អន្តរជាតិ
ត្រាំ ដំឡើង​ពន្ធ​ប្រឆាំង​ទំនិញ​ចិន ២០០​ពាន់​លាន​ដុល្លារ​ទៀត និង​គំរាម​ដាក់​បន្ថែម បើ​ចិន​ហ៊ាន​សងសឹក​
18, Sep 2018 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដំឡើង​ពន្ធ​ជំហាន​ទី​ពីរ​ដែល​ដាក់​លើ​ទំនិញ​របស់​ចិន​មាន​ទំហំ​ប្រហែល ២០០​ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​ឆេះ​កាន់តែ​សន្ធោសន្ធៅ​ឡើងទៀត​។ មេដឹកនាំ​រូបនេះ​គំរាម​ទៀតថា បើ​ចិន​ហ៊ាន​តបត ខ្លួន​នឹងដាក់​ដំឡើង​ពន្ធ​ជំហាន​ទី​បី​ទៀត​ភ្លាមៗ​ដែរ​។​


 
​ដូច​ការរំពឹងទុក​មែ​ន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ និង​ទី​ពីរ​ឆាបឆេះ​កាន់តែខ្លាំង​ថែមទៀត​នៅ​សប្តាហ៍​នេះ ជាមួយនឹង​ការប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​មាន​ទំហំ ២០០​ពាន់​លាន​ដុល្លារ​ទៀត​។​
 
​ពេល​ប្រកាស​ដំឡើង​ពន្ធ​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន បញ្ជាក់ថា វិធាន​ការដែល​ដាក់ចេញ​នេះ​ជា​ជំហាន​ទី​ពីរ ហើយ​វា​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ ២៤ ខែកញ្ញា​ឆ្នាំ ២០១៨​ខាងមុខ​។ លោក​បន្ថែមថា វា​ចាប់ផ្តើម​ដោយ​ការដំឡើង​ពន្ធ ១០​ភាគរយ​រហូតដល់​ដំណាច់ឆ្នាំ ២០១៨​នេះ​។ ចាប់ពី​ដើមឆ្នាំ​ក្រោយ កម្រិត​ពន្ធ​ដែល​ដាក់ចេញ​នោះ​នឹង​ឡើ​ងដល់ ២៥​ភាគរយ​។ 
 
​លោក ត្រាំ បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដូច្នេះ​៖« ខ្ញុំ​បាន​បញ្ជា​ឲ្យ​មន្ត្រី​តំណាង​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​ចាប់ផ្តើម​ដំណើរការ​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​ដែលមាន​ទំហំ ២០០​ពាន់​លាន​ដុល្លារ​ត្រឹម​កម្រិត ១០​ភាគរយ​។ ចាប់ពី​ថ្ងៃ ១ ខែមករា​ឆ្នាំ ២០១៩​កម្រិត​ពន្ធ​ទាំងនោះ​នឹង​កើន​ឡើងដល់ ២៥​ភាគរយ​»​។​
 
​លោក ត្រាំ ពន្យល់ថា អ្វីដែល​លោក​កំពុង​ធ្វើជា​វិធានការ​ទប់ទល់​នឹង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​បំពាន​ប្រយោជន៍​អាមេរិក​។ ក្នុងនាម​លោក​ជា​ប្រធានាធិបតី តួនាទី​សំខាន់បំផុត​របស់លោក​គឺ ការពារ​ប្រយោជន៍​របស់​ប្រជាជន កសិករ កម្មករ អ្នកជំនួញ និង​ប្រទេសជាតិ​ទាំងមូល​។ ដូច្នេះហើយ វា​គ្មាន​ហេតុផល​ណាមួយ​ដែល​រដ្ឋបាល​លោក ត្រាំ នៅ​ស្ងៀម​ទុក​ឲ្យ​គេ​កេងប្រវ័ញ្ច ឬ បំពាន​លើ​ប្រយោជន៍​ដោយ​ស្រួលៗ​ឡើយ​។ 
 
 លោក ត្រាំ ក៏​កត់សម្គាល់​ផងដែរ​ថា រដ្ឋាភិបាល​ចិន​គ្មាន​ឆន្ទៈ​ក្នុង​ការប្តូរ​ឥរិយាបថ និង​ការអនុវត្ត​កន្លងមក​ដែល​មិន​ស្មោះត្រង់​និង​ប៉ះពាល់​ប្រយោជន៍​អាមេរិក​ឡើយ​។ ផ្ទុយទៅវិញ ចិន​បែ​ជា​បន្ត​ដាក់ចេញ​វិធានការ​ដំឡើង​ពន្ធ​តបត​នឹង​អាមេរិក​ទៅវិញ ក្រោយ​លោក ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​មាន​ទំហំ ៥០​ពាន់​លាន​ដុល្លារ​កាលពី​ខែមិថុនា​នោះ​។  
 
​បន្ថែម​ពី​ប្រកាស​ដំ​ឡើ​ពន្ធ​ជំហាន​ទី​ពីរ ប្រធានាធិបតី​អាមេរិក​ដែល​តែង​ប្រកាស​«​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​» នោះបាន​គំរាមថា រដ្ឋបាល​របស់លោក ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ចាត់វិធានការ​បន្ថែមទៀត​ដើម្បី​ប្រឆាំង​ចិន បើសិនជា​ចិន​ហ៊ាន​សងសឹក​អាមេរិក​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ​នោះ​។ 
 
«​ប្រសិនជា​ចិន​ហ៊ាន​ចាត់វិធានការ​សងសឹក​លើ​កសិករ និង​ឧស្សាហកម្ម​របស់​យើង យើង​នឹងដាក់​វិធានការ​ជំហាន​ទី​បី​ភ្លាមៗ​តែម្តង ដោយ​ចាប់ផ្តើម​ដំឡើង​ពន្ធ​ថ្មី​ទៀត​ប្រឆាំង​ទំនិញ​ចិន​ដែលមាន​ទំហំ​២៦៧​ពាន់​លាន​ដុល្លារ​ទៀត​»​។ លោក ត្រាំ បានប្រកាស​ដូច្នេះ​។ 
 
​ប្រធានាធិបតី​អាមេរិក​នៅតែ​បន្ត​ដំឡើង​ពន្ធ​ប្រឆាំង​ចិន ថ្វីបើ​បច្ចុប្បន្ននេះ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាមេរិក​លោក Steven Mnuchin បន្ត​ស្វះ​ស្វែងរក​ឱកាស​ចរចា​ជាមួយ​សម​ភាគី​ចិន​ដើម្បី​ដោះស្រាយ​សង្គ្រាម​ពន្ធ​នេះដែរ ព្រោះ​វា​កំពុង​ប៉ះពាល់​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​សកល​ខ្លាំង​ដែរ​។ 
 
​តាមពិតទៅ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទាំងពីរ​អាមេរិក និង​ចិន​បន្តធ្វើ​ឲ្យ​ពិភពលោក​ភ័យ​បារម្ភ និង​បង្កើត​ផលប៉ះពាល់​ខ្លាំង​ដល់​ក្រុម​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ​។  សមរភូមិ​នេះ​ចាប់ផ្តើម​ដោយ​ការដំឡើង​ពន្ធ ២៥ ភាគរយ​ជំហាន​ដំបូង​របស់​អាមេរិក​ប្រឆាំង​ទំនិញ​ចិន​ដែលមាន​ទំហំ ៥០ ពាន់​លាន​ដុល្លារ​ដែល​ទំនិញ​ទាំងនោះ​មាន​យ៉ាងតិច ៨០០ មុខ​ផ្សេងគ្នា​រួមបញ្ចូល​ទាំង​គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម​, គ្រឿង​បរិក្ខារ​សុខាភិបាល និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម​។​
 
​សូមបញ្ជាក់ថា អាមេរិក និង​ចិន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​រួមគ្នា​។ យោងតាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​អាមេរិក កាលពី​ឆ្នាំមុន អាមេរិក​បាន​នាំចូល​ទំនិញ​ដែលមាន​តម្លៃ​ប្រហែល ៥០៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ចិន ប៉ុន្តែ​ទំហំ​នៃ​ទំនិញ​នាំចូល​នេះ​កើនឡើង​រហូតដល់ ៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ គិត​ត្រឹម​ខែកក្កដា​នេះ​៕
 

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម​
  ដូ​ណា​ល់ ត្រាំ​
  ចិន​
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com