ជាតិ
អាមេរិក​មាន​មោទនភាព ដែល​ធ្វើជា​ដៃគូ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​
19, Sep 2018 , 10:36 am        
រូបភាព
​ភ្នំពេញ​៖ អាមេរិក​មាន​មោទនភាព ដែលជា​ដៃគូ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​ឱកាស​បង្ហាញ​សារតាំង​របស់លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៧ កញ្ញា​។​

 
​ក្នុងជំនួប​បង្ហាញខ្លួន ជា​ទូត​កម្ពុ​ជាថ្មី​ប្រចាំ​អាមេរិក លោក ជុំ សុន្ទរី បាន​រៀបរាប់​ពី​ការលូតលាស់​នៃ​សេដ្ឋកិច្ច និង​សង្គម​ក្នុង​រយៈពេល​ពីរ​ទសវត្ស​ន៍​ចុង​ក្រោយនេះ ប្រាប់​ទៅ​លោក ដូ​ណា​ល់ ត្រាំ ថា ជំនួយ​អភិវឌ្ឍ​របស់​អាមេរិក និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​រីកចម្រើន​លូតលាស់​របស់​កម្ពុជា​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ស្រង់​សម្តី​របស់លោក ជុំ សុន្ទរី ក្នុងជំនួប​នោះ ដូច្នេះ​ថា​៖«​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​មិត្ត​ភាំ​ព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អាមេរិក ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅ​ម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​»​។​
 
​លោក ជុំ សុន្ទរី ក៏បាន​ប្តេជ្ញា​ចំពោះមុខ​ប្រធានាធិបតី​អាមេរិក​ផងដែរ​ថា ក្នុងនាម​ជា​ឯកអគ្គរាជទូត​កម្ពុជា​ថ្មី លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការធ្វើការងារ​ជិតស្និទ្ធ​ជាមួយ​ភាគី​អាមេរិក​ដើម្បី​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ទំនាក់ទំនង​ទ្វេរ​ភាគី​។​
 
​ឆ្លើយតប​នឹង​លោក ជុំ សុន្ទរី នេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា វត្តមាន​របស់​ឯកអគ្គ​រាជទូត​កម្ពុជា​ថ្មី​មាន​សារសំខាន់​ច្រើន​កម្រិត ដែល​បញ្ជាក់​ពី​ភាពល្អប្រសើរ​នៃ​ចំណងមិត្តភាព​ដែល​ត្រូវ​ស្តារឡើងវិញ​រវាង​កម្ពុ​ជា និង​អាមេរិក និង​មាន​រយៈពេល​លើស ២៥​ឆ្នាំ រាប់​ចាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​។ និយាយ​ពី​រឿង​សេដ្ឋកិច្ច​វិញ​លោក ដូ​ណា​ល់ ត្រាំ មើលឃើញថា កម្ពុ​ជាមាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​អាមេរិក​ក៏មាន​មោទនភាព ដែលជា​ដៃគូ​អភិវឌ្ឍ​របស់​កម្ពុជា​ផងដែរ​។​
 
​ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ពេលនេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ហើយ​យើង​មាន​មោទនភាព​ដើម្បី​ធ្វើជា​ដៃគូ​ក្នុងការ​រីកចម្រើន​លូតលាស់​នេះ​។​យើង​ដឹងថា កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​ការរីកចម្រើន​លូតលាស់​ខ្លាំង​ជាង​នេះ​នៅពេល​អនាគត ហើយ​យើង​រីករាយ​ដែល​បាន​សហការគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ចាប់យក​ឱកាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​។ យើង​រំពឹង​ចាំមើល​ការលូតលាស់​ក្នុង​ពាណិជ្ជកម្ម​សេរី និង​យុត្តិធម៌  សន្តិសុខ​តំបន់ និង​អភិបាលកិច្ច​ដែល​ពោល​ពេញ​ដោយ​ប្រជាធិបតេយ្យ និង​គណនេយ្យភាព ហើយ​យើង​ស្វែងរក​លទ្ធភាព​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខ​ភិ​បាល​សាកល​ផងដែរ​»​។ 
 
​បន្ថែម​ពីនេះ​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ពី​ជំហរ​សហការ​ការងារ​ជាមួយ​កម្ពុជា​ផងដែរ​។ «​ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​ជាមួយ​ឯកឧត្តម ដើម្បី​ជំរុញ​របៀបវារៈ​រួម​របស់​យើង ហើយនឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ស្រង់​សម្តី​លោក ដូ​ណា​ល់ ត្រាំ​៕

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  ជុំ ស​ន្ទ​រី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com