ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ដើមក្រូចពោធិ៍សាត់អាចមានអាយុដល់៥០ឆ្នាំ និងអាចផ្លែដល់២ពាន់ផ្លែក្នុង១ដើម
× ខេត្តពោធិ៍សាត់៖ ដើមក្រូច ពោធិ៍សាត់ ដែលកំពុងមានវត្តមាននៅក្នុងខេត្តពោធិ៍សាត់អាចមានអាយុជាមធ្យមដល់៥០ឆ្នាំអាស្រ័យលើដី ការថែទាំ និងពូជ។ ក្រូចមួយដើមអាចផ្តល់ទិន្នផលជាមធ្យមចំនួន៤០០ផ្លែក្នុងមួយឆ្នាំ។ តែដើមក្រូចដែលពិសេស និងល្អ អាចផ្តល់ផលដល់២ពាន់ផ្លែក្នុងមួយឆ្នាំ។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោក ឃុន សុភាព កសិ-ពាណិជ្ជករក្រូចពោធិ៍សាត់នៅក្នុងខេត្តពោធិ៍សាត់ដូចតទៅ៖
សំឡេងបទសម្ភាស
ក្រូចពោធិ៍សាត់ដែលគេពិសាសព្វថ្ងៃនេះ មានប្រវត្តិវែងឆ្ងាយ។ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងពីចន្លោះឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ពោល គឺកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលបារាំងរយៈពេល៩០ឆ្នាំ។ ដោយសារតែប្រវត្តិទំនាក់ទំនងជាមួយប្រទេសបារាំងដ៏យូរលង់នេះហើយ ទើបមានមតិខ្លះ លើកឡើងថា ក្រូចពោធិ៍សាត់ ដែលដាំនៅក្នុងខេត្តពោធិ៍សាត់រហូតមកដល់ពេលបច្ចុប្បន្ននេះ តាមពិត ត្រូវបាននាំយកមកដាំដោយជនជាតិបារាំងកាលពីជំនាន់នោះ។
ពូជក្រូចទាំងនោះ ត្រូវបានគេជឿថា បាននាំយកមកពីទ្វីបអាហ្វ្រិកដោយជនជាតិបារាំង។ ពេលនាំចូលមកភ្លាម ពូជក្រូចនោះ មិនទាន់មានឈ្មោះទេ។ ប៉ុន្តែ នៅពេលដែលក្រូចទាំងនោះ ត្រូវបានគេដាំនៅក្នុងខេត្តពោធិ៍សាត់ ពលរដ្ឋ ឬមន្ត្រីខ្មែរ ឬមន្ត្រីបារាំងនាជំនាន់នោះ នៅក្នុងខេត្តពោធិ៍សាត់ ក៏សន្មត់ដាក់ឈ្មោះថា ក្រូចពោធិ៍សាត់តែម្តងទៅ។ តែក៏មានមតិខ្លះទៀតលើកឡើងថា ក្រូចពោធិ៍សាត់ បច្ចុប្បនេះ មិនមែនកើតចេញតែពីពូជក្រូចបារាំងនាំមកប៉ុណ្ណោះទេ តាមពិត វាគឺជាការបង្កាត់ពូជរួមគ្នារវាងពូជក្រូចបារាំងនាំពីទ្វីបអាហ្វ្រិកមក និងពូជក្រូចនៃប្រទេសជប៉ុន៕
Tag:
កសិកម្ម
ក្រូចពោធិ៍សាត់
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com