ថ្ងៃពុធទី ១៩ ខែកញ្ញានេះ នាយករដ្ឋមន្ត្រីចិនទិតៀនចំណាត់ការឯកតោភាគីរបស់សហរដ្ឋអាមេរិកដែលបន្តដំឡើងពន្ធម្តងហើយម្តងទៀតប្រឆាំងទំនិញនាំចូលពីចិនដែលបង្កឲ្យសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរកាន់តែរីករាលដលឡើយ។ ប្រមុខរដ្ឋាភិបាលរូបនេះអះអាងថា វាមានតែការប្រឹក្សាយោបល់គ្នាទេដែលជាដំណោះស្រាយត្រឹមត្រូវ។
នាវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុង Tianjin លោក លី ខឹឈាំង (Li Keqiang) បានថ្លែងរិះគន់សកម្មភាពរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបន្តបញ្ឆេះសង្គ្រាមពាណិជ្ជកម្មប្រឆាំងជាមួយខ្លួន ជាជាងរកផ្លូវក្នុងការប្រឹក្សាយោបល់បញ្ចៀសបញ្ហា។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ផងដែរថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច ចិនបើកចំហរក្នុងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសដទៃដើម្បីប្រយោជន៍រួមគ្នា ហើយវារឿងចាំបាច់បំផុតដែលប្រទេសនានាត្រូវគោរពគោលការណ៍ពាណិជ្ជកម្មសេរី និងពហុភាគី។
«វាជារឿងសំខាន់ដែលយើងត្រូវបន្តការពារ និងអនុវត្តគោលការណ៍ពហុភាគីនិយម និងសេរីភាពក្នុងការធ្វើពាណិជ្ជកម្ម។ សម្រាប់បញ្ហាដែលកើតមានឡើងនេះ គេត្រូវស្វែងរកដំណោះស្រាយតាមការប្រឹក្សាយោបល់ ហើយការចេញវិធានការឯកតោភាគីមិនជួយអ្វីទាំងអស់»។ លោក លី និយាយដូច្នេះ។
តាមពិតទៅ សមរភូមិដែលប្រើពន្ធច្បាំងគ្នានេះចាប់ផ្តើមដោយការដំឡើងពន្ធ ២៥ ភាគរយជំហានដំបូងរបស់អាមេរិកប្រឆាំងទំនិញចិនដែលមានទំហំ ៥០ ពាន់លានដុល្លារដែលទំនិញទាំងនោះមានយ៉ាងតិច ៨០០ មុខផ្សេងគ្នារួមបញ្ចូលទាំងគ្រឿងម៉ាស៊ីនឧស្សាហកម្ម, គ្រឿងបរិក្ខារសុខាភិបាល និងគ្រឿងបន្លាស់រថយន្តជាដើមនៅខែមិថុនា។
បន្តមក សង្គ្រាមពាណិជ្ជកម្មរវាងចិននិង អាមេរិកកំពុងបន្តឆាបឆេះកាន់តែខ្លាំងថែមទៀតនៅសប្តាហ៍នេះក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសបន្ថែមពន្ធ ១០ភាគរយលើទំនិញចិនទំហំ ២០០ពាន់លានដុល្លារទៀត (ជំហានទីពីរ)។ លោកថែមទាំងគំរាមទៀតថា បើសិនចិនហ៊ានតដៃ អាមេរិកនឹងដាក់ពន្ធបន្ថែមជំហានទីបីលើទំនិញចិន ២៦៧ពាន់លានដុល្លារផ្សេងទៀតដែរ។
យ៉ាងណាក៏ដោយ សង្គ្រាមពន្ធនេះមិនបានបញ្ចប់ត្រឹមភាគីម្ខាងព្រមឱនក្បាលតាមការគំរាមរបស់ភាគីម្ខាងទៀតឡើយ។ ថ្ងៃអង្គារទី ១៨ ខែកញ្ញាម្សិលមិញនេះ រដ្ឋាភិបាលចេញបានប្រកាសដាក់ពន្ធតបវិញលើទំនិញអាមេរិក ៦០ពាន់លានដុល្លារទៀតដែរ។
ការដាក់បន្ថែមពន្ធរៀងខ្លួននេះកើតឡើង ក្រោយពេលដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាមេរិកលោក Steven Mnuchin អញ្ជើញសមភាគីចិនឲ្យចូលពិភាក្សាគ្នាដើម្បីដោះស្រាយសង្គ្រាមពន្ធនេះដែរ ព្រោះវាកំពុងប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុសកលខ្លាំងដែរ។ ប៉ុន្តែក្រោយមានការបន្ថែមពន្ធនេះ ភាគីចិនបានព្រមានដែរថា ស្ថានការណ៍ស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ឡើយសូម្បីតែការចរចាឬប្រឹក្សាគ្នា។
កន្លងមកនេះ លោក ត្រាំ បានចោទប្រកាន់ថា រដ្ឋាភិបាលចិនព្យាយាមទម្លាក់ថ្លៃលុយយ៉ន់ដើម្បីប្រឆាំងនឹងពន្ធថ្មីរបស់អាមេរិកនេះ។ លើពីត្អូញត្អែករឿងឱនភាពពាណិជ្ជកម្ម លោក ត្រាំ ក៏បានចោទប្រកាន់ផងដែរថា ចិនបន្តលួចកម្មសិទ្ធិបញ្ហាក្រុមហ៊ុនអាមេរិក និងបង្ខំឲ្យក្រុមហ៊ុនអាមេរិកផ្ទេរបច្ចេកវិទ្យាដើម្បីបានចូលក្នុងទីផ្សាររបស់ចិនផង។
ប៉ុន្តែលោក លី ខឹឈាំង បានទាត់ចោលការចោទប្រកាន់នេះដោយអះអាងថា ការទម្លាក់តម្លៃលុយមានផលអវិជ្ជមានច្រើនជាវិជ្ជមាន ហើយចិនក៏មិនប្រើប្រាស់វិធានការនេះដើម្បីគ្រាន់តែជំរុញការនាំចេញដែរ។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងផងដែរពីការបន្តលូតលាស់នៃសេដ្ឋកិច្ចរបស់ចិននៅពេលបច្ចុប្បន្ន ដែលវាជាភស្តុតាងមួយបង្ហាញថា សេដ្ឋកិច្ចចិនមានសុខភាពល្អ។ ក្រៅពីនោះ ការគោរពកម្មសិទ្ធិបញ្ហា (IP) ក៏មានការប្រែប្រួលគួរឲ្យកត់សម្គាល់ដែរក្នុងប្រទេសចិន។ ប៉ុន្តែមេដឹកនាំចិនរូបនេះទទួលស្គាល់ថា វានៅមានបញ្ហាប្រឈមច្រើនដែលរាំងស្ទះដល់ការជំរុញឲ្យសេដ្ឋកិច្ចលូតលាស់អស់សក្តានុពលនោះ។ បញ្ហាទាំងនោះរួមមានកង្វះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និង បញ្ហាប្រឈមផ្នែកពាណិជ្ជកម្មនៅក្រៅប្រទេស៕