ជាតិ
ភាពយន្ត៣រឿងនឹងទៅប្រកួតមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីនៅជប៉ុន
19, Sep 2018 , 8:19 pm        
រូបភាព
ភ្នំពេញ៖ ភាពយន្តខ្លី៣រឿង  ដែលផលិតដោយសិស្សវិទ្យាល័យ បានជាប់ជ័យលាភីវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ នឹងត្រូវយកទៅប្រកួតប្រជែងក្នុងមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីនៅប្រទេសជប៉ុន ។

 
ជ័យលាភីទាំង៣រឿងនេះ បានចម្រាញ់ចេញពីភាពយន្តខ្លី១២រឿងផ្សេងទៀត ដែលតម្រូវឱ្យយកតែ៣នាទីក្រោមប្រធានបទ “ទំនួលខុសត្រូវផ្ទាល់ខ្លួន”។ ក្នុងមួយក្រុមមានសមាជិក៣នាក់ដើម្បីសហការគ្នាផលិតរឿង។ 
 
ភាពយន្តដែលជាប់ជ័យលាភីលេខ១បានទៅលើរឿង “ការផ្លាស់ប្ដូរ” មកពីសាលា USA International School សាខាបាត់ដំបង និងវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង។ ភាពយន្តខ្លីនេះនិយាយពីសិស្សម្នាក់ ដែលតែងតែលេងgame រហូតដល់ម៉ោង៣យប់ និងមិនខំរៀន។ ជាលទ្ធផល គេត្រូវរងភាពអាម៉ាស់ ដោយសារមិត្តរបស់គេមិនឱ្យចម្លងពេលប្រឡង។ ទីបំផុតទៅគេបានកែប្រែខ្លួនដោយការខំរៀនជាថ្មី។ 
 


 
ចំណែកភាពយន្តខ្លី ដែលទទួលជ័យលាភីលេខ២បានទៅលើរឿង “កំហុសខ្ញុំ”។  រឿងនេះផលិតដោយសិស្សមកពីសាលា Cambodian Adventist school។ ភាពយន្តនេះនិយាយពីក្មេងប្រុសម្នាក់ប្រព្រឹត្តខ្លួនមិនល្អ ព្រោះតែស្អប់ស្ថានភាពក្រីក្ររបស់គ្រួសារខ្លួន។ ភាពខ្វះខាតខ្លាំង បានធ្វើឱ្យម្ដាយរបស់គេស្លាប់ដោយសារជំងឺ ហើយគេក៏មានកំហឹងនឹងឪពុក។ ពិបាកចិត្តនឹងស្ថានភាពគ្រួសារ ព្រមទាំងមានជំងឺជាប់ខ្លួនផងនោះ ឪពុកគេក៏ស្លាប់ម្នាក់ទៀត។ គេចាប់ផ្ដើមដឹងកំហុស និងចាប់យករបរប៉ះកង់ម៉ូតូដើម្បីចិញ្ចឹមប្អូនស្រី។
 

 
រីឯភាពយន្តខ្លីជាប់ចំណាត់ថ្នាក់លេខ៣ បានទៅលើរឿងដែលមានឈ្មោះថា “កូនប្រុសមិនមានទំនួលខុសត្រូវ”។ ភាពយន្តនេះនិយាយពីក្មេងប្រុសម្នាក់ មិនដែលឱ្យតម្លៃម្ដាយរបស់ខ្លួន។ គេជាមនុស្សមិនមានទំនួលខុសត្រូវលើខ្លួនឯង និងការសិក្សាផង។ ទីបំផុតទៅគេក្លាយជាមនុស្ស វង្វេងសតិ ក្រោយពីម្ដាយរបស់គេជួបឧបទ្ទវហេតុស្លាប់ ដែលកើតឡើងដោយសាររូបគេ។ ភាពយន្តខ្លីនេះ ផលិតដោយសមាជិកក្រុមមកពី៣សាលាផ្សេងគ្នា គឺសាលាប៉េលធីអន្តរជាតិសាខាទី៩ សាលាAmerican Intercon សាខាម៉ៅសេទុង និងវិទ្យាល័យជាស៊ីមសន្ធរម៉ុក។ 
 


 
សម្រាប់ការវាយតម្លៃរឿងមាន៣ចំណុចសំខាន់ៗ។ ទី១ ផ្ទៃរឿងត្រូវស្របនឹងប្រធានបទ មានអត្ថន័យនិងខ្លឹមសារអប់រំ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។ ចំណុចទី២ ទាក់ទងនឹងបច្ចេកទេស ដូចជាប្លង់ថត ការកាត់តប្លង់ ការដំឡើងអក្សរកាត់ បច្ចេកទេសសំឡេង និងគុណភាពរូបច្បាស់។ ចំណែកចំណុចទី៣ វាយតម្លៃទៅលើភាពប៉ិនប្រសប់របស់តួអង្គសម្ដែង។
 
ជ័យលាភី៣រឿងនេះទទួលបានពានរង្វាន់មួយ និងលិខិតសរសើរ។ ទាំងបីក្រុមដែលមានគ្នា៩នាក់ នឹងត្រូវយកភាពយន្តរបស់ខ្លួន ទៅប្រកួតប្រជែងនៅវគ្គផ្ដាច់ព្រាតនៅប្រទេសជប៉ុន ដែលមានប្រទេសសមាជិកអាស៊ានផ្សេងទៀត  ព្រមទាំងមានទីម័រខាងកើត ចិន តៃវ៉ាន់ ម៉ុងហ្គោល និងកូរ៉េខាងត្បូងផងដែរ៕
 

Tag:
 ភាពយន្តកុមារ
  សិល្បៈ
  CJCC
 សិស្ស
  សាលា
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com