ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
កម្ពុជា​ខាតបង់​ប្រាក់​៣៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
17, Sep 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាច​ណ៍​បានធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកប្រាក់​ប្រហែល​៣៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា កត្តា​ដែល​នាំឱ្យមាន​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ ដោយសារ​ការធ្វើ​ចរាច​រលាយ​ឡំ​គ្នា​រវាង​រថយន្ត​ដឹកទំនិញ រថយន្ត​និង​ម៉ូតូ​ទាំងឡាយ​នៅលើ​ដងផ្លូវ​ជែង​គ្នា ។ លោក​បន្ត​ដូច្នេះ​ថា​៖« អ្នកបើកបរ​ម៉ូតូ​ដោយ​គ្មាន​ពាក់មួក​សុវត្ថិភាព និង​រវល់​កិច្ចការ​ច្រើន​ក្នុងពេល​កំពុង​បើកបរ​នេះ​បណ្តាលឱ្យ​អ្នកបើកបរ បាត់បង់​ការប្រុងប្រយ័ត្ន​ចំពោះ​ការបើកបរ​របស់ខ្លួន និង​មានការ​ធ្វេសប្រហែស​ចំពោះ​សកម្មភាព​នៅតាម​ដងផ្លូវ​»​។​
 
​លោក ស៊ុន ចាន់ថុល បាន​បន្ថែមថា ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង មធ្យម បាន​ខាតបង់​ថវិកា​ពី​៣​ទៅ​៥​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​របស់ខ្លួន ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​ការអះអាង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​រូបនេះ ធ្វើឡើង​ក្រោយ​ជំនួប​ជាមួយ​លោកស្រី Tan Le នាយក​ប្រតិ​ប​តិ្ត EMOTIV និង​ជា​អ្នកដឹកនាំ​សាកល​វ័យក្មេង​របស់​WEF ក្រោម​ប្រធានបទ​៖ «​ការតម្រង់ទិស​អាស៊ាន​ឆ្ពោះទៅកាន់​ដងផ្លូវ​កាន់តែ​មាន សុវត្ថិភាព​ជាង​មុន​» ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​ឆ្នាំ​២០១៨​។ 
 
​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ គឺ​ត្រូវ​អប់រំ​អ្នកបើកបរ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​នគរបាល​ចរាចរណ៍​ត្រូវអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ ស៊ុន ចាន់ថុល​។​
 
​របាយការណ៍ ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៣.៥៣១​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១.៧៨០​នាក់ និង​របួស​ចំនួន ៥.៥៣៩​នាក់​។ 
 
​បើ​យោងតាម​របាយការណ៍រ​បស់​សមាគម​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​តាម​ដងផ្លូវ​អន្តរជាតិ (association safe international road travel) មនុស្ស​ជិត ១,៣ លាន​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ឆ្នាំ​ក្នុង​ពិភពលោក និង​ជា​មធ្យម​មាន​មនុស្ស​ប្រមាណ ៣, ២៨៧ នាក់​ស្លាប់​ក្នុង​មួយថ្ងៃ​៕

Tag:
 ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com