ជាតិ
សង្គមជាតិ
​ជោគជ័យ​! លោក មូល ស៊ុយ​ហេង នៅតែ​ជានា​យក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​
20, Sep 2018 , 5:40 pm        
រូបភាព
លោកគ្រូ អ្នកគ្រូ និងសិស្ស អបអរ ក្រោយ​ការតវ៉ា​របស់ខ្លួន​បាន​ជោគជ័យ។
លោកគ្រូ អ្នកគ្រូ និងសិស្ស អបអរ ក្រោយ​ការតវ៉ា​របស់ខ្លួន​បាន​ជោគជ័យ។
ដោយ:
ភ្នំពេញ​៖ ក្រោយពី​ការតវ៉ា​របស់​អ្នកគ្រូ លោកគ្រូ អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ  ឲ្យ​រក្សាទុក​លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ថ្ងៃទី​២០ ខែកញ្ញា រដ្ឋមន្ត្រី​អប់រំ លោក ហង់ ជួន ណា​រ៉ុង បានសម្រេច​ឲ្យ​លោក មូល ស៊ុយ​ហេង បន្ត​តួនាទី​ជា​នាយក​គ្រប់គ្រង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដដែល​។

 
 
 
​អ្នកស្រី ខែម រម​នា ជា​សាស្ត្រាចារ្យ​ផ្នែក​គីមីវិទ្យា មាន​ក្តីរំភើប​ខ្លាំង ដោយ​ការតវ៉ា​របស់លោក​គ្រូ អ្នកគ្រូ និង​សិក្សា​នុ​សិស្ស បានសម្រេច​ឲ្យ​លោកនាយ​កមក​គ្រប់គ្រង​សាលា​វិញ​។ សាស្ត្រាចារ្យ​រូបនេះ​បាន​លើកឡើងថា​៖«​ថ្ងៃនេះ យើង​បានឈ្នះ​លើ​ករណី​ដែល​លោកគ្រូ អ្នកគ្រូ និង​សិស្ស តវ៉ា​ឲ្យ​លោកនាយក​កាន់ដំណែង​ជា​នាយក​សាលា​វិញ​ពិតមែន តែ​យើង​នៅតែ​ដាក់​ញត្តិ​ទៅ​ក្រសួង​ដើម្បី​ដក​សាលា​ជំនាន់​ថ្មី ឲ្យ​ទៅ​ទីតាំង​ផ្សេងទៀត​»​។ 
 
​យុវតី លី ចេង​ហ្គេ​ច ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​ស្រក់​ទឹកភ្នែក​កាលពី​ពីរ​ថ្ងៃ​តវ៉ា​កន្លងទៅនេះ ដោយ​មិន​សុខចិត្ត​ឲ្យ​មាន​ការដក​លោកនាយក ប៉ុន្តែ​នៅថ្ងៃនេះ នាង​ក៏​សម្រក់​ទឹកភ្នែក​ដែរ តែ​សម្រក់​ក្នុងន័យ​សប្បាយរីករាយ រំភើប បន្ទាប់ពី​ឈ្នះ​ការតវ៉ា​នេះ​។  នាង​លើកឡើងថា​៖ «​បន្ទាប់ពី​អ្នកគ្រូ លោកគ្រូ​ចុះ​ពី​ប្រជុំ​វិញ គាត់​ប្រាប់ថា កូន​ជោគជ័យ​ហើយ ពេលនោះ​ខ្ញុំ​ទប់​អារម្មណ៍​អត់​បានទេ ខ្ញុំ​សប្បាយចិត្ត​មែនទែន ដោយសារ​ការតវ៉ា​នេះ​បាន​ជោគជ័យ​»​។ 


 
​កន្លងមក​អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំ​បូ​លី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួង​ដកតំណែង​លោក មូល ស៊ុយ​ហេង ចេញពី​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ ក្នុង​គោលបំណង​ផ្ទេរ​រូបគាត់​ទៅ​នាយកដ្ឋាន​នៃ​ក្រសួង​អប់រំ​។ អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ៖«​មិនមែនជា​ការដកតំណែង​នាយក​សាលា​នោះទេ តាមពិត ជាការ​ផ្ទេរ​ភារកិច្ច​របស់​នាយក​សា​លា គឺ​ផ្ទេរ​ភារកិច្ច​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មក​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស​។ ការផ្ទេរ​នេះ ដោយសារតែ​គាត់ (​មូល ស៊ុយ​ហេង​) ធ្វើ​នៅ​ទីនោះ​យូរហើយ ហើយ​មានបទពិសោធន៍​ចាស់ទុំ អាចមក​ជួយ​ការងារ​នៅ​នាយកដ្ឋាន​បាន​»៕ 
 

Tag:
 ​ព្រះស៊ីសុវត្ថិ​
  មូល ស៊ុយ​ហេង​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com