ជាតិ
សង្គមជាតិ
សិស្សខ្លះតវ៉ា ឯសិស្សខ្លះមិនចង់ឲ្យក្រសួងដកសាលាជំនាន់ថ្មី ចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិឡើយ
× ភ្នំពេញ៖ ក្រោយពីមានការតវ៉ាឲ្យដកសាលាជំនាន់ថ្មីចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ សិស្សជាច្រើនដែលរៀននៅសាលាជំនាន់ថ្មី ពុំពេញចិត្តឲ្យមានការដកសាលានេះចេញឡើយ។ ពួកគេនិយាយថា ការសិក្សានៅសាលាជំនាន់ថ្មី ជាសាលាដែលមានគុណភាពអប់រំ ដែលប្រកបដោយស្តង់ដាខ្ពស់ និងបច្ចេកវិទ្យាទំនើប។ ដូច្នេះពួកគេមានជំនឿយ៉ាងមុតមាំថា សាលានេះពិតជាអប់រំឲ្យគេមានចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្ត។
យុវតី រិទ្ធ សុផាបញ្ញា ជាសិស្សថា្នក់ទី៨ នៃវិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី ទើបតែផ្លាស់ប្តូរពីសាលារដ្ឋរយៈពេលមួយឆ្នាំ បានប្រាប់ដល់អ្នកសារព័ត៌មានថ្មីៗថា ខ្លួនពិតជាសាកសា្តយបើសិនជាមានការដកចេញសាលាជំនាន់ថ្មីនេះ ដោយសារសាលា បានផ្តល់ចំណេះដឹងជាច្រើនប្រកបដោយគុណភាពអប់រំល្អ។ ជាសិស្សដែលគាំទ្រឲ្យសាលាជំនាន់ថ្មីមានដំណើរតទៅមុខទៀតនោះ សុផាបញ្ញា បាននិយាយថា គូរតែមានការសហការគ្នារវាងសិស្សជំនាន់ថ្មី និងសិស្សជំនាន់ចាស់ ដើម្បីរួមគ្នាពង្រឹងសមត្ថភាព និងខិតខំរៀនសូត្រសម្រាប់ប្រទេសជាតិ។ សុផាបញ្ញា មិនចង់ឲ្យសិស្សដែលរៀននៅសាលាជាមួយគ្នា ឈ្លោះប្រកែកគ្នា មើលមុខគ្នាមិនចំទេ។ សុផាបញ្ញា បានបញ្ជាក់ថា៖ «ខ្ញុំសូមសំណូមពរឲ្យសិស្សទាំងអស់មានការយោគយល់គ្នា និងចេះស្រឡាញ់គ្នា មិនត្រូវមានការរើសអើងគ្នា ទោះបីជាមានការបែងចែកជាប្រព័ន្ធអប់រំថ្មីនេះក៏ដោយ»។
ដូចគ្នាដែរ កញ្ញា អ៊ុងជា ណារ័ត្ន ជាសិស្សរៀននៅសាលាជំនាន់ថ្មី មានការមិនពេញចិត្តជាខ្លាំង ចំពោះការតវ៉ាឲ្យដកសាលានេះចេញឡើយ។ យុវតីរូបនេះ យល់ឃើញថា សាលាជំនាន់ថ្មី ពិតជាបានជួយឲ្យនាងមានចំណេះដឹងទាំងទ្រឹស្តី និងអនុវត្តន៍ ដោយសារតែលោកគ្រូ អ្នកគ្រូមានការបង្រៀនយ៉ាងចិត្តទុកដាក់ចំពោះសិស្ស។ កញ្ញា ណារ័ត្ន បាននិយាយថា ប្រព័ន្ធអប់រំថ្មីដែលក្រសួងអប់រំបានបង្កើតនេះ ចង់ឲ្យសិស្សទាំងអស់អាចសិក្សាប្រកបដោយបច្ចេកវិជ្ជា និងវិទ្យាសាស្ត្រទំនើប និងអាចប្រកួតប្រជែងកម្មវិធីសិក្សាទៅក្រៅប្រទេសផងដែរ។ មានអាយុ១៦ ឆ្នាំ ណារ័ត្នបញ្ជាក់ថា៖ «ប្រព័ន្ធអប់រំថ្មីនៅសាលាជំនាន់ថ្មី បានធ្វើឲ្យខ្ញុំមានការផ្លាស់ប្តូរចិត្តគំនិតឲ្យស្រឡាញ់ការសិក្សាខ្លាំងជាងមុន និងចេះរាប់អានមិត្តភក្តិដើម្បីជួយចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក»។
មិនខុសពីយុវតីសុផាបញ្ញា និងណារ័ត្នទេ យុវសិស្ស រស់ ពេជវិមានរតនា ដែលកំពុងសិក្សានៅសាលាជំនាន់ថ្មី មិនសូវបង្ហាញអារម្មណ៍តក់ស្លុតចំពោះការតវ៉ាឲ្យដកសាលានេះទេ។ ពោលយុវសិស្សម្នាក់នេះ ជាក់ជឿថាលើក្រសួងនឹងអាចដោះស្រាយបញ្ហានេះបាន។ ណារ័ត្ន ពិតជាពេញចិត្តនឹងក្រសួងដែលបានបង្កើតសាលានេះឡើង ដើម្បីពង្រឹងការអប់រំឲ្យមានប្រសិទ្ធភាពប្រសើរជាងមុន។
រតនា បានបញ្ជាក់ថា៖«មិនអាចបន្ទោសក្រសួងដែលបានបង្កើតសាលានេះទេ ព្រោះវាជាគោលដៅមួយដែលអាចទម្រង់ទិសឲ្យយើងទទួលបានគុណភាពការអប់រំ និងបណ្តុះបណ្តលឲ្យយើងឲ្យស្គាល់ពីមុខវិជ្ជា STEM និងកំព្យូទ័របានយ៉ាងស្ទាត់ជំនាញ»។
ការលើកឡើងរបស់យុវសិស្សខាងលើនេះ ធ្វើឡើងក្រោយពីគ្រូបង្រៀន និងសិស្សខ្លះទៀត នៅសាលារៀនព្រះស៊ីសុវត្ថិនេះ បាននាំគ្នាតវ៉ាឲ្យដកសាលាជំនាន់ថ្មីចេញ នៅព្រឹកថ្ងៃទី១៩ កញ្ញា។ ទាំងគ្រូបង្រៀន និងសិស្សទាំងនេះ សុទ្ធតែអះអាងថា ការបង្កើតសាលាជំនាន់ថ្មីក្នុងសាលារៀនព្រះស៊ីសុវត្ថិនេះ បង្កឲ្យមានភាពល្អក់កករក្នុងការអប់រំ ពោលគឺស្ដង់ដារអប់រំបែងចែកជាពីរ ។ ជាពិសេសគ្រូ និងគ្រូ ហើយសិស្ស និងសិស្ស រើសអើងគ្នាជាដើម។
តែយ៉ាងណាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងអប់រំ នឹងពិនិត្យដោះស្រាយលើបញ្ហាតវ៉ានេះ ប្រសិនបើមានញត្តិផ្លូវការទាក់ទងនឹងមូលហេតុនៃការតវ៉ានេះ។ ដោយឡែក អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ទៀតថា មិនមានការប្ដូរឈ្មោះវិទ្យាល័យព្រះស៊ីសុវត្ថិ ទៅជាសាលាជំនាន់ថ្មី ដូចតែអ្នកលេងបណ្ដាញសង្គមលើកឡើងនោះទេ។
សូមបញ្ជាក់ថា សាលាជំនាន់ថ្មីនេះ បានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០១៦ ដោយផ្តោតទៅលើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលគេហៅថា STEM ក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលមូលដ្ឋានគ្រឹះឯកទេស STEM ឲ្យរីកចម្រើនទៅមុខសម្រាប់យុវជនកម្ពុជា។ សាលាជំនាន់ថ្មី ជាសាលាដែលក្រសួងអប់រំបង្កើតឡើងសាកល្បង ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា។ នៅក្នុងសាលានេះ មានឧបករណ៍ និងសម្ភារទំនើបៗសម្រាប់សិស្សអនុវត្តផងដែរ៕
Tag:
សាលាជំនាន់ថ្មី
សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com