អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីវៀតណាម Tran Dai Quang ទទួល​មរណភាពក្នុងអាយុ ៦២ឆ្នាំ
21, Sep 2018 , 12:12 pm        
រូបភាព
ដោយ: ថ្មីៗ
 ប្រធានាធិបតីវៀតណាមលោក Tran Dai Quang ទទួលមរណភាពនៅថ្ងៃ ២១ ខែកញ្ញានេះ​ដោយសារមានជំងឺធ្ងន់ធ្ងរ។ នេះ​បើតាម​ការចុះ​ផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន AFP។ 


ប្រធានផ្នែកសុខា​ភិបាលនៃមន្ទីរពេទ្យយោធាវៀតណាមលោក Nguyen Quoc Trieu បានបញ្ជាក់ថា ប្រធានាធិបតី​វៀតណាមរូបនេះបានស្លាប់បាត់​បង់ជីវិតនៅម៉ោង ១០​៖ ០៥ នាទី នៅមន្ទីពេទ្យយោធានាទីក្រុង ហាណូយ។

បើតាមសេចក្តីថ្លែងការណ៍​របស់មន្ទី​រពេទ្យខាងលើនេះដែរ ប្រមុខរដ្ឋ​​វៀតណាមរូបនេះ​ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរយូរហើយ ហើយលោក​ក៏បានទទួលការ​ព្យាបាលពីគ្រូពេទ្យ​ជំនាញ​ទាំងក្នុងស្រុក​ និងបរទេសដែរ មុន​ទទួលមរណភាពនេះ។ ប៉ុន្តែមិនមានការបញ្ជាក់ពីខាង​មន្ទីរពេទ្យឡើយជុំវិញប្រភេទជំងឺរបស់​ប្រធានាធិបតីរូបនេះ។ 

លោក Dai Quang បានស្បថចូលកាន់​តំណែងជាប្រធានាធិបតីវៀតណាមនៅ​ក្នុងខែមេសា ឆ្នាំ ២០១៦ ដោយជំនួសតំណែងលោក Truong Tan Sang។ លោកក៏ជាប្រមុខរដ្ឋវៀតណាម​ដំបូង​គេ​ដែលបានស្លាប់ក្នុងតំណែង។

 លោក Dai Quang បានកើតនៅក្នុងឆ្នាំ ១៩៥៦ នៅភូមិ Quang Thien នៃខេត្តភាគខាងជើង Ninh Binh។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនគរបាលប្រជាជនវៀតណាម និងសាលា​​ភាសាបរទេស​ក្រោមក្រសួងមហាផ្ទៃ​ ដែលបច្ចុប្បន្នជាក្រសួងសន្តិសុខសាធារណៈ។
 
លោកក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យដោយមានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់​ មុននឹងចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រុមប្រឹក្សា​សន្តិសុខ​។ បន្តមកទៀត​លោកបាន​ក្លាយជា​អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅ​ឆ្នាំ ២០០៦។ ក្នុងខែសីហា​ឆ្នាំ ២០១១​ លោក Dai Quang ត្រូវបាន​ដំឡើងតំណែងទៅជារដ្ឋមន្ត្រីក្រសួងសន្តិសុខ​សាធារណៈ រហូតដល់ខែមីនាឆ្នាំ ២០១៦ មុនក្លាយជាប្រធានាធិបតី៕    





© រក្សាសិទ្ធិដោយ thmeythmey.com