អន្តរជាតិ
ជំនួបអន្តរកូរ៉េលើកទីបី៖ លោក មូន សង្ឃឹមថាគម្រោងរំសាយនុយក្លេអ៊ែរលែងជាប់គាំង ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ដែលឈរអមដោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លើកដៃស្វាគមន៍ប្រជាជនកូរ៉េខាងជើង។ (រូបភាព AFP)
× ជំនួបមេដឹកនាំអន្តរកូរ៉េ បានចាប់ផ្ដើមហើយនៅថ្ងៃទី១៨ ខែកញ្ញានៅឯកូរ៉េខាងជើង។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅឯទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សពលករក្នុងរដ្ឋធានីព្យុងយ៉ាង ដោយមានសំណុំរឿងនុយក្លេអ៊ែរដែលកំពុងជាប់គាំងជាប្រធានបទសំខាន់។ លោក មូន ត្រូវបានរំពឹងថា នឹងពន្យល់លោក គីម ឲ្យបន្តប្ដេជ្ញាចិត្តក្នុងការរំសាយនុយក្លេអ៊ែរ។
ប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានចាប់ផ្ដើមការចរចាជុំទីមួយរបស់ខ្លួននៅថ្ងៃទី១៨ ខែកញ្ញា។ នេះជាជំនួបទល់មុខលើកទី៣ រវាងលោក គីម និងលោក មូន ក្នុងរយៈពេល៦ខែកន្លងមកនេះ។ គេរំពឹងថា លោក មូន នឹងប្រើជំនួបនេះដើម្បីជំរុញការចាប់ផ្ដើមឡើងវិញការចរចារវាងកូរ៉េខាងជើង និងអាមេរិក ស្ដីពីការរំសាយនុយក្លេអ៊ែរ ដែលទៅមុខមិនរួច។
ជំនួបចរចារវាងលោក គីម និងលោក មូន រៀបចំឡើងនៅឯការិយាល័យធ្វើការរបស់លោក គីម ក្នុងទីស្នាក់ការគណៈកម្មការមជ្ឈិមនៃបក្សពលករកូរ៉េ។ បើតាមមន្ត្រីកូរ៉េខាងត្បូង នេះជាលើកទីមួយហើយដែលលោក គីម ទទួលជួបមេដឹកនាំបរទេសនៅទីនោះ ដែលត្រូវបានចាត់ទុកជាទីតាំងមានការយាមកាមតឹងរ៉ឹងបំផុត។ នេះមានន័យថា មេដឹកនាំកូរ៉េខាងជើងឲ្យតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចប្រធានាធិបតីកូរ៉េខាងត្បូង។
មុនជំនួបទល់មុខជាមួយលោក គីម លោក មូន បានបង្ហាញក្ដីសង្ឃឹមលើការចរចាលើកនេះ ជាពិសេសទំនាក់ទំនងកូរ៉េខាងជើង និងអាមេរិកតែម្ដង។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានដើរតួនាទីជាសន្ធានការីរវាងលោក គីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រហូតដល់មានការឯកភាពគ្នារំសាយនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។ ប៉ុន្តែអាមេរិក និងកូរ៉េខាងជើងបែរជាមិនត្រូវគ្នាលើដំណើរការលុបបមបាត់អាវុធនេះទៅវិញ។
លោក មូន មានក្ដីសង្ឃឹមខ្ពស់ ក៏ព្រោះតែលោករីករាយនឹងការទទួលស្វាគមន៍រូបលោកពីសំណាក់ប្រជាជនកូរ៉េខាងជើង។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក មូន បាននិយាយពេលទៅដល់ផ្ទះសំណាក់រដ្ឋ Paekhwawon ថា បេះដូងរបស់លោកពិតជារំភើបមែនទែនពេលឃើញប្រជាជនក្រុងព្យុងយ៉ាងទទួលលោករាក់ទាក់បែបនោះ។ លោក គីម ក៏ឆ្លើយទៅលោក មូន វិញ ជាមួយការបង្ហាញឆន្ទៈជំរុញល្បឿនបង្កើតសន្តិភាព និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ។
អ្វីគួរឲ្យចាប់អារម្មណ៍ មេដឹកនាំកូរ៉េខាងជើង បានសុំទោសប្រធានាធិបតីកូរ៉េខាងត្បូងចំពោះទីកន្លែងស្នាក់នៅដែលចាស់បន្តិច។ លោក គីម ក៏បានសុំឲ្យលោក មូន ទទួលយកបដិសណ្ឋារកិច្ចដែលបានផ្ដល់ជូន ព្រោះនេះជាអ្វីដែលកូរ៉េខាងជើងមាន។
តាមគម្រោង មេដឹកនាំកូរ៉េទាំងពីរ នឹងជួបចរចាម្ដងទៀតនៅថ្ងៃទី១៩ ខែកញ្ញា មុននឹងលោក មូន ត្រឡប់ទៅកាន់កូរ៉េខាងត្បូងវិញនៅថ្ងៃទី២០ ខែកញ្ញា។ ឯលទ្ធផលកិច្ចប្រជុំវិញ លោក គីម និងលោក មូន អាចមានមុខក្នុងសន្និសីទសារព័ត៌មានរួមគ្នា បើមានការចរចាមានផ្លែផ្កាល្អ ខណៈលោក មូន ក៏មានគម្រោងចូលរួមសន្និសីទដោយឡែកស្ដីពីដំណើរទស្សនកិច្ចលើកដំបូងនៅកូរ៉េខាងជើងនៅមជ្ឈមណ្ឌលព័ត៌មានទីក្រុងសេអ៊ូល៕
Tag:
InterKoreanSummit
មូន ចេអ៊ីន
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com