ជាតិ
មន្ត្រីការទូត​បែលហ្ស៊ិក ៖ កម្ពុជា គឺជា​ប្រទេស​មាន​អំណោយផល​ជាងគេ​ក្នុង​តំបន់ សម្រាប់​ការវិនិយោគ​
21, Sep 2018 , 10:21 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ កម្ពុជា គឺជា​ប្រទេស​ដែលមាន​ស្ថិរភាព និង​មាន​លក្ខណៈ​អំណោយផល​ជាងគេ​ក្នុង​តំបន់ សម្រាប់​ការធ្វើ​ធុរកិច្ច និង​វិនិយោគ​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ការទូត​បែលហ្ស៊ិក នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ កាលពី​ថ្ងៃទី​២០ កញ្ញា​។​

 
​ឯកអគ្គរាជទូត​បែលហ្ស៊ិក​ប្រចាំ​កម្ពុជា​លោក ហ្វី​លី​ព គ្រី​ដេ​ល​កា និង​លោក ហ្វី​លី​ព កូ​អាទេស នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​បែ​ល​ហ្សិ​ក​-​លុច​ហ្សំ​បួរ​-​ថៃ បាន​លើក​ដូចគ្នា​អំពី​លក្ខណៈពិសេស​នៃ​ទីតាំង​ភូមិសាស្ត្រ និង​វឌ្ឍនភាព​របស់​កម្ពុជា ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​បរិយាកាស​វិនិយោគ ដែល​គួរឱ្យ​ទាក់ទាញ​។ ជាមួយគ្នានេះ​បេសកជន​ទាំងពីរ បាន​អញ្ជើញ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​បែ​ល​ហ្សិ​ក ដែល​គ្រោង​រៀបចំ​នៅ​ដើមខែ​ធ្នូ​ខាងមុខ ដើម្បី​ជំរុញ​កិច្ចសហការ​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ផង​។​
 
​ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​ឯកភាព​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​បែ​ល​ហ្សិ​ក ខាងមុខនេះ​។ បន្ថែម​ពីនេះ​លោក ប៉ាន សូរ​ស័ក្តិ បាន​ប្រាប់​បេសកជន​ទាំងពីរ​ថា កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ រួមទាំង​គោលនយោបាយ​វិនិយោគ និង​គោលការណ៍​លើកទឹកចិត្ត​ផ្សេងៗ​ចំពោះ​វិនិយោគិន​បរទេស​។ ទាំងនេះ គឺជា​ចក្ខុវិស័យ​រដ្ឋាភិបាល ក្នុងការ​កៀងគរ​អ្នកវិនិយោគ​មក​កម្ពុជា​។​
 
​ត្រង់ចំណុច​នេះ​លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​អត្ថប្រយោជន៍​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សួន​ឧស្សាហកម្ម Techno Park ប្រាប់​មន្ត្រីការទូត​ទាំងពីរ​ថា តំបន់​សេដ្ឋកិច្ច​នេះ បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អាច​ផលិត​គ្រឿង​ផ្គុំ​រថយន្ត ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​ផ្តល់​ដោយ​ប្រទេស​ចំនួន ៣២ រួមទាំង​សហគមន៍​អឺរ៉ុប​ផង​។​
 
​បច្ចុប្បន្ន​រដ្ឋាភិបាល កំពុង​ប្រែ​ក្លាយខ្លួន ឲ្យ​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ។ ហើយ​កម្ពុជា​ក៏​កំពុង​ត្រៀមខ្លួន ដើម្បី​ទប់ទល់​ផលប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​នៃ​សេដ្ឋកិច្ចពិភពលោក​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា និង​បែលហ្ស៊ិក បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​គ្នា​ឡើងវិញ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​១៩៩២​។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ បាន​ក្លាយជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​បាន​កំពុង​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​។ រយៈ​៧​ខែ ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ចំនួន​២៩២​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ សម្រេចបាន ៤១១​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​៕
 

Tag:
 ប៉ាន សូរ​ស័ក្តិ​
  ពាណិជ្ជកម្ម​
  បែលហ្ស៊ិក
© រក្សាសិទ្ធិដោយ thmeythmey.com