ក្រៅពី​ប្រតិ​បត្ដ​ការ គម្រោង​លើ​ខេត្ដ​ចំនួន ៤ មាន​សៀមរាប ត្បូងឃ្មុំ រតនគីរី និង​ស្ទឹងត្រែង ដែល​កំពុងផ្ដល់​ការ​ទំនុកបម្រុង បច្ចុប្បន្ន អង្គការ​ភ្លែ​ន បាន​ប្រតិបត្តិការ​របស់ គ្របដណ្តប់​លើ ខេត្ត​-​រាជធានី ១៧ ក្នុងចំណោម ខេត្ត​-​រាជធានី ទាំង ២៥ នៅ​កម្ពុជា តាមរយៈ កម្មវិធី មិនមែនជា​ខេត្ដ​យុទ្ធសាស្ដ្រ ដោយ​ផ្ដោតទៅលើ អនាម័យ និង​ទឹកស្អាត នៅតាម​សហគមន៍​៕
 

Tag:
 អង្គការ​ភ្លែ​ន​
  យេនឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com