ជាតិ
សេដ្ឋកិច្ច
EU ព​ន្លឿ​ន​ការអនុវត្ត​យុទ្ធសាស្ត្រ​របស់ខ្លួន ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​អឺរ៉ុប និង​អាស៊ី​
21, Sep 2018 , 7:19 pm        
រូបភាព
លោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប
លោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប
ដោយ:
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​១៩​ខែកញ្ញា បានអនុម័ត​របាយការណ៍​រួមមួយ​ស្ដីពី​ចក្ខុវិស័យ​របស់​សហភាព​អឺរ៉ុប ដោយបាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អឺរ៉ុប និង​អាស៊ី​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​សហ​ភាព​អឺរ៉ុប​។


 
​លោកស្រី Federica Mogherini អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប​មានប្រសាសន៍ថា​«​នៅពេលដែល​យើង​កាន់តែ​ភ្ជាប់​ទំនាក់ទំនង យើង​នឹង​មានឱកាស​កាន់តែច្រើន ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​រួម ព្រមទាំង​នាំមក​នូវ​វិបុលភាព​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​។ អភិក្រម​របស់​យើង គឺជា​របៀប​ធ្វើការ​របស់​សហភាព​អឺរ៉ុប ដើម្បី​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែ​រឹងមាំ និង​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ប្រកបដោយ​និរន្តរភាព​លើ​គ្រប់​វិស័យ​ឈើ​លើ​ការគោរព​គោលការណ៍​រួម​»​។​
 
​ឈរលើ​ការប្ដេជ្ញាចិត្ត​ចំពោះ​ការតភ្ជាប់​នេះ សហភាព​អឺរ៉ុប​ដាក់ចេញ​សកម្មភាព​ចំនួន​៣​ជាក់លាក់​។ ទី​១, បង្កើត​តំណរ​ភ្ជាប់​គមនាគមន៍ បណ្ដាញ​ថាមពល និង​ឌីជីថល និង​ត​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​។ ទី​២, ការផ្ដល់​ភាពជា​ដៃគូ ក្នុង​ការតភ្ជាប់​ទំនាក់​ទំនង​ដល់​បណ្ដា​ប្រទេស​នានា​នៅ​អាស៊ី និង​ក្នុង​អង្គការ​ស្ថាប័ន​ផ្សេងៗ​។ និង​ទី​៣, លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ ប្រកបដោយ​និរន្តរភាព តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុ​ចម្រុះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com