ជាតិ
ទំនប់​បង្ហៀរ ១​មករា ស្ទឹង​ជី​និ​ត បាន​ក្លាយជា​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​
19, Sep 2018 , 7:19 pm        
រូបភាព
រូបភាព​ពីលើ​អាកាស នៃ​ទំនប់​បង្ហៀរ ១​មករា ស្ទឹង​ជី​និ​ត មាន​ប្រវែង ៧៥០​ម៉ែត្រ​។ រូបភាព​៖ ឈុត ឈា​ណា
រូបភាព​ពីលើ​អាកាស នៃ​ទំនប់​បង្ហៀរ ១​មករា ស្ទឹង​ជី​និ​ត មាន​ប្រវែង ៧៥០​ម៉ែត្រ​។ រូបភាព​៖ ឈុត ឈា​ណា
ដោយ:
​រមណីយដ្ឋាន ១​មករា ស្ទឹង​ជី​និ​ត ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ស្រ​ង៉ែ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ទៅកាន់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​នេះ ដោយ​ធ្វើដំណើរ​ពី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ ៦ ដល់​គល់ស្ពាន​កំពង់ថ្ម បត់​ស្តាំ ប្រមាណ​ជា ៤ គីឡូម៉ែត្រ​។ បើ​គិតពី​ចម្ងាយ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ស្ទឹង​ជី​និ​ត ប្រមាណ ១៣០ គីឡូម៉ែត្រ​។ ទំនប់​នេះ​គេ​កសាងឡើង​ក្នុង​គោលបំណង ផ្តោតទៅលើ​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ​កសិកម្ម​នៅក្នុង​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយមាន​ទំនប់​បង្ហៀរ​ប្រវែង ៧៥០ ម៉ែត្រ​។

 
​ស្ទឹង​ជី​និ​ត គឺជា​ដៃ​បឹង​ទន្លេសាប​ដ៏​ធំ ដែល​ត​ភ្ជាប់​ទៅ​ទន្លេសាប​នៅ​ផ្នែក​ខាងក្រោម​។ ខុសពី​ស្ទឹង​នានា ទឹកស្ទឹង​ជី​និ​ត បាន​ហូរ​ត្រឡប់​ចូលទៅ​ប្រព័ន្ធ​ទន្លេសាប​វិញ​។ ស្ទឹង​នេះ មាន​ប្រវែង​បណ្តោយ​ប្រមាណ ២៦៤​គីឡូម៉ែត្រ ទទឹង​ចាប់ពី ៦០ ទៅ ៩០​ម៉ែត្រ​។ ហូរ​ចេញពី​បឹង​ទន្លេសាប និង​ហូរ​ត្រឡប់​ចូលទៅក្នុង​ប្រព័ន្ធ​ទន្លេសាប​វិញ នា​ផ្នែក​ខាងក្រោម​។​
 
​ក្នុង​ឆ្នាំ ១៩៧១ មាន​គម្រោង​សាធារណៈ​ពហុ​បំណង​មួយ ដែល​គិតដល់​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធធារាសាស្ដ្រ ការគ្រប់គ្រង​ទឹកជំនន់ ការនេសាទ និង​ការបង្កើត​ថាមពល​វា​រី​អគ្គិសនី ត្រូវបាន​គ្រោងទុក ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ៤៨០០០ ហិកតា​។ គម្រោង​នេះ គ្របដណ្តប់​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ ក្នុង​ខេត្តកំពង់ធំ​។ 
 
​គម្រោង​សាងសង់​ទំនប់ ស្ទឹង​ជី​និ​ត ត្រូវបាន​អនុវត្ត​ជា​បណ្តើរៗ​ចាប់តាំងពី​ទ​ស្សវ​ត្យ​ទី​៧០ ដល់ ៨០ ដោយមាន​រចនាសម្ព័ន្ធ​បង្វែរ​សំខាន់ និង​ប្រឡាយ​មេ ត្រូវបាន​កសាងឡើង​។ ប៉ុន្តែ​ក្នុង​របប​ខ្មែរក្រហម កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុល ពត​) គម្រោង​មួយ ដែល​គេ​ដាក់ឈ្មោះថា ទំនប់ ១​មករា ស្ទឹង​ជី​និ​ត ត្រូវបាន​អនុវត្ត​ដោយ​ប្រើ​កម្លាំង​មនុស្ស​ដោយ​បង្ខំ និង​មាន​ប្រជាជន​ជាច្រើន បាន​ស្លាប់​ដោយសារ​កសាង​ទំនប់​នេះ​។ ក្រោយមក សំណង់​មួយចំនួន​ដែល​ត្រូវបាន​សាងសង់​រួចហើយនោះ ក៏​ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរ​គ្មាន​សល់​។​
 
​ក្នុង​ឆ្នាំ​២០០៣ គម្រោង​ថ្មី​មួយ​ត្រូវបាន​បង្កើតឡើង ដែល​អនុវត្ត​អស់​រយៈពេល​៦​ឆ្នាំ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​វិញ  ដោយមាន​សមាសធាតុ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ស្មើគ្នា​ចំនួន ២៣.៨ លាន​ដុល្លារ ពី​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ទីភ្នាក់ងារ Agence Française de Développement and the beneficiaries​។​


 
​ក្រោយពី​បាន​ស្តារ និង​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ ទំនប់​១​មករា ស្ទឹង​ជី​និ​ត បានក្លាយ​ទៅជា​រមណីយ​ដ្ឋា​ន​ដ៏​ទាក់ទាញ​មួយ ប្រចាំ​ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយមាន​អ្នក​ទេសចរណ៍​ចេញ​-​ចូល​កម្សាន្ត​ជា​ហូរហែ​៕​ 

© រក្សាសិទ្ធិដោយ thmeythmey.com