អន្តរជាតិ
អាមេរិក ចោទថា រុស្ស៊ីបានជួយកូរ៉េខាងជើងឲ្យរួចផុតពីឥទ្ធិពលទណ្ឌកម្មរបស់ UN អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់ថា រុស្ស៊ីបានព្យាយាមបំផ្លាញទណ្ឌកម្មអន្តរជាតិដែលដាក់ប្រឆាំងនឹងកូរ៉េខាងជើង ខណៈសម្ពាធលើអាមេរិកកើនឡើង ៣ខែក្រោយលោក ដូណាល់ ត្រាំ បានជួបផ្ទាល់ជាមួយលោក គីម ជុងអ៊ុន នៅសិង្ហបុរី។
« ហេតុអ្វីបានជាក្រោយការបោះឆ្នោតលើទណ្ឌកម្មប្រមាណ ១១លើកផ្សេងៗគ្នា រុស្ស៊ីមិនព្រមគាំទ្រវាសោះ? យើងដឹងចម្លើយរួចហើយថា រុស្ស៊ី កំពុងបោកប្រាស់ពួកយើង។ ឥឡូវនេះ រុស្ស៊ី ត្រូវបានគេបកអាក្រាត»។ នេះជាការបញ្ជាក់របស់លោកស្រី Nikki Haley អគ្គរដ្ឋទូតអាមេរិកប្រចាំ UN នៅថ្ងៃទី ១៧ កញ្ញា ក្នុងកិច្ចពិភាក្សាបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខចុងសប្ដាហ៍មុន។
តំណាងអាមេរិកបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការដាក់សម្ពាធលើសេដ្ឋកិច្ចកូរ៉េខាងជើង អនុលោមតាមទណ្ឌកម្មដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ កំពុងត្រូវបានបំផ្លាញដោយរុស្សី និងចិន។ កន្លងមក ក្រុងវ៉ាស៊ីនតោនចោទប្រកាន់ដែរថា ប្រទេសមហាអំណាចទាំង២នេះ បានជួយរបបដឹកនាំលោកគីម ជុងអ៊ុន ឲ្យរួចផុតពីការដាក់ទណ្ឌកម្មនេះផងដែរ។
កាសែត The Wall Street Journal នៅថ្ងៃទី ១៦ កញ្ញា បានរាយការណ៍ថា សេចក្ដីព្រាងនៃរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិថ្មីមួយ បានបង្ហាញថា ទីក្រុងព្យុងយ៉ាង អាចមានលទ្ធភាពគេចផុតពីការដាក់ទណ្ឌកម្មអន្តរជាតិ។ ការណ៍នេះ បានឆ្លុះបញ្ចាំងច្បាស់ថា ការដាក់ទណ្ឌកម្មចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិមិនមានប្រសិទ្ធភាពនោះឡើយ។
លោកស្រី Haley បាននិយាយបន្ថែមថា៖ «យើងមិនត្រូវអនុញ្ញាតឲ្យរុស្ស៊ីកែប្រែ និងរារាំងរបាយការណ៍របស់អង្គការសហប្រជាជាតិដែលឯករាជ្យជុំវិញកេទណ្ឌកម្មកូរ៉េខាងជើង ព្រោះតែពួកគេមិនពេញចិត្តឡើយ។ សមាជិកអង្គការសហប្រជាជាតិទាំងអស់ រួមទាំងរុស្ស៊ីផងនោះ ត្រូវតែគោរព និងអនុវត្តទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងរបស់ក្រុមប្រឹក្សាសន្តិសុខ»។
ក្រុងវ៉ាស៊ីនតោន បានបង្ហាញក្តីកង្វល់ថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាទុកទណ្ឌកម្មខ្លាំងបំផុតប្រឆាំងកូរ៉េខាងជើង ដើម្បីបង្ខំឲ្យប្រទេសនេះព្រមបោះបង់អាវុធនុយក្លេអ៊ែរនោះ កំពុងរលាយបាត់ ស្របពេលដែលកិច្ចពិភាក្សាពីការរំសាយអាវុធនុយក្លេអ៊ែរនៅតែជាប់ទ្រឹង។
គួរបញ្ជាក់ដែរថា ស្របពេលដែលអាមេរិកបន្តជំរុញសម្ពាធប្រឆាំងកូរ៉េខាងជើង និងធានាថា ការចរចារំសាយអាវុធនឹងអាចបន្តទៅមុខដោយគ្មានភាពជាប់គាំង ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ព្យាយាមចាក់បញ្ចូលដង្ហើមថ្មីក្នុងកិច្ចពិភាក្សាការទូត។ លោកអញ្ជើទៅទៅកាន់ក្រុងព្យុងយ៉ាងដើម្បីជួបលោកគីម ជុងអ៊ុន នៅថ្ងៃទី ១៨ កញ្ញា ក្នុងជំនួបកំពូលអន្តរកូរ៉េលើកទី៣៕
Tag:
សហរដ្ឋអាមេរិក
រុស្ស៊ី
កូរ៉េខាងជើង
អង្គការសហប្រជាជាតិ
លោកស្រី Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com