អន្តរជាតិ
អ្នកជំនួញ​អាមេរិក​ប្រាប់​ព្រឹទ្ធសភា​អាមេរិក​ឲ្យ​ប្រយ័ត្នប្រយែង ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា​
18, Sep 2018 , 3:09 pm        
រូបភាព
លោក Allen Dodgson Tan ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​
លោក Allen Dodgson Tan ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​
ដោយ: ថ្មីៗ
​ក្រុម​វិនិយោគិន​អាមេរិក​ដែល​បោះទុន​នៅ​កម្ពុជា​បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា ដើម្បី​រំ​ឮ​ក​សមាជិក​ព្រឹទ្ធសភា​ទាំងនោះ​ឲ្យ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន នៅពេលដែល​ពួកគេ​ត្រូវ​ពិភាក្សា​អំពី​ការដាក់ទណ្ឌកម្ម​មកលើ​កម្ពុជា​។​


​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា (AMCham Cambodia) ចង់​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្តាប់ឮ​យោបល់​របស់​សហគមន៍​ពាណិជ្ជករ​អាមេរិក​ដែល​កំពុង​ធ្វើ​ជំនួញ​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​នៅពេលដែល​ព្រឹទ្ធសភា​អាមេរិក​ត្រូវ​ពិភាក្សា​លើ​ការស្នើ​ដាក់ទណ្ឌកម្ម​មកលើ​កម្ពុ​ជា​។​
 
​នៅក្នុង​ខែកក្កដា​កន្លងទៅ ពោលគឺ​នៅមុន​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​របស់​កម្ពុជា សភា​ជាន់​ទាប​របស់​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់ទណ្ឌកម្ម​ម​កលើ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុ​ជា​ផងដែរ​។ ច្បាប់​នេះ​កំពុងស្ថិត​នៅក្នុង​នីតិវិធី​ដែល​ត្រូវ​បញ្ជូនទៅ​ព្រឹទ្ធសភា​អាមេរិក មុននឹង​រង់ចាំ​សេច​ក្តី​សម្រេច​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៀត​។​
 
​លិខិត​ដែល​ត្រូវបាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ទាំង​៩​រូប​បាន​សរសេរ​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា​៖«​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​នៅ​បន្តធ្វើ​ការងារ និង​ភាពជា​ដៃគូ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន​។ AmCham កម្ពុជា​ជឿជាក់ថា​យន្តការ​នេះ​នឹង​ផ្តល់​ឲ្យ​មាន​លទ្ធផល​យូរអង្វែង​ខ្លាំង​ជាង​យន្តការ​នៃ​ការដាក់ទណ្ឌកម្ម​»​។​
 
​លិខិត​ដដែល​នេះ​ក៏បាន​ស្រង់​ប្រសាសន៍​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ដែរ​គឺ​លោក Allen Dodgson Tan ដែល​បន្ថែមថា ធុរកិច្ច​របស់​ក្រុមហ៊ុន​អាមេរិក​បាន​បង្កើត​ឲ្យ​មាន​ភាពជា​គំរូ​នៃ​ការទទួលខុសត្រូវ​ផ្នែក​សង្គម ផ្នែក​បរិស្ថាន និង​ការយកចិត្តទុកដាក់​ចំពោះ​បុគ្គលិក​នៅ​កម្ពុជា​។​ 
​លោក Allen Dodgson Tan បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យុវជន​កម្ពុជា​បានផ្តល់​តម្លៃ​ដល់​ផលិតផល​(​ម៉ាក​) របស់​អាមេរិក ពេញចិត្ត​នឹង​ឱកាស​នៃ​ការធ្វើការងារ និង​រៀនសូត្រ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​កសាង​ទំនាក់ទំនង​យូរអង្វែង​រវាង​ប្រជាជន​យើង​ទាំងពីរ យើង​ត្រូវ​បន្ត​គោលនយោបាយ​ដែល​អនុញ្ញាត​ឲ្យ​ថែរក្សា​ភាពជា​ដៃគូ​សម្រាប់​អនាគត​របស់​កម្ពុជា​»​។​
 
​គួរ​បញ្ជាក់ថា សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុ​ជាមាន​សមាជិក​ជាង​១៣០​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​៕
 
​ 

Tag:
 AmCham
  Allen Dodgson Tan
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com