ជាតិ
សង្គមជាតិ
កម្ពុជា អាចបំបែកឯតទគ្គកម្ម«ទូកងវែងជាងគេលើពិភពលោក» ក្នុងខែវិច្ឆិកា
× ភ្នំពេញ៖ ក្រុមការងារ Guinness World Record នឹងមកពិនិត្យ និងវាយតម្លៃ «ទូកងវែងជាងគេនៅលើពិភពលោក» នៅក្នុងខែវិច្ឆិកាខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការផលិតទូកង ដើម្បីបំបែកឯទទគ្គម្មពិភពលោក។ បើតាមប្រភពដដែល ទូកងវែងនេះ ត្រូវបានប្រសិទ្ធិនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានន័យថា «ទូកង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» មាន៨៧,៣ម៉ែត្រ។
លោក តុប នេត ប្រធានគណៈកម្មការផលិតទូក បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថាការបញ្ជូលទូកងក្នុងបញ្ជី Guinness World Record ដើម្បីរំលឹកឡើងវិញនូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរ ជាពិសេសព្រះបាទជ័យវរ្ម័នទី៧ ដែលបានប្រើទូកនេះជាមធ្យោបាយធ្វើសឹកសង្គ្រាមជាមួយសត្រូវ និងចង់បង្ហាញទៅពិភពលោកថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយនេះ និងដើម្បីថែរក្សា និងអភិរក្សកេរដំណែលពីដូនតា។
ការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោកនេះ បានចាប់ផ្តើចាប់តាំងពីខែមេសាមកម្ល៉េះ ដោយមានការជួយជ្រោមជ្រែងពីអភិបាលខេត្ត មន្ត្រីរាជការ យុវជន និស្សិត និងជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែងផ្ទាល់តែម្តង។ នេះបើតាម លោក តុប នេត បន្តថា៖ «ទូកងដែលត្រៀមនឹងបំបែកឯតទគ្គកម្មទូកងវែងជាងគេលើពិភពលោកខាងមុខនេះ កំពុងតែស្ថិតនៅក្នុងការឆ្លាក់រូប និងបាញ់ថ្នាំនៅឡើយទេ។ យើងនឹងអ៊ុំសាកល្បង ដើម្បីកែសម្រួលឡើងវិញនូវកន្លែងណាដែលមានបញ្ហា មុននឹងដាក់ជូនក្រុមការងារ Guinness World Record ពិនិត្យ និងវាយតម្លៃ»។
សូមបញ្ជាក់ថាកម្ពុជា ទើបតែបានបំបែកឯតទគ្គកម្មក្រមាវែងជាងគេ លើពិភពលោក លើកំណត់ត្រាពិភពលោក Guinness World Record ដែលមានប្រវែង ១១៤៩,៨ម៉ែត្រ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com