សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក ជេ​ក ម៉ា ថា មិនអាច​បង្កើត​ការងារ​ឲ្យ​អាមេរិក​ចំនួន​១​លាន​កន្លែង​តាម​ការសន្យា​ឡើយ​
21, Sep 2018 , 8:19 pm        
រូបភាព
ដោយ:
​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​និយាយថា ក្រុមហ៊ុន​របស់លោក មិនអាច​បំពេញ​តាម​ការសន្យា​ក្នុងការ​បង្កើត​ការងារ​មួយ​លាន​កន្លែង ក្នុង​សហរដ្ឋអាមេរិក​បាន​នោះទេ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​។

 
​លោក Ma ដែល​បានសម្រេច​ចិត្ត​កំណត់​ថ្ងៃ​ចូលនិវត្តន៍​កាលពី​ថ្មីៗ បានលើកឡើង​បែបនេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០១៨​។ លោក Ma បាន​និយាយទៀតថា ការសន្យា​របស់លោក​ទៅកាន់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ពិតជា​ពិបាក​នឹង​កើតឡើង​ណាស់ ក៏​ព្រោះថា​ស្ថានភាព​ពាណិជ្ជកម្ម​បច្ចុប្បន្ននេះ មិនមាន​លំនឹង​នោះឡើយ​។  
 
«​ការសន្យា ត្រូវបាន​ធ្វើឡើង ដោយ​ផ្អែកលើ​ទំនាក់ទំនង​ល្អ​រវាង​អាមេរិក​និង​ចិន​នៅពេលនោះ​។ ប៉ុន្តែ​ស្ថានភាព​ឥឡូវនេះ បាន​បំផ្លាញ​ការអះអាង​របស់​យើង​ទាំងស្រុង​ហើយ​។ ដូច្នេះ​សន្យា​នេះ ពិតជា​មិនអាច​សម្រេចបាន​នោះឡើយ​»​។  នេះ​ជាការ​បញ្ជាក់​របស់លោក Ma​។ បើ​ពិ​តទៅ​លោក Ma និង​លោក​ត្រាំ កាលពី​ឆ្នាំ​២០១៧ បាន​ជួបគ្នា​ដើម្បី​ពិភាក្សា​អំពី​របៀប​ដាក់​បន្ថែម​ជំនួញ​ខ្នាតតូច និង​មធ្យម​របស់​អាមេរិក​នៅ​លើ​វេ​ប​សាយ Alibaba  ក្នុង​គោលបំណង​បង្កើត​ការងារ​ថ្មីៗ​បន្ថែមទៀត​។ 
 
​ទន្ទឹមនឹងនេះ  បុរស​ដែលមាន​ជាងគេ​ក្នុងប្រទេស​ចិន​នេះ ក៏បាន​ព្រមាន​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន​ផងដែរ​ថា ជម្លោះ​នេះ​នឹង​បំផ្លាញ​ជំនួញ​នៅ​ជុំវិញ​ពិភពលោក​។ ឥទ្ធិពល​របស់​វា​អាច​នឹងមាន​រយៈពេលរ​ហូត​ដល់ ២០​ឆ្នាំ ពោលគឺ​ផុត​អាណត្តិ​លោក​ត្រាំ​ទៅទៀត​ផង​។ ការណ៍​ដែល​ធ្វើ​ឲ្យ​ជម្លោះ​នេះ​មាន​រយៈពេល​វែង គឺ​ដោយសារតែ​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ កំពុង​ចូល​សមរភូមិ​ដើម្បី​ប្រជែង​យក​តំណែង​កំពូល​សេដ្ឋកិច្ច​លើ​លោក​។ 
 
​យ៉ាងណាមិញ លោក Ma បាន​សង្កត់ធ្ងន់ថា លោក​នឹង​បន្ត​ប្រឹងប្រែង​ជំរុញ​ឲ្យ​អាមេរិក និង​ចិន​វិលត្រឡប់​មកកាន់​ទំនាក់ទំនង​ទ្វេភាគី​ល្អប្រសើរ​នឹង​គ្នា​ដូចដើម​វិញ​។ «​ពាណិជ្ជកម្ម មិនមែនជា​អាវុធ​នោះទេ​។ ដូច្នេះ​យើង​មិន​គូរ​ប្រើប្រាស់​វា​សម្រាប់ធ្វើ​សង្គ្រាម​នោះឡើយ​»​។ 
 
​គួរ​បញ្ជាក់ថា ភាព​តានតឹង​នៃ​ពាណិជ្ជកម្ម បាន​ផ្ទុះឡើង​ជាថ្មី​ម្តងទៀត​ក្នុង​សប្ដាហ៍​នេះ ក្រោយ​ចិន បាន​ប្ដេជ្ញា​វាយបក​ប្រឆាំងនឹង​គម្រោង​ដំឡើង​ពន្ធ របស់​អាមេរិក​លើ​ទំនិញ​របស់ខ្លួន​ប្រមាណ ២០០​ពាន់​លាន​ដុល្លារ​។ ក្រុង​ប៉េកាំង  បាន​បញ្ជាក់ថា​ខ្លួន​នឹង​ដំឡើង​ពន្ធ​សងសឹក​លើ​ទំនិញ​អាមេរិក​ប្រមាណ ៦០​ពាន់​លាន​ដុល្លារ រួមមាន អាហារ​ប្រភេទ​សាច់ ស្រូវ​សាឡី និង​គ្រឿង​វាយ​ន​ភណ្ឌ​ជាដើម​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Ma បាន​ពន្យល់ថា ក្នុង​រយៈពេល​ខ្លី​នេះ ជំនួញ​ក្នុង​សហរដ្ឋអាមេរិក ចិន អឺរ៉ុប នឹងរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម ដែល​កំពុង​ឆាបឆេះ​នេះ​។ ផលប៉ះពាល់​នេះ​នឹងមាន​រយៈពេល​វែង​។ សម្រាប់​ដំណោះស្រាយ​ក្នុង​រយៈពេល​ខ្លី វា​មិនមាន​នោះឡើយ​៕ 
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  លោក Jack Ma
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com