កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ស្រលាញ់របៀបអបអរគ្រាប់បាល់យកដៃបិទភ្នែករបស់ Firmino
× លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool ថាលោក «ស្រឡាញ់» របៀបអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីយកដៃបិទភ្នែករបស់កូនក្រុមខ្លួនគឺកីឡាករ Roberto Firmino ក្រោយរូបគេរកបាន១គ្រាប់ពេលប៉ះជាមួយ Paris St-Germain ក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា។ នេះបើតាមការផ្សាយរបស់ BBC។
Firmino ជាវីរបុរសជួយឲ្យហង្សក្រហម រកបាន៣ពិន្ទុជាមួយនឹងការទាត់បាល់បញ្ចូលទីចុងម៉ោងដែលជាគ្រាប់បាល់ជ័យជម្នះលើក្រុមយក្សបារាំងនាជំនួបបើកឆាកពូល C ដើម្បីជួយក្រុមពីអង់គ្លេសនេះឈរនៅកំពូលតារាងបណ្តោះអាន្ន។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល វ័យ២៦ឆ្នាំរូបនេះបានផ្លាស់ចូលលេងជំនួសខ្សែប្រយុទ្ធ Daniel Sturridge នៅនាទី៧២ មុនពេល Kylian Mbappe រកគ្រាប់បាល់ឲ្យ PSG តាមស្មើ ២-២។ ការប្រកួតបានឈានដល់នាទី៩០+ទៅហើយ Firmino បានជួយក្រុមលោក Klopp រកបានគ្រាប់បាល់ជ័យជម្នះ ៣-២ វិញ ហើយអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីនោះដោយប្រើស្ទាយយកដៃបិទភ្នែកម្ខាង។
តាមពិតទៅរបៀបអបអរនេះកើតចេញឡើងបន្ទាប់ពីរូបគេរងរបួសភ្នែកខាងឆ្វេងអំឡុងពេលប៉ះទង្គិចគ្នាជាមួ Jan Vertonghen ខ្សែការពារ Tottenham ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
«ជាកីឡាករបម្រុងបន្ទាប់ពីរបួសភ្នែកនៅចុងសប្តាហ៍មុនតែអាចរកគ្រាប់បាល់ដែលមិនគួរឲ្យជឿ»។ Klopp និយាយដូច្នេះ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បន្ថែម ថារបៀបអបអរគ្រាប់បាល់ដែលឆ្នៃចេញពីការរងរបួសបែបនេះវាពិតជាសាកសមណាស់ ហើយលោកពិតជាពេញចិត្តបំផុត៕
Tag:
បាល់ទាត់
Jurgen Klopp
Roberto Firmino
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com