ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​កម្ពុជា គ្រោង​បង្កើត​ច្បាប់​ឃុំខ្លួន​ក្នុងផ្ទះ​
19, Sep 2018 , 2:28 pm        
រូបភាព
សម្តេច ហ៊ុន សែន និង លោក កឹម សុខា ចាប់ដៃគ្នាក្នុងរដ្ឋសភា កាលពីចុងឆ្នាំ២០១៦
សម្តេច ហ៊ុន សែន និង លោក កឹម សុខា ចាប់ដៃគ្នាក្នុងរដ្ឋសភា កាលពីចុងឆ្នាំ២០១៦
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ករណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឲ្យរ​ដ្ឋា​ភិ​បាល​កម្ពុជា មើលឃើញ​ពី​ភាពខ្វះ​ចន្លោះ​នៃ​ច្បាប់​។ ភាពខ្វះ​ចន្លោះ​នោះ​គឺ លោក កឹម សុខា ត្រូវបាន​តុលាការ ប្តូរ​ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ទៅជា​ការឃុំខ្លួន​ក្នុងផ្ទះ ខណៈ​ច្បាប់​កម្ពុជា ពុំមាន​សរសេរ​ត្រង់​ចំ​ណុ​នេះ​។

   
 
​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បកស្រាយ​ថា ដោយសារតែ​នៅ​ប្រទេស​កម្ពុជា មិនមាន​ច្បាប់​ឃុំខ្លួន​ក្នុងផ្ទះ ទើប​តុលាការ កំណត់​ទីតាំង​ណាមួយ ពោលគឺ​យក​ផ្ទះ​របស់លោក កឹម សុខា ធ្វើជា​កន្លែង​ឃុំខ្លួន​តែម្តង​។ ប្រមុខ​រដ្ឋាភិបាល លើក​ហេតុផល​ថា ការសម្រេចចិត្ត​យក​លោក កឹម សុខា ទៅ​ឃុំ​ក្នុងផ្ទះ គឺ​ផ្អែកលើ​គោលការណ៍​មនុស្សធម៌ និង​ដើម្បី​រក្សា​សុវត្ថិភាព​របស់លោក [​ដែល​កំពុងមាន​ជំងឺ​]​។ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ច្រានចោល​ផងដែរ ចំពោះ​ការ​រិះគន់ថា ការប្តូរ​ទីតាំង​ឃុំខ្លួន​អតីត​ប្រធាន​គណបក្សប្រឆាំង គឺ​ដោយសារ​តែមាន​គំនាប​ពី​បរទេស​។ 
 
​និយាយ​ដល់​ការឃុំខ្លួន​លោក កឹម សុខា ក្នុងផ្ទះ សម្តេច ហ៊ុន សែន ក៏​ឆ្លៀត​បញ្ជាក់​ពី​បំណង​របស់​រដ្ឋាភិបាល ក្នុងការ​សរសេរ​ច្បាប់​បន្ថែម ដើម្បី​បំពេញ​ភាពខ្វះ​ចន្លោះ​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ក្នុង​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ មេដឹកនាំ​កម្ពុជា​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​យើង ក៏ត្រូវ​រៀបចំ​នៅ​ថ្ងៃក្រោយ ឲ្យ​មានច្បាប់ ដើម្បី​ឃុំខ្លួន​ក្នុងផ្ទះ​ដែរ​។ អាចជា​ការខ្វះចន្លោះ​ទៅលើ​ផ្នែក​ច្បាប់ [​ត្រង់​កន្លែង​ហ្នឹង​]»​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា វា ជា​ភារកិច្ច​របស់​រដ្ឋាភិបាល និង​រដ្ឋសភា ក្នុងការ​សរសេរ​ច្បាប់​បន្ថែម ដើម្បី​បំពេញតម្រូវការ​រប​ស់ស​ង្គ​ម​ជាតិ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្តេច លើកឡើង​ហ្នឹង គឺ​ត្រឹមត្រូវ​ហើយ ព្រោះ​ប្រទេស​យើង ចេះតែ​វិ​វត្ត​ទៅមុខ អ៊ីចឹង យើង ត្រូវបំពេញ​អ្វីដែល​ខ្វះចន្លោះ​»​។ 
 
​យ៉ាងណាក៏ដោយ ក្នុងអំឡុង​ពេលនេះ ការពិភាក្សា​ពី​ការបង្កើត​ច្បាប់​ឃុំខ្លួន​ក្នុងផ្ទះ មិនទាន់​កើតមាន​នៅឡើយ​ទេ​។ នេះ​បើតាម​លោក សុខ ឥសាន ដដែល ដោយ​លោក បន្ថែមទៀតថា​៖«​សរសេរ​ច្បាប់​នីមួយៗ គឺ​យើង​ត្រូវការ​ពេល​យូរ និង​ការចូលរួម​ពី​ក្រុមប្រឹក្សា​អ្នកច្បាប់​។ ម្យ៉ាងទៀត រដ្ឋសភា ទើបនឹង​ចូលធ្វើការហ្នឹង​»​។ 
 
​សម្តេច ហ៊ុន សែន និយាយ​ពី​ការឃុំខ្លួន​លោក កឹម សុខា នៅក្នុង​ផ្ទះ គឺជា​ការបន្ថែម​ពីលើ​ការនិយាយ​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ទៅ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្តព្រៃវែង ហើយ​បាន​អះអាងថា ខ្លួន ជា​អ្នក​បញ្ជូន​មន្ត្រី ឲ្យ​ទៅ​ចរចា​ជាមួយ​លោក កឹម សុខា ពី​ការប្តូរ​ទីតាំង​ឃុំខ្លួន​។ 
 
​នៅ​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្រាប់តែ​គេ ទទួលដំណឹង​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច ដឹក​ទៅដល់​ផ្ទះ​របស់លោក​វិញ ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោម​អំណាច​នៃ​ដីកា​ដោះលែង​ជា​បណ្តោះអាសន្ន​របស់លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ 
 
​ទោះជា​ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន​ក្តី តែ​លោក កឹម សុខា បាន​ជាប់​បម្រាម​យ៉ាង​តឹងរឹង ដោយ​មិន​អាចធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​នោះទេ​។ ចៅក្រម​ស៊ើបសួរ មិន​អនុញ្ញាត​ឲ្យ​លោក ធ្វើដំណើរ​ទៅណា​មក​ណា​ឆ្លា​យ​ពី​ផ្ទះ​ឡើយ ហើយក៏​មិន​ឲ្យ​ជួប​ជនបរទេស រួមទាំង​អ្នកនយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ 
 
​អតីត​គណបក្សប្រឆាំង អង្គការ និង​សហគមន៍​អន្តរជាតិ​មួយចំនួន ទទូច​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ការចោទប្រកាន់​ទាំងស្រុង ហើយ​ផ្តល់​សេរីភាព​ឲ្យ​បាន​ពេញលេញ​ដល់​លោក កឹម សុខា​៕ 
 

Tag:
 ហ៊ុន សែន​
  កឹម សុខា​
  ច្បាប់​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com