ជាតិ
នយោបាយជាតិ
ទូតខ្មែរប្រចាំUN រិះគន់អ្នកការពារសិទ្ធិមនុស្សថា កំពុងបំផ្លាញប្រព័ន្ធសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រាប់ពីឆ្វេងទៅលោក ណី សំអុល (អង្គុយអានសេចក្តីថ្លែងការណ៍) ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ
× ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានរិះគន់ក្រុមអ្នកការពារសិទ្ធិមនុស្សថា កំពុងប្រើយុទ្ធសាស្ត្រមិនគប្បី ដែលបំផ្លាញដល់ប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ប្រតិកម្មរបស់ឯកអគ្គរាជទូតកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកសិទ្ធិមនុស្សមួយចំនួន បានលើកយកបញ្ហាសិទ្ធិមនុស្សកម្ពុជាទៅពិភាក្សា ខុសបរិបទ។ ត្រង់ចំណុចនេះលោក ណី សំអុល បានពន្យល់ថា ក្នុងសម័យប្រជុំលើកទី៣៩ ដែលមានរបៀបវារៈចំណុចទី៤ ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សលើកយកពិភាក្សាគ្នា កាលពីថ្ងៃទី១៨ កញ្ញានោះ គឺទាក់ទងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសចំនួន៤ ហើយក៏មិនមែនជាបញ្ហារបស់ប្រទេសកម្ពុជាឡើយ។ ប៉ុន្តែក្រុមប្រឹក្សាសិទ្ធិមនុស្សទាំងនោះ នៅតែទាញយកកម្ពុជាចូលក្នុងបរិបទនេះ ដើម្បីបំពេញបំណងរិះគន់មកលើកម្ពុជា។ បើតាមលោក ណី សំអុល បញ្ហាកម្ពុជា ត្រូវបានដាក់ចូលក្នុងចំណុចទី១០ ដែលនឹងត្រូវយកមកពិភាក្សា នៅថ្ងៃទី២៦ កញ្ញា សប្ដាហ៍ក្រោយ។
ដោយសារឃើញពីភាពអវិជ្ជមានរបស់ក្រុមអ្នកការពារសិទ្ធិមនុស្សទាំងនោះ ទើបឯកអគ្គរាជទូតកម្ពុជារូបនេះ ហ៊ានរិះគន់វិញថា ប្រព័ន្ធសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កំពុងរងការបំផ្លិចបំផ្លាញ ដោយសារក្រុមអ្នកការពារសិទ្ធិមនុស្សទាំងនេះ។
សេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ បានសរសេរដូច្នេះថា៖«ហេតុនេះ ដើម្បីធ្វើវិនាដកម្មបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងគោលបំណងបន្ដុះបង្អាប់កិត្តិសព្ទរាជរដ្ឋាភិបាល ប្រតិភូសហភាពអឺរ៉ុប មិនរារែកឡើយ ក្នុងការរំលោភវិធានទំនៀមទម្លាប់ និងការអនុវត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានចាប់តាំងពីការបង្កើតក្រុមប្រឹក្សានេះលើកដំបូងនៅឆ្នាំ២០០៦។ យុទ្ធសាស្ត្រមិនគប្បីនៃការដុតផ្ទះ ដើម្បីស្ងោរស៊ុតនេះ មិនខុសពីការបង្កើតអាបធ្មប់ដ៏កាចសាហាវ (Frankenstein) ដោយជ្រកក្រោមឈ្មោះអ្នកតស៊ូមតិសិទ្ធិមនុស្ស ដែលនឹងមិនផ្ដល់ប្រយោជន៍អ្វីឡើយ។ ប៉ុន្តែផ្ទុយទៅវិញ វានឹងបំផ្លាញប្រព័ន្ធសិទ្ធិមនុស្សទាំងមូលរបស់អង្គការសហប្រជាជាតិ»។
អ្វីដែលលោក ណី សំអុល ចង់ឃើញនោះ គឺការវាយតម្លៃ និងរិះគន់លើបញ្ហាកម្ពុជា នៅក្នុងពេលវេលាត្រឹមត្រូវ ឬសមស្រប ពោលគឺមិនមែនចេះតែរិះគន់ខុសពីបរិបទនោះទេ។« ការលើកឡើងបែបនេះ មិនមែនមានន័យថាកម្ពុជា ទាមទារនូវការរួចផុតពីការរិះគន់នោះទេ។ យើងខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនូវមតិដែលលើឡើង ប៉ុន្តែគប្បីធ្វើឡើងនៅក្នុងវេទិកាដ៏សមស្រប។ គណប្រតិភូ យើងខ្ញុំយល់ថា គ្មានប្រទេសណាមួយផុតពីការរិះគន់ឡើយ ហើយថាមិនមានស្ថានភាពសិទ្ធិមនុស្សនៃប្រទេសណាមួយ ដែលល្អឥតខ្ចោះនោះទេ។ ហើយមិនខុសពីអ្នកដទៃទៀតឡើយ គណប្រតិភូយើងខ្ញុំ ក៏យល់ផងដែរថ សិទ្ធិមនុស្សមិនមែនជាគោលដៅដែលអាចសម្រេចភ្លាមៗនោះទេ ។ ប៉ុន្តែវាជាដំណើរការដែលទាមទារពេលវេលា និងធនធាន ខណៈពេលដែលនរណាម្នាក់ចង់លើកកម្ពស់ ការពារនិងគោរពសិទ្ធិមនុស្ស»។ នេះជាការបញ្ជាក់របស់ឯកអគ្គរាជទូតកម្ពុជា។
ជាមួយគ្នានេះលោក ណី សំអុល ស្នើឲ្យប្រតិភូសហភាពអឺរ៉ុប គោរពតាមវិធាន និងការអនុវត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រោះការរំលោភច្បាប់មិនត្រឹមតែ ធ្វើឲ្យប៉ះពាល់ដល់កិត្តិសព្ទម្ចាស់សេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែវាធ្វើឲ្យខូចប្រព័ន្ធសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងមូល ៕
Tag:
UN
សិទ្ធិមនុស្ស
ណី សំអុល
© រក្សាសិទ្ធិដោយ thmeythmey.com