រថយន្ត
អន្តរជាតិ
រថយន្ត​ពីងពាង WINCAR e-Spider អាច​បើក​បរបាន​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​
17, Sep 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រោម​ការច្នៃប្រឌិត​រប​ស់លោក Pascal Rambaud ស្ថាបនិក​ក្រុមហ៊ុន​វិស្វកម្ម​បារាំង Mecanroc រថយន្ត​ខ្នាតតូច SWINCAR e-Spider ឬ​រថយន្ត​ពីងពាង ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នក​ស្រឡាញ់​រថយន្ត ជាពិសេស​អ្នក​ដែល​ចូលចិត្ត​បច្ចេកវិទ្យា​ទំនើបៗ ពីព្រោះ​គេ​អាច​បើក​បរវា​បាន​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​។​

 
WINCAR e-Spider ដែលជា​ប្រភេទ​រថយន្ត​អគ្គិសនី ត្រូវបាន​ច្នៃ​ឡើង​ដោយមាន​រូបរាង​ដូចជា​សត្វ​ពីងពាង​។ ជា​ប្រភេទ​រថយន្ត​ខ្នាតតូច ដែលមាន​កង់​៤ SWINCAR e-Spider បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ។​
 
​លក្ខណៈពិសេស​របស់រ​ថ​យន្ត​ពីងពាង​នេះ គឺអាច​បើកបរ​បាន​នៅលើ​ជម្រាល​ផ្លូវ​៧០​ភាគរយ​។ កង់​នីមួយៗ មាន​ម៉ូ​ទ័​រ​អគ្គិសនី​រៀងៗ​ខ្លួន ដែល​អាច​ឲ្យ​បញ្ជា​រថយន្ត អាច​បត់បែន​បាន​ទៅតាម​កាលៈទេសៈ​ផ្លូវថ្នល់​។ រថយន្ត​នេះ ផលិត​ចេញពី​អាលុយមីញ៉ូម ដែល​បាន​ប្រវែង​១,៣​ម៉ែត្រ ទម្ងន់​១៥០​គីឡូក្រាម និង​អាច​បើកបរ​បាន​ក្នុង​ល្បឿន​ពី​៣០​ទៅ​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​


 
​លោក Thierry Jammes តំណាង​ក្រុមហ៊ុន Mecanroc បាន​លើកឡើងថា ផលិតផល​របស់ខ្លួន​ក៏​នឹង​ក្លាយជា​ជម្រើស​របស់​អ្នកបើកបរ​ដែល​មានប​ញ្ហា​កាយសម្បទារ​ផងដែរ​។ ជាមួយគ្នានេះ Swincar អាច​ប្រើប្រាស់​បាន​សម្រាប់​ការងារ​ជាច្រើន ដែល​ក្នុងនោះ​មានដំណើរ​កម្សាន្ត ក៏ដូចជា​ការប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ផងដែរ​។​
 
​បច្ចុប្បន្ន​រថយន្ត​នេះ មាន​៣​ម៉ូ​ដែល​ក្នុងនោះ​រួមមាន​៖
១.  SWINCAR e-Spider ដែលជា​ម៉ូ​ដែល​អគ្គិសនី​គំរូ ១០០​ភាគរយ​៖
 
 
២. SWINCAR e-Spider Tandem ដែល​អាច​ផ្ទុក​មនុស្ស​បាន​ពីរ​នាក់​៖
 
 
៣.  SWINCAR e-Spider Mobility ដែល​រចនា​ជាពិសេស​សម្រាប់​អ្នក​ដែលមាន​បញ្ហា​កាយសម្បទា​៖
 
 
​រថយន្ត​ដែល​ច្នៃប្រឌិត​ដ៏​ចំឡែក​បែបនេះ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រង្វង់​១៥០០០​ដុល្លារ​អាមេរិក នៅក្នុង​ទីផ្សារ​ប្រទេស​បារាំង​។ ក្រុមហ៊ុន Mecanroc ក៏មាន​សេវា​កម្មជួល​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com