ជាតិ
​​​ន​យោ​បាយ​ជាតិ​
បារាំង​ប្រកាស​ត្រៀមខ្លួន​ជួយ​សម្របសម្រួល​បញ្ហានយោបាយ​នៅ​កម្ពុជា​?
18, Sep 2018 , 10:58 pm        
រូបភាព
ដោយ: ថ្មីៗ
នាយករដ្ឋមន្ត្រី​បារាំង​លោក អេ​ឌូ​អា ហ្វី​លី​ព (Edouard PHILIPPE) បាន​ផ្ញើលិខិត​មួយ​ដែល​និយាយ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​១៧​ខែកញ្ញា​នេះ​។​



​ជា​លិខិត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ពី​រដ្ឋាភិបាល​បារាំង​។ លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​បារាំង អេ​ឌូ​អា ហ្វី​លី​ព បាន​ផ្ញើលិខិត​មួ​យមក​សម្តេច ហ៊ុន សែន ដោយ​បញ្ជាក់​សារជាថ្មី​អំពី​ការត្រៀមខ្លួន​របស់​បារាំង​ក្នុង​ការជួយ​កសាង​ប្រជាធិបតេយ្យ សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ គេ​អាច​យល់បាន​ថា លោកនាយក​រដ្ឋមន្ត្រី​បារាំង​កំពុងនិយាយ​អំពី​ការវិវឌ្ឍ​ស្ថាន​ការ​នយោបាយ​ចុងក្រោយ​នៅ​កម្ពុជា​។​

​នៅក្នុង​លិខិត​ដែល​គេ​ឃើញ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​លោក ចែម វិ​ឌ្យ៉ា បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​យប់​ថ្ងៃទី​១៨​ខែកញ្ញា​នេះ នាយករដ្ឋមន្ត្រី​បារាំង លោក អេ​ឌូ​អា ហ្វី​លី​ព បាន​សរសេរ​ប្រាប់​សម​ភាគី​កម្ពុជា​យ៉ាង​ដូច្នេះ​៖«​ប្រទេស​បារាំង​គាំទ្រ​ការខិតខំ​របស់​សម្តេច​ដើម្បី​បន្ត​ការសន្ទនា​មួយ​ដោយ​បើកចំហ និង​ដោយ​ស្ថាបនា ជាមួយ​តួអង្គ​នយោបាយ សង្គម​ស៊ីវិល និង​តួអង្គ​ក្នុង​សារព័ត៌មាន​»​។​

តាមរយៈ​លិខិត​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី​បារាំង​បានបញ្ជាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា លោក​ស្វាគមន៍​ការវិវឌ្ឍ​ស្ថាន​ការ​នយោបាយ​ថ្មីៗ​ដែល​ទាក់ទង​នឹង​ការដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ការដោះលែង​សកម្មជន ទេព វ​ន្នី​, អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​នាក់ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្សលោក មឿ​ន តុលា ជាដើម​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ថែមទៀត​ដែរ​ថា លោក​សង្ឃឹមថា វា​នឹងមាន​ដោះលែង​ផ្សេងៗ​ទៀត​។

«​ខ្ញុំ​ចង់​ឲ្យ​យើង​មានការ​សន្ទនា​ដ៏ំ​ម៉ត់ចត់​មួយ​ស្តីពី​ប្រយោជន៍​រួម​នៃ​ប្រទេស​យើង​ទាំងពីរ ដែល​ធ្វើ​ឲ្យ​យើង​ទទួលបាន​រួមគ្នា​នូវ​លទ្ធផល​នៃ​ការអភិវឌ្ឍ​ដែល​កើតចេញពី​សហប្រតិបត្តិ​ជាច្រើន​របស់​យើង​»​។ នេះ​ជាការ​គូសបញ្ជាក់​បន្ថែម​របស់លោក​នាយករដ្ឋមន្ត្រី​បារាំង អេ​ឌូ​អា ហ្វី​លី​ព​។​

លោកនាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​បារាំង​បាននិយាយអំពី​ការសន្ទនា​នយោបាយមែន ប៉ុន្តែ​ក្នុងពេលកន្លងមក​មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល​កម្ពុជា និង​របស់​គណបក្ស​កាន់អំណាច បានអះអាងថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com