ជាតិ
រដ្ឋបាលខេត្តសៀមរាបស្នើទៅក្រសួងរៀបចំដែនដីបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់អគារនៅផាប់ស្ទ្រីត
× សៀមរាប៖ រដ្ឋបាលខេត្ត សៀមរាប បានដាក់សំណើរមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីបំណងបង្កើតគណៈកម្មការមួយ សម្រាប់ត្រួតពិនិត្យសំណង់អគារចាស់ៗនៅតំបន់ផ្សារចាស់ ផាប់ស្ទ្រីត។ បំណងនេះ ត្រូវបានលេចចេញឡើងក្រោយពីមានហេតុការណ៍បាក់អគារចំណាស់មួយនៅតំបន់នេះ នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ កន្លងទៅ ដែលបណ្ដាលឱ្យកម្មករម្នាក់ស្លាប់ និងរបួស៤នាក់។
ថ្លែងតាមរយៈទូរសព្ទនៅរសៀលថ្ងៃទី១៨ កញ្ញា លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសកាលពីថ្ងៃទី១៧ ដែលមានការចូលរួមពីក្រសួងរៀបចំដែនដីផងនោះ រដ្ឋបាលខេត្តបានប្រាប់ពីបំណងចង់បង្កើតគណៈកម្មការត្រួតពិនិត្យសំណង់អគារនៅផាប់ស្ទ្រីតនេះ ពិតប្រាកដមែន។ លោកពន្យល់ថា វាគ្រាន់តែជាការស្នើសុំទៅក្រសួងតាមរយៈរដ្ឋលេខាធិការ លោក ឡៅរិទ្ធ សីហា ដែលដឹកនាំកិច្ចប្រជុំនៅថ្ងៃនោះ ហើយលោកក៏មិនទាន់ដឹងថា ថ្នាក់ដឹកនាំក្រសួងសម្រេចយ៉ាងណានៅឡើយ។
ទាក់ទងនឹងបញ្ហាបាក់រលំអគារនៅតំបន់ផាប់ស្ទ្រីត លោក លី សំរិទ្ធ បានពន្យល់ថា អ្នកដែលធ្វើ គឺជាអ្នកទទួលខុសត្រូវ។ លោកថា ម្ចាស់សំណង់ និងអ្នកម៉ៅការ នឹងប្រឈមមុខផ្លូវច្បាប់ដោយសារការហ្វេសប្រហែសរបស់ពួកគេ។ ជាងនេះទៅទៀតនោះ គឺម្ចាស់សំណង់ត្រូវប្រឈមខ្លាំងជាងគេ ព្រោះត្រូវរងបណ្ដឹងពីជនរងគ្រោះ ហើយក្នុងនោះខេត្តក៏ជាដើមបណ្ដឹងផងដែរ ដោយសារលួចជួសជុលសំណង់មិនសុំច្បាប់។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាខេត្តសៀមរាបថា វាក៏ជាកំហុសរបស់ខេត្តផងដែរ ដែលមិនបានត្រួតពិនិត្យសំណង់ត្រឹមត្រូវ បណ្ដាលឱ្យមានការលួចជួសជុលដោយមិនដឹងអ្វីសោះ។
ដើម្បីបង្ការនឹងហេតុការណ៍នេះលើកក្រោយទៀត លោក លី សំរិទ្ធ ថា រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំ និងពេលខ្លះមានជាបញ្ញត្តិដើម្បីហាមប្រាមម្ចាស់សំណង់ចាស់ៗនៅផាប់ស្ទ្រីត មិនឱ្យប្រើប្រាស់ ឬជួសជុលដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវជាដើម។ លោកបន្ថែមថា៖« យើងនឹងពិនិត្យមើល ថាតើអគារណាអាចប្រើបាន អគារណាត្រូវផ្អាកដើម្បីជួសជុល ព្រោះថា បើវាប៉ះពាល់ មិនត្រឹមតែអាយុជីវិតមនុស្សទេ តែប៉ះពាល់ដល់ភ្ញៀវទេសចរផងដែរ។ តើអ្នកណាគេនឹងមកលេងកន្លែងដែលបាក់សង្កត់មនុស្សនោះ...»។
ទាក់ទងនឹងតួលេខអគារចាស់ៗនៅខេត្តសៀមរាបនេះ លោក លី សំរិទ្ធ ថាលោកមិនទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយ តែវាធ្លាប់ត្រូវបានអាជ្ញាធរជាតិអប្សរាស្រង់ទិន្នន័យម្ដងដើម្បីគ្រប់គ្រងសំណង់អគារបុរាណនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com