កីឡាជាតិ
ជាតិ
ប្រធាន​ក្លិប​បឹងកេត​៖ លោក សាយ សំ​អាល់ នឹង​ជំរុញ​យុវជន​ឲ្យ​ស្រឡាញ់​បាល់ទាត់​កាន់តែច្រើន​
22, Sep 2018 , 8:59 am        
រូបភាព
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត(ពីឆ្វេងទៅស្តាំ)
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត(ពីឆ្វេងទៅស្តាំ)
ដោយ:
​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធានកិត្តិយស​ក្លិប​បាល់ទាត់​បឹងកេត ក្រោយ​មានការ​ស្នើសុំ​ពី​ប្រធាន​ក្លិប​។ សម្រាប់​អ្នកស្រី ពុធ ធីតា វត្តមាន​លោក សាយ សំ​អាល់ មិន​គ្រាន់តែ​ជា​ជំហរ​ដ៏​រឹងមាំ​សម្រាប់​ក្លិប​បឹងកេត​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ទៀតផង​។ បឹងកេត ដែល​ប្រកាស​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង​នោះ ត្រូវមាន​កម្មវិធី​សប្បុរសធម៌​ជាច្រើន ដែល​ត្រូវធ្វើ​ពាក់ព័ន្ធ​យុវជន និង​បរិស្ថាន​។​

 
«​ខ្ញុំ​គិតថា ការចូលរួម​របស់​ឯក​ឧ​ត្ត​ម សាយ សំ​អាល់ មិន​ត្រឹមតែ​ជួយ​ក្លិប​បឹងកេត​នោះទេ គឺ​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ទូទាំងប្រទេស​តែម្តង​។ ព្រោះ​មាន​យុវជន​ជាច្រើន​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​គាត់​»​។ ការលើកឡើង​របស់​អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត​ដូច្នេះ បន្ទាប់ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ត្រូវបានតែងតាំង​ជា​ប្រធានកិត្តិយស​ក្លិប​។ 
 
​ចំពោះ​អ្នកស្រី ពុធ ធីតា ការស្នើ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ខាងលើ ឲ្យ​មក​ចូលរួម​ជាមួយ​ក្លិប​បឹងកេត មិនមែន​ក្នុង​គោលបំណង​ដើម្បី​ជួយ​ក្លិប​បឹងកេត​នោះទេ ពោលគឺ​ដើម្បី​រួមគ្នា​ពិភាក្សា​រក​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ ម្យ៉ាងទៀត ដោយសារ​លោក សាយ សំ​អាល់ ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​រាជធានី​ភ្នំពេញ និង​ជា​អ្នក​ដែល​ស្រឡាញ់​វិស័យ​កីឡាបាល់ទាត់​។​
 
​ពាក់ព័ន្ធ​វត្តមាន​លោក សាយ សំ​អាល់ ជាមួយ​ក្លិប​បឹងកេត អ្នកស្រី ធីតា បាន​រៀបរាប់ថា​៖«​ពួកយើង​បាន​ទៅ​ស្នើសុំ​គាត់ ដើម្បី​មក​ធ្វើជា​ជំនួយ​និង​កម្លាំង​ដ៏​រឹងមាំ​មួយទៀត​សម្រាប់​យើង​។ គាត់​មក​ទីនេះ គឺ​ដើម្បី​ជួយ​បំផុសបំផុល​ជាមួយ​យុវជន​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​កីឡាបាល់ទាត់ ព្រោះ​គាត់​ធ្វើការ​ជាមួយ​យុវជន​ស្រាប់​។ ធម្មតា​ជា​អ្នកដឹកនាំ​១​រូប ដែល​គ្រប់គ្រង​យុវជន​រាប់ម៉ឺន​នាក់ យ៉ាងហោចណាស់ មាន​យុវជន​១០​ទៅ​២០​ភាគរយ​ក្នុងចំណោម​កូនចៅ​គាត់​មក​ទស្សនា យើង​អស់ចិត្ត​ដែរ​»​។ 
 
​ក្រោយ​ប្រកាស​តែងតាំង​ប្រធានកិត្តិយស​ថ្មី និង​ភាពជា​ដៃគូ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បឹងកេត​មានការ​ងារ​ជាច្រើន​ត្រូវធ្វើ​រួមគ្នា​ជាមួយ​លោក សាយ សំ​អាល់ ពាក់ព័ន្ធ​នឹង​យុវជន​។ បើ​យោងតាម​អ្នកស្រី ពុធ ធីតា ការងារ​ទាំងនោះ​រួមមាន​ការងារ​មនុស្សធម៌ ការចែករំលែក​បទពិសោធ​បាល់ទាត់​នៅតាម​សាលា និង​ខេត្ត​នានា និង​យក​កុមារកំព្រា​មក​បណ្តុះបណ្តាល​ជាដើម​៕ 
 

Tag:
 បាល់ទាត់​
  ពុធ ធីតា​
  បឹងកេត​
  សាយ សំ​អាល់
© រក្សាសិទ្ធិដោយ thmeythmey.com