ជាតិ
ព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដាលអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២៣ កញ្ញា
× សៀមរាប៖ សមរាត្រី ឬព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមាននៅថ្ងៃទី២៣ កញ្ញា ។ ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍សាធារណជនជាច្រើន ក្នុងនោះក៏មានភ្ញៀវទេសចរ និងអ្នកថតរូបពីបណ្ដាប្រទេសមួយចំនួនផងដែរ។
បើពុំមានភ្លៀងធ្លាក់ ឬពពកទេ នោះគេនឹងអាចឃើញច្បាស់ ពីគន្លងព្រះអាទិត្យរះចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះបានកើតឡើងជាទៀងទាត់ ក្នុងមួយឆ្នាំ២ដង គឺនៅរដូវប្រាំងវាកើតឡើងក្នុងខែ មីនា និងរដូវវស្សាកើតឡើងនៅខែ កញ្ញា។
តាមការផ្សាយព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅព្រលឹមស្រាងៗព្រឹកថ្ងៃទី២៣ កញ្ញា ដែលគេអាចមើលឃើញនៅក្លោងទ្វារកណ្ដាលនៃគុកតារាជ ឬក្លោងទ្វារធំខាងលិច។
តាមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា ដែលធ្លាប់បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗនាពេលកន្លងមក ធ្លាប់បាននិយាយថា ព្រឹត្តិការណ៍ខាងលើ មិនមែនបាតុភូតចៃដន្យឡើយ។ វាត្រូវបានបុព្វបុរសដែលសាងសង់អង្គរវត្ត បានគុណគូរយ៉ាងច្បាស់ គឺសង់តម្រូវឱ្យកើតព្រឹត្តិការណ៍នេះតែម្តង តាមរយៈការស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្ម និងវិស័យតារាសាស្ត្រ។ ហើយរយៈពេលនេះដែរ គឺពេលវេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នា។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹម សុខរិទ្ធី ដែលធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗនាពេលកន្លងមក។
ក្រៅពីកើតព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះហើយ ជារៀងរាល់ឆ្នាំមានព្រឹត្តិការណ៍មួយទៀត គឺពេលវេលាយប់វែងជាងថ្ងៃ និងថ្ងៃវែងជាងយប់។ ពេលយប់វែងជាងថ្ងៃ កើតឡើងនៅថ្ងៃទី២១ ខែធ្នូ ហើយថ្ងៃវែងជាងយប់ កើតឡើងនៅថ្ងៃទី ២១ ខែមិថុនា។
ភស្ដុតាងនេះហើយ ដែលអ្នកស្រាវជ្រាវយកមកបញ្ជាក់ពីមូលហេតុដែលដូនតាសង់អង្គរវត្តបែរមុខទៅទិសខាងលិច។ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា គេនឹងមិនអាចឃើញព្រឹត្តិការណ៍ខាងលើបាននោះទេ ប្រសិនបើអង្គរវត្តសង់បែរទៅទិសខាងកើត៕
© រក្សាសិទ្ធិដោយ thmeythmey.com