ជាតិ
សង្គមជាតិ
អភិបាលខេត្ត​កំពង់ចាម បង្កើត​ការប្រកួតប្រជែង​ឃុំ​-​សង្កាត់​ដែល​បម្រើសេវា​សាធារណៈ​ល្អ​
21, Sep 2018 , 4:09 pm        
រូបភាព
រូបពី​អភិបាល​ខេត្ត​កំពង់​ចាម​
រូបពី​អភិបាល​ខេត្ត​កំពង់​ចាម​
ដោយ:
​កំពង់ចាម​៖ អភិបាលខេត្ត​កំពង់ចាម បង្កើត​ការប្រកួតប្រជែង​ផ្នែក​សេវា​ឃុំ​-​សង្កាត់ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​។ ការប្រកួតប្រជែង​នេះ តម្រូវ​ឲ្យ​មេឃុំ -​ចៅសង្កាត់ ផ្តល់​សេវាសាធារណៈ​សំខាន់ៗ ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​។

 
​គោលបំណង​នៃ​ការបង្កើត​កម្មវិធី​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ។ រដ្ឋបាលខេត្ត​កំពង់ចាម បាន​បញ្ជាក់ថា ការផ្តល់​សេវាកម្ម​ទាំងនេះ មេឃុំ​-​ចៅសង្កាត់ ស្នៀ​ន និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ -​សង្កាត់ ត្រូវអនុវត្ត​ដោយផ្ទាល់ និង​ដល់ទី​កន្លែង​ស្នាក់នៅ​ស្របតាម​ខ្លឹមសារ​ណែនាំ ហើយ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ 
 
​រដ្ឋបាលខេត្ត​កំពង់ចាម នឹង​ជ្រើសរើស​មេឃុំ សង្កាត់ ចំនួន​១០៩​រូប ដើម្បី​ប្រកួត​ការផ្តល់​សេវាសាធារណៈ​សំខាន់ៗ ដូចជា ការចុះ​សំបុត្រកំណើត​, សំបុត្រអាពាហ៍ពិពាហ៍​, សំបុត្រមរណភាព​, បញ្ជី​ឈ្មោះ​ស្នាក់នៅ​អចិន្ត្រៃយ៍​,​ការផ្តល់សេវា​ស្នាក់នៅ​, ការចុះឈ្មោះ​ក្នុង​បញ្ជី​គ្រួសារ និង​ការផ្តល់​សៀវភៅ​គ្រួសារ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
 
​ក្នុង​សេចក្តីប្រកាស​ដដែល រដ្ឋបាលខេត្ត​កំពង់ចាម បាន​លើកឡើងថា ក្នុងចំណោម​១០៩​រូប នឹង​ជ្រើសរើស​ជ័យ​លោ​ភី​ចំនួន​៣​រូប និង​៧​រូប​ទៀត ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត ដោយ​ជ័យ​លោ​ភី​លេខ​១ នឹង​ទទួលបាន​ថវិកា​១០​លាន​រៀល លេខ​២ ទទួលបាន ៦​លាន​រៀល លេខ​៣ ទទួលបាន ៤​លាន​រៀល និង​ជ័យ​លោ​ភី​លេខ​៤ ល់​លេខ​១០ ដោយ​ក្នុង​ម្នាក់​ទទួលបាន ២​លាន​រៀល ព្រមទាំង​ប័ណ្ណសរសើរ​ម្នាក់​មួយ​ផងដែរ​។ 
 
​សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ប្រកួត​នេះ បេក្ខជន​ត្រូវ​ផ្តល់​សេវាសាធារណៈ​ដូចខាងលើ​នេះ ដោយ​ត្រូវ​ថតរូប​សកម្មភាព​នៃ​ការផ្តល់សេវា​នេះ​ជា​អំណះអំណាង​។ រាល់​សកម្មភាព​ត្រូវ​បង្ហោះ​ភ្លាមៗ នូវ​ព័ត៌មាន និង​រូបភាព  នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ករៀងៗ​ខ្លួន សម្រាប់​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​ដឹង​ពី​ការផ្តល់សេវា​នេះ​។ 
 
​ចំពោះ​ការប្រលង​ប្រកួត​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ខែ តុលា ឆ្នាំ​២០១៨ ខាងមុខនេះ និង​ផុតកំណត់​នៅ​ថ្ងៃទី​៣១ ខែ​ឆ្នូ ឆ្នាំ​២០១៨​។ សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត រដ្ឋបាលខេត្ត​នឹង​កំណត់​ការ​បូកសរុប​របាយការណ៍​ប្រចាំឆ្នាំ​ចាប់ពី​ថ្ងៃទី​០១ ខែមករា និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​៣១ ខែ​ឆ្នូ ជា​រៀងរាល់ឆ្នាំ​៕  
​ 

Tag:
 ​កំពង់ចាម​
  ឃុំ សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com