កីឡាជាតិ
ជាតិ
លីគកំពូល៖ Bisan George និង Jean Marie Privat រកបានម្នាក់ៗ២២គ្រាប់ហើយ កីឡាករ Bisan George និង Privat (ពីឆ្វេងទៅស្តាំ), រូបភាពពីហ្វេសប៊ុក CNCC
× នៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ នឹងរកឃើញម្ចាស់ជើងឯកនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ ពានរង្វាន់លក្ខណៈឯកជនជាច្រើន រួមមានពានអ្នករកគ្រាប់បាល់បានច្រើនជាងគេ(Top Scorer)ជាដើម ក៏នឹងរកឃើញម្ចាស់ជ័យលាភីរបស់ខ្លួនផងដែរ ខណៈបច្ចុប្បន្នតំណែងមួយនេះកំពុងមានការប្រកួតប្រជែងខ្លាំង។
ក្រោយរួមចំណែកជួយក្រុមយកឈ្នះគូប្រកួតរៀងៗខ្លួន សម្រាប់ការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី២០កាលពីសប្តាហ៍មុន កីឡាករ Bisan George និងកីឡាករ Befolo Mbarga Jean Marie Privat កំពុងក្តោបក្តាប់កំពូលតារាង Top Scorer រួមគ្នាជាមួយគ្រាប់បាល់២២គ្រាប់។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរ ត្រូវបានគេរំពឹងថា នឹងក្លាយជាម្ចាស់ស្បែកជើងមាសនៅឆ្នាំនេះ។
នាជំនួបណាហ្គាវើលយកឈ្នះក្រសួងការពារជាតិ ២-០ នៅកីឡដ្ឋានស្តាតចាស់កាលពីថ្ងៃសៅរ៍ទី១៥ ខែកញ្ញា កីឡាករកូរ៉េខាងត្បូង Sung Chihoon ជាអ្នករកគ្រាប់បាល់នាំមុខ ១-០ មុនខ្សែប្រយុទ្ធនីហ្សេរីយ៉ា Bisan George សម្រេចបាន១គ្រាប់បន្ថែម ដែលគ្រាប់ជ័យជម្នះ។ ជ័យជម្នះនេះ ជួយឲ្យណាហ្គាវើលបន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន៥០ពិន្ទុ។
ការប្រកួតនៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃអាទិត្យ ក្រុមអាស៊ីអឺរ៉ុបបានវាយបកយកឈ្នះភ្នំពេញក្រោនក្នុងលទ្ធផល ៣-២។ គ្រាប់បាល់ជ័យជម្នះនេះ ពីរគ្រាប់សម្រេចបានដោយខ្សែប្រយុទ្ធកាមេរូន Befolo Mbarga Jean Marie Privat និង១គ្រាប់ដោយកីឡាករ George Kelechi Stanley ខណៈពីរគ្រាប់របស់ភ្នំពេញក្រោនរកបានដោយ Teixeira Junior Valci។
សម្រាប់ការប្រកួតពានរង្វាន់ក្របខណ្ឌខេមបូឌានលីគឆ្នាំ២០១៧ ពានស្បែកជើងមាសបានទៅលើកីឡាករ Atuheire Kipson របស់ក្លិបណាហ្គាវើល ក្រោយរកបាន២៨គ្រាប់៕
Tag:
Cambodian League 2018
Top Scorer
Bisan George
© រក្សាសិទ្ធិដោយ thmeythmey.com