ជាតិ
ចិន បញ្ចប់​គម្រោង​សិក្សា​ស្រាវជ្រាវ​នៅ​ប្រាសាទព្រះវិហារ និង​គ្រោង​ផ្តើម​ការជួសជុល​ឆាប់ៗ
21, Sep 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ ប្រទេស​ចិន ដែលជា​សហប្រធាន នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ​សម្រាប់​ការអភិរក្ស និង​ការលើកតម្លៃ​ព្រះវិហារ​(ICC- Preah Vihear) នឹង​ដំណើរ​ការជួសជុល​ប្រាសាទព្រះវិហារ នាពេល​ឆាប់ៗ​នេះ​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្ដម គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។​

 
​ក្នុង​កិច្ចប្រជុំ​នោះ ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​មានប្រសាសន៍ថា កិច្ចប្រជុំ​លើក​នេះ គឺ​ខុសគ្នា​ខ្លាំង​ជាមួយនឹង​កិច្ចប្រជុំ​នាពេល​កន្លងមក ព្រោះថា​សហប្រធាន​ចិន និង​ឥណ្ឌា នឹង​បង្ហាញ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ដែល​ខ្លួន បានធ្វើ នៅ​តំបន់​ប្រាសាទព្រះវិហារ​។ តាម​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្រោយ​កិច្ចប្រជុំ​នេះ គេ​នឹង​ដឹង​ពី​ពេលវេលា​ជាក់លាក់ នៃ​ការចាប់ផ្តើម​ការងារ​ជួសជុល​របស់​ប្រទេស​ចិន​។ តាម​គម្រោង ចិន នឹង​ជួសជុល​គោ​បុ​រៈ​ទី​១ ទី​២ និង​ទី​៣ នៃ​ប្រាសាទព្រះវិហារ​។ 
 
​ដោយឡែក​សម្រាប់​សហប្រធាន​ឥណ្ឌា​វិញ កាលពី​ចុងខែ​សីហា​កន្លងទៅ ប្រធាន​អាជ្ញាធរ​ជាតិព្រះវិហារ និង​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ទាក់ទង​នឹង​ការងារ​ជួសជុល​គោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​។​
 
​តាម​ការបញ្ជាក់​របស់ លោក គឹម សេ​តារា កាលពីពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក ក៏បាន​ទម្លាក់​ថវិកា​ប្រចាំឆ្នាំ​របស់ខ្លួន ក្នុងការ​ចូលរួម​ជួយ​ជួសជុល​ជណ្ដើរ​ខាងជើង​ប្រាសាទព្រះវិហារ​ផងដែរ​។ ក្នុង​មួយឆ្នាំ សហរដ្ឋអាមេរិក​ជួយ​ថវិកា​ប្រមាណ​២០​ម៉ឺន​ដុល្លារ ហើយ​ថវិកា​អាចមាន​ពី​២ ទៅ​៣​ឆ្នាំ​។ ដូច្នេះ​មាន​ប្រទេស​មហាអំណាច​៣​ហើយ ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទព្រះវិហារ​។ នេះ​បើតាម​លោក គឹម សេ​តារា ដែល​បាន​បន្តថា ក្រៅពី​ប្រទេស​មហាអំណាច​ទាំង​៣ ក៏មាន​ប្រទេស​ជា​សមាជិក​ដទៃទៀត បាន​ជួយ​ការងារ​ជាច្រើន​ផងដែរ ដូចជា​ប្រទេស​ប៊ែ​ល​ហ្សិ​ក ជួយ​រឿង​ការងារ​សហគមន៍ វេ​ប​សាយ ឯ​បារាំង ជួយ​សិក្សា​ប្រវត្តិសាស្ដ្រ តំបន់​ប្រាសាទ​ទាំង​នៅ​តំបន់​ព្រះវិហារ និង​កោះកែរ​។​ល​។ 
 
​គួរ​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​បើក​សម័យប្រជុំ​បច្ចេកទេស​លើក​ទី​៤ នៅ​ថ្ងៃទី​២០ ខែកញ្ញា ដោយមាន​សហប្រធាន​ចិន និង​ឥណ្ឌា​។ សហប្រធាន​ឥណ្ឌា សម្របសម្រួល​ដោយ​លោកស្រី Manika JAIN និង​សហប្រធាន​ចិន សម្របសម្រួល​ដោយ​លោកស្រី Zou WENXING ឯ​សមាជិក​ចំនួន ៦​ទៀត មាន​ប៊ែ​ល​ហ្សិ​ក បារាំង ជប៉ុន សាធារណរដ្ឋ​កូរ៉េ ថៃ និង​សហរដ្ឋអាមេរិក ព្រមទាំង​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ដទៃទៀត​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕

Tag:
 ប្រាសាទព្រះវិហារ​
 ​ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com