អន្តរជាតិ
UN ស្នើ​ឲ្យ​មានការ​បញ្ចប់​ឥទ្ធិពល​យោធា​ក្នុង​បរិបទ​នយោបាយ​មី​យ៉ាន់​ម៉ា​
19, Sep 2018 , 8:39 am        
រូបភាព
សមាជិកគណៈកម្មការស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ
សមាជិកគណៈកម្មការស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ
ដោយ: ថ្មីៗ
​ថ្ងៃ​អង្គារ​ទី ១៨ ខែកញ្ញា អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​មានការ​បញ្ចប់​ឥទ្ធិពល​ក្រុម​យោធា​ក្នុង​បរិបទ​នយោបាយ​មី​យ៉ាន់​ម៉ា ស្រប​ពេលដែល​ស្ថាប័ន​នេះ​បញ្ចេញ​របាយការណ៍​ចុងក្រោយ​ដែល​ទាមទារ​ជាថ្មី​ឲ្យ​មានការ​កាត់ទោស​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ជាន់ខ្ពស់​ដែរ​។



​ក្រុម​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ចេញ​របាយការណ៍​ចុងក្រោយ​មួយ​ដែលមាន​កម្រាស់ ៤៤៤ ទំព័រ ហើយ​បាន​អំពាវនាវ​ឲ្យ​មានការ​កែទម្រង់​ក្បាលម៉ាស៊ីន​ដឹកនាំ​មី​យ៉ាន់​ម៉ា និង​ធ្វើយ៉ាងណា​ជម្រះ​ឥទ្ធិពល​ក្រុម​យោធា​ឲ្យ​អស់ពី​នយោបាយ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុម​ស៊ើបអង្កេត​នោះបាន​អះអាងថា រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​គួរតែ​ចាប់ផ្តើម​បន្ត​ការប្រឹងប្រែង​ដើម្បី​ធានាថា ក្រុម​យោធា Tatmadaw ដែលមាន​អំណាច​លើសលុប​ក្នុង​ឆាកនយោបាយ​នោះ នឹង​បាត់បង់​ឥទ្ធិពល​របស់ខ្លួន​។ 
 
​ក្រុម​នេះ​សង្កត់ធ្ងន់ថា ថ្វីបើ​មានការ​កែទម្រង់​ចាប់ពី​ឆ្នាំ ២០១១ ក៏ដោយ ក្រុម​យោធា​ដែល​កាន់កាប់​អំណាច​ចាប់ពី​ឆ្នាំ ១៩៦១​មក​នោះ​នៅតែ​រក្សា​ឥទ្ធិពល​របស់ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ក្នុង​កិច្ចការ​សម្រេច​របស់រ​ដ្ឋ​ធំៗ​ផង​។ ក្រុម​នេះ​កាន់កាប់​អាសនៈ​សភា ២៥​ភាគរយ និង​មានអំណាច​កាន់កាប់​ក្រសួង​សំខាន់ៗ​ចំនួន​បី​មាន​ការពារជាតិ មហាផ្ទៃ និង​ទទួលបន្ទុក​ព្រំដែន​ផង​។ 
 
​តាមពិតទៅ ក្រុម​យោធា​រង​ការ​ថ្កោលទោស និង​ចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​ការបង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ដែល​កើតឡើង​តាំងពី​ឆ្នាំមុន​បាន​បង្ខំ​ឲ្យ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង ៧ សែន​នាក់​រត់​ភៀសខ្លួន​ទៅកាន់​ទឹកដី​បង់​ក្លា​ដែ​ស​។ ក្រុម​សិទ្ធិមនុស្ស និង​អង្គការ​អន្តរជាតិ​ចោទថា ក្រុម​យោធា​ប្រព្រឹត្ត​សកម្មភាព​បោសសម្អាត​ជនជាតិភាគតិច រំលោភ​សម្លាប់ និង​ដុត​ផ្ទះ​ប្រជាជន​ភាគតិច​ទាំងនោះ​ផង​។ វា​មាន​របាយការណ៍​ថា ប្រជាជន​ប្រហែល ១​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ការបង្ក្រាប​នេះ​។ 
 
​ត្រឡប់មកវិញ បញ្ហា​ឥទ្ធិពល​យោធា​ក្នុង​នយោបាយ​នេះ ត្រូវបាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួលស្គាល់​ផងដែរ​។ លោកស្រី​បាន​បញ្ជាក់ថា វា​ក៏​ជា​គោលដៅ​របស់​លោកស្រី​ក្នុងការ​បញ្ចប់​ឥទ្ធិពល​របស់​ក្រុម​យោធា​ដែរ​ព្រោះ​វា​ជា​ឧបសគ្គ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា​។​
 
​នា​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​វៀតណាម​សប្តាហ៍​មុន លោកស្រី​បាន​អះអាងថា រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​តស៊ូ​មតិ​ដើម្បី​ធានាថា ការផ្លាស់ប្តូរ​ដើម្បី​ឲ្យ​រាល់​អាសនៈ​ទាំងអស់​ត្រូវ​ជ្រើសរើស​ដោយ​ប្រជាជន​ដោយ​សេរី​។  ប៉ុន្តែ​ទីប្រឹក្សា​រដ្ឋ​នេះ​សង្កត់ធ្ងន់ថា រាល់​ការផ្លាស់ប្តូរ​ត្រូវ​ធ្វើតាម​ការចរចា និង​ផ្សះផ្សា​ជាតិ មិនមែន​ធ្វើ​ទាំង​បង្ខំ​ឡើយ​ព្រោះ​សន្តិភាព និង​ស្ថិរភាព ក៏ដូចជា​ការផ្សះផ្សា​ជាតិ​ជា​គោលដៅ​ធំ​បំផុត​មួយ​របស់​រដ្ឋាភិបាល​ស៊ីវិល​។ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  UN
  យោធា​
 ​អ៊ុង​សាន ស៊ូ​ជី​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com