កីឡាអន្តរជាតិ
អន្តរជាតិ
តើ Ronaldo អាចជួយ Juventus ពេលជួបក្លិបចាស់ Man Utd ក្រោយបានកាតក្រហម?
× Cristiano Ronaldo អាចធ្វើដំណើរទៅកាន់ទឹកដី Old Trafford ដើម្បីតទល់នឹងក្លិបចាស់ Manchester United ឬទេ បន្ទាប់ពីរូបគេទទួលបានកាតក្រហមក្នុងការបង្ហាញខ្លួនឲ្យ Juventus លើកដំបូងសម្រាប់ការប្រកួតក្នុងក្របខណ្ឌ Champions League នៅរាត្រីថ្ងៃទី១៩ ខែកញ្ញា។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៣ឆ្នាំ បានយកដៃខ្ញាំសក់ក្បាលរបស់ខ្សែការពារ Jeison Murillo របស់ Valencia អំឡុងពេលអ្នកទាំងពីរប៉ះទង្គិចគ្នាបន្តិចនៅមុខទីរបស់ក្រុមម្ចាស់ផ្ទះនាការប្រកួតវគ្គសន្សំពិន្ទុពូល H។ ទង្វើរបស់ Ronaldo បែបនេះត្រូវអាជ្ញាកណ្តាលកាត់សេចក្តីលោក Felix Brych សម្រេចឲ្យកាតក្រហមនៅនាទី២៩តែម្តង។
បើទោះសល់គ្នាត្រឹម១០នាក់ក៏ដោយតែ Juventus នៅតែអាចយកឈ្នះ Valencia ដល់ទៅ ២-០។
និយាយពីការពិន័យ Ronaldo ក្នុងក្របខណ្ឌកំពូលអឺរ៉ុប គឺមិនដូចការពិន័យក្នុងការប្រកួតនៅ Premier League ចំនួន៣ប្រកួតដោយស្វ័យប្រវត្តិនោះទេ ដោយ UEFA កំណត់ថាកាតក្រហម១ ត្រូវពិន័យ១ប្រកួតប៉ុណ្ណោះ។
ការដាក់ពិន័យ១ប្រកួតដោយស្វ័យប្រវត្តិគឺគ្មានសិទ្ធិប្តឹងឧទ្ធរណ៍នោះទេ ប៉ុន្តែបទបញ្ជារបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបត្រូវពិនិត្យលើកម្រិតកំហុសរបស់កីឡាករបន្តទៀតក្នុងករណីកំហុសធ្ងន់ធ្ងរ នឹងអាចបន្ថែមទណ្ឌកម្មពីលើទៀតដែលអាចឈានដល់២ ឬ៣ប្រកួតឯណោះ។ ប៉ុន្តែករណីនេះ កីឡាករ ឬក្លិបអាចមានសិទ្ធិប្តឹងឧទ្ធរណ៍បាន។
ការពិន័យកាតក្រហមនេះ Ronaldo នឹងខកខានការប្រកួតទល់នឹង Young Boys សម្រាប់ការប្រកួតលើកទី២នៃក្របខណ្ឌ Champions League នាថ្ងៃទី២ ខែតុលា ខាងមុខដោយស្វ័យប្រវត្តិ។ ប៉ុន្តែប្រសិនបើ UEFA រកឃើញថាមានកំហុសធ្ងន់ធ្ងរហើយឈានដល់ការហាមលើសពី ២ប្រកួតនោះ អតីតខ្សែប្រយុទ្ធឆ្នើម Real Madrid រូបនេះនឹងមិនអាចធ្វើដំណើរទៅជួបអតីតក្រុមចាស់ Manchester United នៅថ្ងៃទី ២៣ ខែតុលា នៅទឹកដី Old Trafford។
លើសពីនេះទៀត បើសិនត្រូវពិន័យចំនួន៣ប្រកួត CR7 នឹងខកខានការប្រកួតទល់នឹង Man Utd នៅក្នុងផ្ទះ Juventus នៅថ្ងៃទី៧ ខែវិច្ឆិកា។
Tag:
បាល់ទាត់
Cristiano Ronaldo
UEFA Champions League
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com