អន្តរជាតិ
កូរ៉េខាងជើង​ប្រកា​សបិទ​ទីតាំង​បាញ់​មី​ស៊ី​ល​មួយកន្លែង និង​ចង់​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយទៀត
19, Sep 2018 , 8:39 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចាប់ដៃមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ ក្រោយសន្និសីទសារព័ត៌មានរួមគ្នា។ (រូបភាព Joint Press Corps)
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចាប់ដៃមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ ក្រោយសន្និសីទសារព័ត៌មានរួមគ្នា។ (រូបភាព Joint Press Corps)
​នៅក្រោយ​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​ថ្ងៃទី​១៩ ខែកញ្ញា កូរ៉េខាងជើង​បាន​យល់ព្រម​ចាត់វិធានការ​បន្ថែមទៀត​ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីប​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​គ្មាន​ការ​គំរាម​ដោយ​ជម្លោះ​ប្រដាប់អាវុធ​។ ការប្រកាស​របស់​កូរ៉េខាងជើង អាច​សញ្ញា​វិជ្ជមាន​ដើម្បី​ចាប់ផ្ដើម​ការចរចា​ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​ឡើងវិញ​។ យ៉ាងណាមិញ កូរ៉េខាងជើង​ក៏បាន​ដាក់​លក្ខខណ្ឌ​ដែរ មុននឹង​ខ្លួន​ចាត់វិធានការ​ថ្មី​ទៀត គឺ​ការឆ្លើយតប​របស់​អាមេរិក​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ​កន្លងមក​។

 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១៩ ខែកញ្ញា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ នៅក្រោយ​ជំនួប​កំពូល​នៅ​ទីក្រុង​ព្យុងយ៉ាង​។ ជំនួប​ចរចា​លើក​នេះ ទទួលបាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​ទាក់ទង​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ជា​លើកដំបូង មេដឹកនាំ​កូរ៉េ​ទាំងពីរ​បាន​ជជែក​ពី​សកម្មភាព​ជាក់ស្ដែង​ដើម្បី​ឈានដល់​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ទៀតផង​។​
 
​នា​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​ទល់មុខ​ជាមួយ​លោក គីម នៅផ្ទះ​សំណាក់​រដ្ឋ Paekhwawon លោក មូ​ន ប្រកាសថា កូរ៉េខាងជើង​យល់ព្រម​បិទ​ទីតាំង​បាញ់​មី​ស៊ី​ល Dongchang-ri និង​ជើង​ទម្រ​សម្រាប់​បាញ់​មី​ស៊ី​ល ហើយ​កូរ៉េខាងជើង​នឹង​អញ្ជើញ​អ្នកជំនាញ​ពី​ប្រទេស​ពាក់ព័ន្ធ​ឲ្យ​ធ្វើជា​សាក្សី​ផង​។ ការបិទ​ទីតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំ​របស់ខ្លួន​នៅ Punggye-ri រួចមក​។​
 
​ក្រៅពី​សុខចិត្ត​បិទ​កន្លែង​បាញ់​មី​ស៊ី​ល​នេះ កូរ៉េខាងជើង​ក៏​ចង់​បន្ត​អនុវត្ត​ជំហាន​ផ្សេង​ដើម្បី​សម្រេច​ឲ្យ​បានការ​រំសាយ​នុយក្លេអ៊ែរ ប៉ុន្តែ​អាមេរិក​ក៏ត្រូវ​ឆ្លើយតប​នឹង​ទង្វើ​របស់ខ្លួន​សិន​ដែរ​។ ក្នុង​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ​លោក មូ​ន និង​លោក គីម ក្រុង​ព្យុងយ៉ាង​អាច​បិទ​ទីតាំង​នុយក្លេអ៊ែរ Yongbyon ជា​អចិន្ត្រៃយ៍ បើ​ក្រុង​វ៉ាស៊ីនតោន​ចាត់វិធានការ​តប​វិញ​ក្រោម​ស្មារតី​កិច្ចព្រមព្រៀង​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។​
 
​តាមពិតទៅ លក្ខខណ្ឌ​ខាងលើ​របស់​កូរ៉េខាងជើង ជា​មូល​ហេតុដែល​នាំ​ឲ្យ​ការចរចា​រវាង​អាម​រិ​ក និង​កូរ៉េខាងជើង​នាពេល​កន្លងមក​ជាប់គាំង​។ នេះ​ក៏​ព្រោះតែ​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ច្រើន​ជាងនេះទៀត មុននឹង​ខ្លួន​អាច​ផ្ដល់​រង្វាន់​ឲ្យ​វិញ​តាមរយៈ​ការព្យួរ​ទណ្ឌកម្មសេដ្ឋកិច្ច​ក៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​។ ប៉ុន្តែ​គេ​រំពឹងថា ការចរចា​នេះ​នឹងមាន​លទ្ធផល​ល្អ​ច្រើន ព្រោះ​កូរ៉េខាងជើង​សុខចិត្ត​បិទ​ទីតាំង​បាញ់​មី​ស៊ី​ល​មួយទៀត​ដោយ​គ្មាន​លក្ខខណ្ឌ​ទៅហើយ​។​
 
​ក្រៅពី​សំណុំរឿង​នុយក្លេអ៊ែរ មេដឹកនាំ​កូរ៉េ​ទាំងពីរ​ក៏បាន​ជជែក​ពី​បញ្ហា​ទំនាក់ទំនង​អន្តរ​កូរ៉េ​ផងដែរ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក គីម ក៏បាន​យល់​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​សេ​អ៊ូ​ល​នៅពេល​ខ្លី​ខាងមុខ​ដែរ​។ បើ​កើតឡើង​មែន​នោះ វា​នឹង​ក្លាយជា​ជំនួប​ទល់​លើក​ទី​៤ រវាង​លោក មូ​ន និង​លោក គីម ហើយ​លោក គីម ក៏​ក្លាយជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ដំបូង​គេ​ដែ​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​កូរ៉េខាងត្បូង ខណៈ​កាលពី​ខែមេសា លោក​បាន​ជាន់​ទឹកដី​កូរ៉េខាងត្បូង​ម្ដង​ដែរ​នៅ​តំបន់​គ្មាន​កងទ័ព​។​
 
​អំឡុងពេល​ប្រកាស​លទ្ធផល​ជំនួប​ពីរ​ថ្ងៃ លោក គីម និយាយថា លោក និង​លោក មូ​ន បាន​ឯកភាពគ្នា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង​ការគំរាមកំហែង​ទាំងអស់​ចេញពី​ឧបទ្វីប​កូរ៉េ​។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ចាត់ទុក​កិច្ចព្រមព្រៀង​នេះ ជាការ​បង្កើន​ទំនាក់ទំនង​ល្អប្រសើរ​ថែមទៀត​រវាង​កូរ៉េ​ទាំងពីរ និង​ការ​ខិតជិត​ទៅរក​សក​រាជនៃ​សន្តិភាព និង​វិបុលភាព​ផងដែរ​៕
 

Tag:
 InterKoreanSummit
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com