អន្តរជាតិ
លោក ត្រាំ កំពុង​ពិចារណា​លើ​ការស្នើសុំ​បង្កើត​មូលដ្ឋានទ័ព​អាមេរិក​នៅ​ប៉ូឡូញ​
19, Sep 2018 , 10:39 pm        
រូបភាព
ប្រធានាធិបតីប៉ូឡូញ និងប្រធានាធិបតីអាមេរិក ក្នុងសន្និសីទសារព័ត៌មាន (រូបភាព AFP)
ប្រធានាធិបតីប៉ូឡូញ និងប្រធានាធិបតីអាមេរិក ក្នុងសន្និសីទសារព័ត៌មាន (រូបភាព AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៨ កញ្ញា បាន​និយាយថា លោក​កំពុង​ពិចារណា​យ៉ាង​ម៉ត់ចត់​លើ​ការស្នើសុំ​របស់​ប៉ូឡូញ ដើម្បី​បង្កើត​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​ប្រទេស​នេះ​។ ការសម្រេចចិត្ត​របស់​មេ​ដឹក​រូបនេះ​ធ្វើឡើង ក្រោយ​រដ្ឋាភិបាល​ក្រុង​វ៉ា​សូវី បានប្រកាស​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ សម្រាប់​វត្តមាន​កងទ័ព​អាមេរិក​ក្នុងប្រទេស​ខ្លួន​។

 
​នា​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda នៅក្នុង​សេត​វិមាន​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​៖ «​ប៉ូឡូញ បានប្រកាស​ចំណាយលុយ​ប្រមាណ​២​ពាន់​លាន​ដុល្លារ សម្រាប់​ការបង្កើត​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​ប្រទេស​ខ្លួន​។ ចំពោះ​រឿងនេះ យើង​កំពុង​ពិចារណា​យ៉ាង​ល្អិតល្អន់​បំផុត​» ។   
 
​ជុំវិញ​រឿងនេះ សេត​វិមាន​អាមេរិក បានចេញ​សេចក្តីប្រកាស​មួយ​ភ្លាម​ថា​៖ «​សហរដ្ឋអាមេរិក កំពុង​ស្វែងរក​ជម្រើស​មួយចំនួនទៀត ដើម្បី​បង្កើន​តួនាទី​របស់​យោធា​អាមេរិក​ក្នុង​ប៉ូឡូញ​។ ហើយ​យើង​នឹង​ព​ន្លឿ​ន​ការពិភាក្សា​ទាក់ទង​នឹង​ប្រធានបទ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​»​។ ចំណែក​លទ្ធផល​ដែល​បានមកពី​សកម្មភាព​នេះ នឹង​ផ្ដល់​វិភាគទាន​ដល់​វិស័យ​ការពារជាតិ មិន​ត្រឹមតែ​អឺរ៉ុប​កណ្ដាល និង​ខាងកើត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​សម្ព័ន្ធ​យោធា​ណា​តូ​ទាំងមូល​តែម្តង​។ 
 
​ជាមួយគ្នានេះ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជេ​ម ម៉ា​ធី​ស បាន​សរសើរ​ប៉ូឡូញ​សម្រាប់​ការសម្រេចចិត្ត​មុនគេ ក្នុងការ​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់ខ្លួន​។ ប៉ុន្តែ​លោក បាន​សង្កត់ធ្ងន់ថា ពុំទាន់​មានការ​សម្រេច​ណាមួយ ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ ទាក់ទិន​នឹង​ការបង្កើត​មូលដ្ឋានទ័ព​អាមេរិក​នៅ​ប៉ូឡូញ​នេះ​។​
 
«​សំណួរ​ជាច្រើន​ត្រូវបាន​ចោទសួរ​ឡើង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Mattis ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​។ លោក បានលើកឡើង​ទៀតថា ក្រសួងការពារជាតិ​អាមេរិក ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​សិក្សា​លើ​រឿងនេះ​។​
 
​គួរ​ឲ្យ​ដឹង​ដែរ​ថា ការបង្ហាញ​ពី​ឆន្ទៈ​របស់លោក​ត្រាំ​ទាក់ទិន​នឹង​ការបង្កើត​មូលដ្ឋានទ័ព​ក្នុង​ប៉ូឡូញ គឺធ្វើឡើង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ ជារឿយៗ​ចេះតែ​បន្ត​ទាមទារ​ឲ្យ​អាល្លឺម៉ង់ ជប៉ុន និង​កូរ៉េខាងត្បូង ចំណាយលុយ​បន្ថែមទៀត​លើ​ការដាក់​ពង្រាយ​កងទ័ព​អាមេរិក​នៅក្នុង​ប្រទេស​ខ្លួន​។ លោក ត្រាំ មិន​ពេញចិត្ត​ដែល​ប្រទេស​ទាំងនេះ ចំណាយលុយ​តិច​លើ​ការចំណាយ​នានា​របស់​ទាហាន ដែល​លោក​អះអាងថា ចាំ​ការពារ​ពួកគេ​ពី​ការគំរាមកំហែង​៕ 
 

Tag:
 សហរដ្ឋអាមេរិក​
  ប៉ូឡូញ​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com