សកម្មភាព​ដាំ​កូនឈើ​នៅ​ព្រៃអង្គរ​កាន់តែ​ផុសផុល​ក្រោយ​ការបើកឱកាស​ឱ្យ​វិស័យ​ឯកជន​ចូលរួម​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សកម្មភាព​ដាំ​កូនឈើ​នៅ​ព្រៃអង្គរ​កាន់តែ​ផុសផុល​ក្រោយ​ការបើកឱកាស​ឱ្យ​វិស័យ​ឯកជន​ចូលរួម​
22, Sep 2018 , 9:59 am        
រូបភាព
​សៀមរាប​៖ នា​រយៈពេល​ចុងក្រោយ​នេះ សកម្មភាព​ដាំ​កូនឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ ហាក់​មាន​សកម្មភាព​ផុសផុល ក្រោយ​មានការ​ប្រកាស​ឱ្យមាន​ការចូលរួម​ពី​សាធារណជន​នានា ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​មួយ​នេះ​។ គម្រប​ព្រៃ គឺមាន​សារសំខាន់​ណាស់​ក្នុង​ការរក្សា​លំនឹង​ប្រាសាទ ព្រោះ​វា​អាច​ផ្តល់​ទឹក​ក្រោម​ដី​ជួយ​ពង្រឹង​គ្រឹះ​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​។ គោលការណ៍​ថ្មី​របស់​អាជ្ញាធរ សាធារណជន​ទាំងអស់ មាន​កាតព្វកិច្ច​ក្នុង​ការងារ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ ដូចជា​តាមរយៈ​ការដាំ​កូនឈើ​ឡើងវិញ ព្រោះថា​ការងារ​មួយ​នេះ មិនមែន​ជាការ​ភារកិច្ច​ផ្តាច់មុខ​របស់​ស្ថាប័ន ឬ​បុគ្គល​ណាមួយ​ឡើយ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​




 
​សកម្មភាព​ចូលរួម​ដាំ​កូនឈើ​នៅក្នុង​ព្រៃ​នៃ​រមណីយដ្ឋាន​អង្គរ មាន​សកម្មភាព​ផុសផុល​គួរឱ្យ​ចាប់អារម្មណ៍​នា​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ វិស័យ​ឯកជន​ក្នុង​ខេត្តសៀមរាប កាន់តែ​ច្រើនឡើង​បាន​ងាក​មក​ចាប់អារម្មណ៍​នឹង​គម្រោង​ស្ថា​រ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ឡើងវិញ បន្ទាប់ពី​បញ្ហា​ព្រៃឈើ​ត្រូវបាន​លើក​ជា​បញ្ហា​ដែល​ត្រូវ​អទិភាព​។​
 
​តាម​អ្នកជំនាញ ទឹក​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​ទ្រទ្រង់​គ្រឹះ​ប្រាសាទ ព្រោះ​ភូមិសាស្ដ្រ​ក្នុង​រមណីយដ្ឋាន​អង្គរ ជា​ប្រភេទ​ដីល្បាយខ្សាច់ ដែល​ត្រូវការ​សំណើម​ទឹក​ដើម្បី​បង្ហាប់​។ ដូច​យើង​ដឹង​គ្រប់គ្នា​ហើយ​ថា ដើម្បី​មាន​ទឹកភ្លៀង​បាន គេ​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធាន​ព្រៃឈើ​។ ព្រៃ​ច្រើន​នៅ​តំបន់​ណា នោះ​ទឹកភ្លៀង​ក៏​សម្បូរ​ច្រើន​ដែរ​។​
 
​តាម​ការសិក្សា​របស់​អ្នកជំនាញ គម្រប​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​នៅសល់​ប្រមាណ​២០​ភាគរយ​តែប៉ុណ្ណោះ​។ ការណ៍​នេះ​បាន​ក្លាយជា​កង្វល់​មួយ​សម្រាប់​អ្នក​បុរាណវិទ្យា ដែល​បារម្ភ​ពី​ហានិភ័យ​នានា​នៃ​សំណង់​ប្រាសាទ ដែល​កំពុង​រង​ការខូចខាត​ជា​បណ្ដើរៗ​ហើយ​នោះ​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​នេះ ការស្ដារ​គម្រប​ព្រៃឈើ​ឡើងវិញ បានចាប់ផ្តើម​មាន​សក​ម្ម​ភាពខ្លាំង​ក្លា​នា​រយៈពេល​ចុងក្រោយ​នេះ​។ ក្នុងនោះ ក៏មាន​ប្រកាស​ឱ្យ​សាធារណជន ឬ​វិស័យ​ឯកជន​ចូលរួម​ផងដែរ​។​
 
​នៅ​ព្រឹក​ថ្ងៃទី​១ កញ្ញា សកម្មភាព​ដាំ​កូនឈើ​ជា​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​រៀបចំឡើង​នៅ​ទីតាំង​ខាងត្បូង​ឈៀង​ខាងលិច នៃ​ប្រាសាទបន្ទាយក្ដី ដែលជា​ទីតាំង​មួយ​សំខាន់​ក្នុង​គម្រោង​ស្ដារ​ព្រៃឈើ​ឡើងវិញ​។ ពិធី​នេះ រៀបចំឡើង​ដោយ​គម្រោង​អប់រំ​បេតិកភណ្ឌ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​សមាគម​ធនធានមនុស្ស​ខេត្តសៀមរាប ដែល​បាន​ដាំ​កូនឈើ​ជាង​២​ពាន់​ដើម​។​
 
​បុគ្គលិក​បច្ចេកទេសផ្នែក​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ដែល​បាន​សម្រួល​រៀបចំ​ពិធី​នៅថ្ងៃនោះ បានឱ្យដឹងថា ដើមឈើ​ដែល​ដាំ​នៅពេលនោះ មាន​៣​ប្រភេទ គឺ​ឈើ​យាង គគីរ និង​កកោះ​។ លោក យិ​ត សូវ៉ាត ពន្យល់ថា ការដាំ​កូនឈើ​ក្នុង​ឧទ្យាន​អង្គរ មិនមែន​ចេះតែ​ដាំ​ឡើយ​។ ឈើ​ដែល​គេ​ត្រូវ​ដាំ​នៅ​តំបន់​ដែល​បាត់បង់ ជា​ប្រភេទ​ឈើ​ធំៗ ដែលមាន​ឬ​ស​ចាក់​ជ្រៅ​ទៅ​ក្រោម​ដី និង​រក្សា​ទឹក​បានយូរ​សម្រួល​ដល់​ការ​ទ្រទ្រង់​ដល់​គ្រឹះ​ប្រាសាទ​ក្នុង​តំបន់​នោះ​។​


 
​ក្នុង​បំណង​ដើម្បី​ស្ដារ​គម្រប​ព្រៃឈើ​ឡើងវិញ​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា បាន​ដោះស្រាយ​គោលនយោបាយ​ជាមួយ​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​តំបន់​របស់ខ្លួន ដោយ​យក​ដីស្រែ​ដែល​ពួកគេ​ធ្លាប់​អាស្រ័យ​ផល មក​ដាំ​កូនឈើ​។ ផ្ទៃដី​ដែល​ស្ថិតនៅ​ជិត​ប្រាសាទបន្ទាយក្ដី​នេះ គឺមាន​ប្រមាណ ២៨​ហិកតា ដែល​បច្ចុប្បន្ន​ដាំ​កូនឈើ​បាន​ប្រមាណ​ជាង មួយ​ម៉ឺន​ដើម​រួចហើយ​។ ផ្ទៃដី​ដែល​នៅ​សេសសល់​នៅ​ប្រមាណ ១៥​ហិកតា​ទៀត ដែល​ត្រូវ​ដាំ​កូនឈើ​បន្ថែម​។​
 
​តំណាង​សមាគម​ធនធានមនុស្ស​ខេត្តសៀមរាប ដែល​តែង​ចូលរួម​ជាប្រចាំ​ក្នុង​ការដាំ​កូនឈើ និង​ជា​ដៃគូ​សហការ​ជាមួយ​គម្រោង​អប់រំ​បេតិកភណ្ឌ ដែល​បណ្ដុះបណ្តាល​កុមារ​ក្នុង​អង្គរ​ឱ្យ​ស្គា​ល់ពី​តម្លៃ​បេតិកភណ្ឌ លោកស្រី សួង សុភាព បានឱ្យដឹងថា ការបង្កើតឱ្យមាន​ការ​ចូលរួម​ដាំ​កូនឈើ​នេះ ពិត​ជាមាន​សារសំខាន់​ណាស់​។ លោកស្រី​ពន្យល់ថា សម្បត្តិ​ធម្មជាតិ​នៅ​កម្ពុជា​កាន់តែ​បាត់បង់​ជា​បន្ដបន្ទាប់ ដូច្នេះ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ និង​ជា​អ្នកជំនាន់ក្រោយ ត្រូវ​ចូលរួម​ថែរក្សា និង​បង្ហាញ​សកម្មភាព​នានា​ក្នុងការ​ចូលរួម​ការដាំ​កូនឈើ​នេះ ដើម្បី​បង្ហាញ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​បានឃើញ និង​បាន​យល់​។ ហើយ​នេះ​ជា​អ្វីដែល​អ្នកធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ត្រូវតែ​ចូលរួម​ផងដែរ ព្រោះថា​ពួកគេ​ទទួលបាន​ប្រយោជន៍​ផ្សេងៗ ក៏ដោយ​សារ​អង្គរ​នេះដែរ​។​
 
​សមាគម​ធនធានមនុស្ស​ខេត្តសៀមរាប សព្វថ្ងៃ​មាន​សមាជិក​ប្រមាណ​៨០​ក្រុមហ៊ុន ដែល​ក្នុងនោះ​រួមមាន​ដូចជា​ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ ក្រុមហ៊ុន និង​ស្ថាប័ន​ធ្វើការ​ចម្រុះ​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​សមាគម​នេះ​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការដាំ​កូនឈើ​ក្នុងព្រៃ​នៃ​ឧទ្យាន​អង្គរ ដែល​លើក​ទី​១​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ខាងជើង​ប្រាសាទតាព្រហ្ម​កាលពី​ដើមខែ កក្កដា​កន្លងទៅ​។​
 
​ជាមួយនឹង​ការចូលរួម​នេះ អ្នកចូលរួម​ក៏បាន​រៃអង្គាស​ជា​ថវិកា ដើម្បី​យកទៅ​ទ្រទ្រង់​លើ​ការងារ​អប់រំ​បេតិកភណ្ឌ​មួយចំនួន ដូចជា​ទិញ​សម្ភារ​សម្រាប់​ក្មេងៗ​ក្នុង​គម្រោង​អប់រំ​បេតិកភណ្ឌ ជួសជុល​យានជំនិះ​ដែល​ប្រើប្រាស់​សម្រាប់​ការបណ្ដុះ​កូនឈើ​។​ល​។ ជាមួយនឹង​គម្រោង​អប់រំ​បេតិកភណ្ឌ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០១៨​នេះ វា​ពិត​មាន​សារសំខាន់​ណាស់ ព្រោះ​ជា​កម្មវិធី​អប់រំ​មួយ​ដែល​វិស័យ​ឯកជន​ក៏បាន​សម្លឹង​ឃើញ​ពីមុនមក​ដែរ តែ​ទើបនឹង​មានឱកាស​។  
 
​ការ​ចាប់ដៃគ្នា​រវាង​វិស័យ​ឯកជន និង​រដ្ឋ​ក្នុង​ការងារ​បេតិកភណ្ឌ​នេះ ហាក់​រៀង​យឺត​ពេល​បន្តិច​មែន តែ​ក៏​មិនទាន់​ហួសពេល​ពេក​ដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​គម្រោង​អប់រំ​បេតិកភណ្ឌ​។ លោក​ពន្យល់ថា ទាំង​វិស័យ​ឯកជន និង​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ស្ថាប័នរដ្ឋ​នេះ​សុទ្ធ​តែមាន​ចេតនា​រៀងៗ​ក្នុង​កិច្ចការ​ទាំងនេះ ប៉ុន្តែ​ទើបតែនឹង​មានឱកាស​ក្នុង​ឆ្នាំ​២០១៨​នេះ​នៅពេលដែល​គម្រោង​អប់រំ​បេតិកភណ្ឌ​បានចាប់ផ្តើម​។​


 
​គម្រោង​អប់រំ​បេតិកភណ្ឌ​ត្រូវបាន​បង្កើតឡើង​នៅ​ដើមឆ្នាំ​២០១៨ ដោយ​ដាក់បញ្ចូល​កម្មវិធី​អប់រំ​បេតិកភណ្ឌ​នៅក្នុង​កម្មវិធី​សាលារៀន​រដ្ឋ​ដល់​សិស្ស​នៅក្នុង​សាលា​ក្នុង​តំបន់​អង្គរ​។ ដោយសារ​ជា​ឆ្នាំ​សាកល្បង គម្រោង​បានជ្រើសរើស​សាលាបឋមសិក្សា​ស្រះស្រង់ និង​វិទ្យាល័យ​នគរធំ សម្រាប់​អនុវត្តន៍ ក្នុងនោះ​ថ្នាក់​បឋម​បង្រៀន​សិស្ស​ថ្នាក់​ទី​៥ និង​ទី​៦ ឯ​ថ្នាក់​វិទ្យាល័យ បង្រៀន​សិស្ស​ថ្នាក់​១០ និង​ទី​១១​។ តទៅ​មុខ គម្រោង​នេះ​មានបំណង​ពង្រីក​ទៅដល់​បណ្ដា​សាលា​ផ្សេងៗ​នៅ​ជុំវិញ​តំបន់​អង្គរ ដោយ​បង្រៀន​ឱ្យ​ពួកគេ​យល់​ពី​បេតិកភណ្ឌ និង​តម្លៃ​ដ៏​អស្ចារ្យ​របស់​វា​ដែល​បុព្វបុរស​សម័យមុន បន្សល់​ទុកឱ្យ​។​
 
​ត្រឹម​មួយរយៈ​ពេល​ខ្លី គម្រោង​នេះ​ទទួលបាន​គាំទ្រ​ច្រើន​ពី​សាធារណជន​ទូទៅ ដែល​យល់​តម្លៃ​នៃ​កម្មវិធី​អប់រំ​នេះ​។ ពួកគេ​បាន​ចូលរួម​តាមរយៈ​ការឧបត្ថម្ភ​នូវ​សម្ភារ និង​ថវិកា​មួយចំនួន​ដល់​កុមារ​ផងដែរ​។ លោក អ៊ឹម សុខ​រិទ្ធី ថា វា​ហួស​ពីអ្វី​ដែល​លោក​រំពឹងទុក ហើយ​សប្បាយ​ជាខ្លាំង​ពេល​មាន​ពលរដ្ឋ​កាន់តែច្រើន​យល់​ពី​សារប្រយោជន៍​នៃ​កិច្ច​ការដែល​លោក​បាននិងកំពុង​ធ្វើ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com