ជាតិ
សង្គមជាតិ
មន្ត្រីវៀតណាម៖ គ្មានករណីនាំចេញជ្រូកងាប់ពីវៀតណាម មកកាន់ទីផ្សារកម្ពុជាឡើយ
× ភ្នំពេញ៖ ក្រោយពីបណ្ដាញសង្គមជាច្រើន បានចែករំលែកព័ត៌មានតគ្នា អំពីករណីជ្រូកងាប់នៅប្រទេសវៀតណាមដោយសារទឹកជំនន់ លេខាទី២ នៃការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា លោក TRAN LAM TUNG បានអះអាងថា នេះមិនមែនជាករណីពិតឡើយ។ លោកបញ្ជាក់ថា រូបភាពនិងវីដេអូដែលបានចែករំលែកតគ្នានោះ ជាព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីឆ្នាំ២០១៧ ប៉ុណ្ណោះ។
មិនមានករណីនាំចេញជ្រូកងាប់ពីវៀតណាម មកកាន់ទីផ្សារប្រទេសកម្ពុជា ដូចការលើកឡើងក្នុងបណ្ដាយសង្គមនោះទេ។ នេះបើតាមការបញ្ជាក់ពីលោក TRAN LAM TUNG លេខាទី២ នៃការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា ដែលប្រាប់សារព័ត៌មានថ្មីៗ តាមអ៊ីមែល។ ។ លោក បន្តថា រូបភាព និងវីដេអូ ដែលបានចែកចាយនៅក្នុងបណ្ដាញសង្គមជាច្រើននោះ គឺជាករណីទឹកជំនន់ កាលពីឆ្នាំ២០១៧ នៅក្នុងខេត្ត Thanh Hoa ប្រទេសវៀតណាម។
តាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគវៀតណាមរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ប្រទេសវៀតណាមពិតជាមានករណីទឹកជំនន់ពិតមែន។ តែទឹកជំនន់បានកើតឡើងនៅភាគខាងជើង និងកណ្ដាលប្រទេសវៀតណាមប៉ុណ្ណោះ។ ករណីនេះ បានបណ្ដាលឲ្យមានសត្វងាប់ចំនួន ៥,៥២២ក្បាល ដែលមានដូចជា សត្វជ្រូក មាន់ ទា ជាដើម។
ដោយឡែកភាគខាងត្បូង នៃប្រទេសវៀតណាម ដែលជាកន្លែងមានកសិដ្ឋានចញ្ចឹមជ្រូកធំជាងគេរបស់វៀតណាម និងសម្រាប់នាំចេញទៅក្រៅប្រទេស គឺមិនបានរងផលប៉ះពាល់ដោយសារទឹកជំនន់នោះឡើយ។
លោក TRAN LAM TUNG បញ្ជាក់យ៉ាងដូច្នេះថា៖«រដ្ឋាភិបាលវៀតណាម បានណែនាំដល់ប្រជាពលរដ្ឋ និងបានបំផ្លាញចោលនៅកាកសំណល់សត្វទាំងនេះ ដើម្បីការពារបរិស្ថាន ដូច្នេះមិនមានជ្រូកងាប់លក់ចេញទៅទីផ្សារទេ»។
មន្ត្រីវៀតណាមខាងលើ បានអះអាងថា រដ្ឋាភិបាលវៀតណាម កំពុងតែបន្តតាមដានយ៉ាងលម្អិត អំពីគុណភាពចំណីអាហារដែលនាំចូលមកកម្ពុជា៕
Tag:
សង្គម
ទឹកជំនន់
កម្ពុជា
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com