អន្តរជាតិ
អាមេរិក​ថា រុស្ស៊ី​ប្រុង​ជ្រៀតជ្រែក​ប្រជាមតិ​នៅ​ម៉ា​សេ​ដ្វា​ន​
17, Sep 2018 , 5:13 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស (រូបភាព AFP)
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស (រូបភាព AFP)
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស នៅ​ថ្ងៃទី​១៧ ខែកញ្ញា បាន​ចោទ​រុស្ស៊ី​ថា កំពុង​ជ្រៀតជ្រែក​គម្រោង​ប្រជាមតិ​នៅ​ម៉ា​សេ​ដ្វា​ន​ដើម្បី​ប្ដូរ​ឈ្មោះ​ប្រទេស តាមរយៈ​ការចែករំលែក​ព័ត៌មាន​មិន​ពិត​។ ការប្ដូរឈ្មោះ​ប្រទេស​នេះ នឹង​បើកផ្លូវ​ឲ្យ​រដ្ឋ​មួយ​នេះ​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​យោធា​ណា​តូ​។ បើតាម​លោក ម៉ា​ធី​ស ក្រុង​មូ​ស្គូ​មិន​សប្បាយ​ចិត្តនឹង​ប្រជាមតិ​នេះឡើយ​ព្រោះ​ធ្វើ​ឲ្យ​បាត់​ឥទ្ធិពល​ខ្លួន ទើប​រៀប​ផែនការ​កកូរកកាយ​ផ្ទៃក្នុង​ម៉ា​សេ​ដ្វា​ន​តែម្ដង​។​

 
​គ្មាន​អ្វីដែល​ត្រូវ​សង្ស័យ​ឡើយ​ដែល​រុស្ស៊ី​កំពុង​ឲ្យ​លុយ​ក្រុមគាំទ្រ​ខ្លួន​ដើម្បី​ជះឥទ្ធិពល​ដល់​ប្រជាមតិ​ប្ដូរ​ឈ្មោះ​ប្រទេស​នៅ​ម៉ា​សេ​ដ្វា​ន​នោះ​។ នេះ​ជា​សម្ដី​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ក្នុង​ដំណើរ​ទៅកាន់​រដ្ឋធានី​ស្កុប​ជេ ទឹកដី​ម៉ា​សេ​ដ្វា​ន​។ លោក ម៉ា​ធី​ស ចោទ​រុស្ស៊ី​ថា កំពុង​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ សំដៅ​លូកលាន់​ប្រជាមតិ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​។​
 
​ប្រជាមតិ​នៅ​ម៉ា​សេ​ដ្វា​ន ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ស្កុប​ជេ បាន​ឯកភាព​ជាមួយ​រដ្ឋាភិបាល​ក្រិ​ក​ដើម្បី​ប្ដូរ​ឈ្មោះ​ទៅជា​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន​ខាងជើង​វិញ​។ កិច្ចព្រមព្រៀង​ខែមិថុនា ក៏​នឹង​បញ្ចប់​ជម្លោះ​រវាង​ប្រទេសជិតខាង​ទាំងពីរ​នេះ ដែល​ធ្លាប់តែ​មិនត្រូវ​គ្នា​ព្រោះ​ម៉ា​សេ​ដ្វា​ន​មានឈ្មោះ​ដូច​តំបន់​មួយ​របស់​ក្រិ​ក​។ 
 
​យ៉ាងណាមិញ គម្រោង​ប្ដូរ​ឈ្មោះ​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​សប្បាយចិត្ត​ឡើយ ហើយ​ដែល​លោក ម៉ា​ធី​ស ជឿថា ជា​មូល​ហេតុដែល​នាំ​ឲ្យ​ក្រុង​មូ​ស្គូ​លូកដៃ​ចូល​រឿងនេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​និយាយថា អាមេរិក​មិន​ចង់ឃើញ​រុស្ស៊ី​ធ្វើ​សកម្មភាព​ដូចដែល​ធ្លាប់ធ្វើ​នៅ​ប្រទេស​ផ្សេង​ឡើយ​។ លោក​ទម្លាយ​ថា រុស្ស៊ី​បាន​ផ្ទេរ​លុយ​ទៅ​ឲ្យ​អង្គ​ការដែល​គាំទ្រ​ខ្លួន​នៅ​ម៉ា​សេ​ដ្វា​ន និង​កំពុង​ធ្វើ​យុទ្ធនាការ​កកូរកកាយ​ទ្រង់ទ្រាយ​ធំ​ផង​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​រុស្ស៊ី​ទទួលរង​ការ​ចោទថា លូកលាន់​ការប្ដូរឈ្មោះ​ប្រទេស​នោះ​។ កាលពី​ខែកក្កដា ក្រុង​អាថែន​បាន​បណ្ដេញ​មន្ត្រីការទូត​រុស្ស៊ី​ពីរ​នាក់ និង​ហាម​មន្ត្រី​ពីរ​នា​ក់ទៀតចូល​ទឹកដី​ខ្លួន ដោយ​ចោទថា ព្យាយាម​សូកប៉ាន់​មន្ត្រី​ក្រិ​ក និង​ជំរុញ​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​កិច្ចព្រមព្រៀង​រវាង​ម៉ា​សេ​ដ្វា​ន និង​ក្រិ​ក​។ 
 
​តាមពិតទៅ ក្រុង​ស្កុប​ជេ​សម្លឹង​ឃើញ​ការប្ដូរឈ្មោះ​នេះ ដើម្បី​ឈានទៅ​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​យោធា​ណា​តូ​។ អង្គការ​តំបន់​ទាំងពីរ​នេះ​ក៏បាន​និយាយ​រួចហើយ​ដែរ​ថា ម៉ា​សេ​ដ្វា​ន​អាច​ចាប់ផ្ដើម​ដំណើរការ​ជា​សមាជិកភាព ប្រសិនបើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រិ​ក​ត្រូវបាន​អនុវត្ត​។ បើ​ម៉ា​សេ​ដ្វា​ន​ក្លាយជា​សមាជិក​អឺរ៉ុប ឬ​ណា​តូ​មែន​នោះ រុស្ស៊ី​នឹង​បាត់បង់​ឥទ្ធិពល​ខ្លួន ដែល​នេះ​ទំនងជា​ហេតុផល​ដែល​មូ​ស្គូ​អាចធ្វើ​សកម្មភាព​ដូច​លោក ម៉ា​ធី​ស​ចោទ​មែន​៕
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  ម៉ា​សេ​ដ្វា​ន
© រក្សាសិទ្ធិដោយ thmeythmey.com