ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖«​ក្រសួង​ផ្ទេរ​ភារកិច្ច​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅ​នាយកដ្ឋាន មិនមែន​ដកតំណែង​ទេ​»
18, Sep 2018 , 10:26 pm        
រូបភាព
 ​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី ១៨ កញ្ញា​នេះ គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជាច្រើន​នាក់ បាន​ជួបជុំគ្នា​តវ៉ា​លើ​បញ្ហា​ដក​នាយក​សាលា​លោក​។ ជុំវិញ​ការតវ៉ា​នេះ ក្រសួង​ពុំទាន់​ទទួលបាន​ញត្តិ​ផ្លូវការ​ពី​ការតវ៉ា​នេះ​នៅឡើយ​ទេ​។  ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក ឌី ខាំ​បូ​លី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​ជាការ​ផ្ទេរ​ភារកិច្ច មិនមែនជា​ការដកតំណែង​នោះទេ​»​។​



​លោកគ្រូ​អ្នកគ្រូ ដែល​បង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជាច្រើន បាន​តវ៉ា​ទាមទារ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដក​សាលា​ជំនាន់​ថ្មី​ចេញពី​វិទ្យាល័យ​ព្រះ​ស៊ីវ​ត្ថិ និង​សុំ​រក្សា​នាយក​សាលា​ចាស់ លោក មូល ស៊ុយ​ហេង នៅ​កាន់តំណែង​ដដែល​។ ការតវ៉ា​នេះ ធ្វើឡើង​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នា​ល្ងាច​ថ្ងៃទី ១៨ កញ្ញា​នេះ​។ 
 
​ទាក់ទង​នឹង​ការតវ៉ា​នេះ លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ល្ងាច​នេះ ពិតជា​មានការ​តវ៉ា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ពិតមែន ប៉ុន្តែ​ក្រសួង​មិនទាន់​ទទួល​ញត្តិ​ផ្លូវការ​ពី​ការតវ៉ា​នោះ​នៅឡើយ​ទេ​។ ​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា​៖«​មិនមែនជា​ការដកតំណែង​នាយក​សាលា​នោះទេ តាមពិត ជាការ​ផ្ទេរ​ភារកិច្ច​របស់​នាយក​សា​លា គឺ​ផ្ទេរ​ភារកិច្ច​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មក​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស​។ ការផ្ទេរ​នេះ ដោយសារតែ​គាត់ (​មូល ស៊ុយ​ហេង​) ធ្វើ​នៅ​ទីនោះ​យូរហើយ ហើយ​មានបទពិសោធន៍​ចាស់ទុំ អាចមក​ជួយ​ការងារ​នៅ​នាយកដ្ឋាន​បាន​»​។ នេះ​ជា​បញ្ជាក់​របស់លោក ឌី ខាំ​បូ​លី​។​
 
​លោក ឌី ខាំ​បូ​លី បន្ថែមថា ក្រសួង​អប់រំ នឹង​ពិនិត្យ និង​ដោះស្រាយ​លើ​បញ្ហា​តវ៉ា​នេះ ប្រសិនបើ​មាន​ញត្តិ​ផ្លូវ​ការទាក់ទង​នឹង​មូលហេតុ​នៃ​ការតវ៉ា​នេះ​។ ដោយឡែក អ្នកនាំពាក្យ​រូបនេះ ក៏បាន​បញ្ជាក់ទៀតថា មិនមាន​ការប្ដូរឈ្មោះ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី​ ដូច​តែ​អ្នកលេង​បណ្ដាញ​សង្គម​លើកឡើង​នោះទេ​។​
 
​សូមបញ្ជាក់ថា សាលា​ជំនាន់​ថ្មី ជា​សាលា​ដែល​ក្រសួង​អប់រំបង្កើតឡើង​សាកល្បង ដើម្បី​​ពង្រឹងគុណភាព​អប់រំ​នៅ​កម្ពុជា។ នៅ​ក្នុង​សាលា​នេះ មាន​ឧបករណ៍ និង​សម្ភារ​ទំនើបៗ​សម្រាប់​សិស្ស​អនុវត្ត​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com