ជាតិ
​​​ន​យោ​បាយ​ជាតិ​
អយ្យការ​៖ លោក កឹម សុខា អាចធ្វើដំណើរនិងជួបអ្នកដទៃបាន តែមានដែនកំណត់
20, Sep 2018 , 12:14 pm        
រូបភាព
លោក កឹម សុខា ជួបម្តាយនិងភរិយា នៅផ្ទះរបស់លោក ក្រោយចេញពីពន្ធនាគារ។ រូបពីគណនីហ្វេសបុក Chantha Muth
លោក កឹម សុខា ជួបម្តាយនិងភរិយា នៅផ្ទះរបស់លោក ក្រោយចេញពីពន្ធនាគារ។ រូបពីគណនីហ្វេសបុក Chantha Muth
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តុលាការ មិនមែន​ឃុំ​លោក កឹម សុខា ក្នុងផ្ទះ​ទេ​។ តុលាការ ពន្យល់ថា តាមពិត លោក ត្រូវបាន​ដាក់​ឲ្យ​នៅក្រៅ​ឃុំ គ្រាន់តែ​ជាប់​បម្រាម​ខ្លះៗ​ប៉ុណ្ណោះ​។​



​ក្រោយពី​មនុស្ស​ទូទៅ យល់ថា លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ ជំនួស​ឲ្យ​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​បំភ្លឺ​។ តាមរយៈ​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ បាន​ទាត់ចោល​ចំពោះ​ការយល់ច្រឡំ​ថា លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ​។

អត្ថបទទាក់ទង

 
អ្នកនាំពាក្យ ពន្យល់​ក្នុង​សេចក្តីថ្លែងការណ៍​ថា អតីត​ប្រធាន​គណបក្សប្រឆាំង ត្រូវបាន​ដាក់​ឲ្យ​នៅក្រៅ​ឃុំ ដោយ​ជាប់​ជាមួយនឹង​កាតព្វកិច្ច​។ អ្នកនាំពាក្យ បាន​ហៅ នីតិវិធី​បែបនេះ ថា​ជា «​ការដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​»​។​
 
​អ្នកនាំពាក្យ បន្ថែមថា ផ្អែក​តាម​នីតិវិធី​ខាងលើ លោក កឹម សុខា មាន​សេរីភាព​គ្រប់គ្រាន់ ក្នុងការ​ចេញពីផ្ទះ  ដើម្បី​ជួប​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។ ប៉ុន្តែ អ្នកនាំពាក្យ បញ្ជាក់ថា ការដើរ​ហើរ​រប​ស់ជ​ន​ត្រូវ​ចោទ​រូបនេះ មិនត្រូវ​ឲ្យ​ហួស​ពី​ព្រំដែន ដែល​ចៅក្រម​ស៊ើបសួរ កំណត់​នោះទេ និង​មាន​មនុស្ស​មួយចំនួន ដែលមិនអាចជួបបាន។   
 
​បើតាម​ការកំណត់​រប​ស់​ចៅក្រម​ស៊ើបសួរ លោក កឹម សុខា មិនអាច​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​លោក មិនអាច​ជួប​បាន គឺ​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​អ្នកនយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ហេតុផល ដែល​ចៅក្រម​ស៊ើបសួរ កំណត់​ដែនដី​ឲ្យ​លោក កឹម សុខា ធ្វើដំណើរ គឺ​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​លោក និង​ខ្លាច​លោក រត់គេចខ្លួន​។ ចំណែក ការមិន​ឲ្យ​ជួប​មនុស្ស​មួយចំនួន គឺ​ដើម្បី​ជៀសវាង​ការ​ត្រូវរ៉ូវ​គ្នា ហើយ​បង្ក​បទល្មើស​បន្ថែមទៀត​។ 
 
​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​មួយ ដោយ​សម្រេច​ឲ្យ​លោក កឹម សុខា នៅក្រៅ​ឃុំ តែ​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​។ រហូតដល់​ម៉ោង​ប្រមាណ​៣​ទៀ​តប​ភ្លឺ នា​ថ្ងៃទី​១០ ខែកញ្ញា ក៏មាន​ព័ត៌មាន​ផ្ទុះឡើង​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច យកទៅ​ដល់ផ្ទះ​របស់លោក​វិញ ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ 
 
​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស និង​សហគមន៍​អន្តរជាតិ​នានា បាន​ជំរុញ​ឲ្យ​តុលាការ​កម្ពុជា ផ្តល់​សេរីភាព​ឲ្យ​ពេញលេញ​ដល់​លោក កឹម សុខា​។
 
​សូម​រម្លឹកថា អតីត​ប្រធាន​គណបក្សប្រឆាំង ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ចាប់​ដល់ផ្ទះ កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការសង្ស័យថា លោក បាន​លួច​ទៅ​សហការ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ សម្រាប់​តុលាការ បទល្មើស​នេះ គឺ​ស្ថិតក្នុង​ចង្កោម​នៃ​អំពើ​ក្បត់ជាតិ​៕  


Tag:
 ​តុលាការ​
  កឹម សុខា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com