អន្តរជាតិ
ជប៉ុន ថា សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​ការព្រមាន​ចិន​ឡើយ​
19, Sep 2018 , 9:19 pm        
រូបភាព
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន Yoshihide Suga (រូបភាព AFP)
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន Yoshihide Suga (រូបភាព AFP)
ដោយ:
​អ្នកនាំពាក្យ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ជប៉ុន បាន​និយាយ​នៅ​ថ្ងៃទី ១៨ កញ្ញា​ថា សមយុទ្ធ​មួយ​ដែល​បាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុន នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​ចូលរួម​ពី​នាវាមុជទឹក មិនមែន​ជាការ​ទប់ទល់​នឹង​សកម្មភាព​របស់​ចិន​នៅ​តំបន់​នោះទេ​។

 
​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga បាន​និយាយថា សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃទី​១៣ កញ្ញា មាន​គោលបំណង​ពង្រឹង​យុទ្ធសាស្ត្រ និង​ជំនាញ​របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​តែប៉ុណ្ណោះ និង​មិន​មានបំណង​ប៉ះពាល់​បណ្ដា​ប្រទេស​ណាមួយ​នោះទេ​។ 
 
​នៅ​ថ្ងៃទី​១៧ កញ្ញា ឆ្នាំ​២០១៨ ក្រសួងការពារជាតិ​ជប៉ុន បាន​បញ្ជាក់ថា ខ្លួន​បាន​បញ្ជូន​នាវាមុជទឹក​មួយគ្រឿង​ឈ្មោះថា Kuroshio ទៅ​ចូលរួម​នៅក្នុង​សមយុទ្ធ​ប្រឆាំងនឹង​នាវាមុជទឹក​មួយ នៅ​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន​បន្ត​សាងសង់​មូលដ្ឋាន​យោធា​លើ​កោះ​សិប្បនិម្មិត​ក្នុង​តំបន់​នោះ​។​នាវាមុជទឹក​នេះ បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ដ៏​កម្រ​នេះ ជាមួយនឹង​នាវា​យោធា ៣​គ្រឿង​ផ្សេងទៀត ក្នុងនោះ​ក៏មាន​នាវា​ដឹក​ឧទ្ធម្ភាគចក្រ Kaga ផងដែរ​។ 
 
​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ជប៉ុន​បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​បាន​ប្រើប្រាស់​នាវាមុជទឹក​ក្នុង​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​បានទាមទារ​យក​ស្ទើរតែ​ទាំងស្រុង​។​
 
​ភ្លាមៗ​ក្រោយ​ការប្រកាស​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​ថ្លែង​ទំនងជា​សំដៅ​ដល់​ជប៉ុន​ថា ប្រទេស​នៅក្រៅ​តំបន់ មិនគួរ​ចូលមក​បំផ្លាញ​ស្ថិរភាព និង​សន្តិភាព​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ 
 
​តាមពិតទៅ ជប៉ុន​មិនមែនជា​ភាគី​ជម្លោះ​ដ៏​ស្មុគស្មាញ​នេះឡើយ ប៉ុន្តែ​មហាអំណាច​សេដ្ឋកិច្ច​នេះ​សម្លឹង​ឃើញថា​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្លូវទឹក​ដ៏​សំខាន់​មួយ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​។ ជារួម​ប្រទេស​ដែល​ទាមទារ​នៅក្នុង​ជម្លោះដែនសមុទ្រ​នេះ​មានដូចជា ចិន វៀតណាម ម៉ាឡេស៊ី កោះ​តៃវ៉ាន់ ហ្វីលីពីន និង​ព្រុយ​ណេ​។ 
 
​យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក Itsunori Onodera ក៏បាន​រំឭកថា វា​មិនមែនជា​លើកទីមួយ​ទេ​ដែល​ខ្លួន​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដូច្នេះ​។ 
 
​រដ្ឋមន្ត្រី​ការពារ​ជប៉ុន​ខាងលើ​និយាយ​នៅ​ថ្ងៃទី ១៨ កញ្ញា​ដូច្នេះ​ថា​៖ «​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន បានធ្វើ​សមយុទ្ធ​ដែល​រួមបញ្ចូល​នាវាមុជទឹក​នៅ​សមុទ្រ​ខាងត្បូង​ជាង​១៥​ឆ្នាំ​មកហើយ​»​។ 
 
​លោក Onodera បាន​សង្កត់ធ្ងន់ថា ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ប៉េកាំង បាន​បង្កើត​យន្តការ​ប្រាស្រ័យ​ទាក់ទង​មួយ ក្នុង​គោលបំណង​បញ្ចៀស​ឲ្យ​បាន​រាល់​ការប៉ះទង្គិច​ជាយថាហេតុ​ទាំង​ក្នុង​ដែនសមុទ្រ និង​ដែនអាកាស​ដែរ​។​
 
​ជុំវិញ​បញ្ហា​នេះដែរ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ កាលពី​ថ្ងៃទី ១៧ កញ្ញា ក៏​ថ្លែង​អះអាង​តាម​កញ្ចក់​ទូរទស្សន៍​ជប៉ុន​ថា សមយុទ្ធ​នាវាមុជទឹក​ជប៉ុន​ធ្វើឡើង​ក្នុង​គោលដៅ ពង្រឹង​ជំនាញ​និង​សមត្ថភាព​របស់​កងក​ម្លាំ​ង​ជើង​ទឹក​ជប៉ុន​ប៉ុណ្ណោះ​។ លោក​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​លោក​សម្រេច​ប្រកាស​ពី​ការធ្វើ​សមយុទ្ធ​នាវាមុជទឹក​នេះ​ជា​សាធារណៈ ក៏​ព្រោះ​មាន​ប្រទេសជិតខាង​មួយចំនួន​នៅតែ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​របស់​ជប៉ុន​៕ 
 

Tag:
 ជប៉ុន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com