អន្តរជាតិ
អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ចិន​ជុំវិញ​ការទិញ​យន្តហោះ និង​ប្រព័ន្ធ​ការពារ​ពី​រុស្ស៊ី​
21, Sep 2018 , 5:45 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​នៅ​ថ្ងៃទី ២០ កញ្ញា រដ្ឋបាល​លោក​ត្រាំ បានដាក់​ទណ្ឌកម្ម​លើ​យោធា​ចិន ដែល​បាន​ទិញ​យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពី​រុស្ស៊ី​។ ចំណាត់ការ​ចុងក្រោយ​របស់​សហរដ្ឋអាមេរិក​នេះ​គឺធ្វើឡើង ស្រប​ពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង​ទៅៗ ជាក់ស្តែង​គឺ​បន្ទាប់ពី​មេដឹកនាំ​ចិន ព្រមាន​វាយបក​លើ​ការដំឡើង​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ខ្លួន​។​

 
​ក្រុង​វ៉ាស៊ីនតោន បាន​និយាយថា ទណ្ឌកម្ម​ថ្មី​ដែល​បង្កើតឡើង​ដោយ​ក្រ​សូង​ការបរទេស ចូលរួម​ពិភាក្សា​ជាមួយ​ក្រសួង​រតនាគារ​អាមេរិក ត្រូវបាន​អនុវត្ត​លើ​នាយកដ្ឋាន​អភិវឌ្ឍ​សម្ភារៈ (EDD) របស់​ចិន​។ ស្ថាប័ន​ដែលជា​ផ្នែក​មួយ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៦ ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​។ អគ្គនាយកដ្ឋាន​យោធា​ចិន​នេះ មាន​ទំនួល​ខុសត្រូវ​ផ្គត់ផ្គង់​សព្វាវុធ និង​សម្ភារៈ​យោធា​ដល់​កងទ័ព​ចិន​។ 
 
​យោងតាម​របាយការណ៍​របស់​សហរដ្ឋអាមេរិក ក្រុង​ប៉េកាំង កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ទទួលបាន​យន្តហោះ​ចម្បាំង Su-35s ចំនួន​១០​គ្រឿង និង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល S-400 មួយចំនួនទៀត​ក្នុង​ឆ្នាំ​២០១៨ ពី​ក្រុមហ៊ុននាំចេញ​អាវុធ​ធំ​បំផុត​របស់​រុស្ស៊ី Rosoboronexport​។ 
 
​ទណ្ឌកម្ម​ប្រឆាំងនឹង​អគ្គនាយកដ្ឋាន​នេះ គឺ​រួមមាន​ដូចជា ហាមឃាត់​មិន​ឲ្យ​បញ្ជា​ទិញ​អាវុធ​របស់​សហរដ្ឋអាមេរិក​, មិន​អនុញ្ញាត​ឲ្យ​មានការ​ជួញដូរ​រូបិយប័ណ្ណ​បរទេស​ក្នុង​ក្របខ័ណ្ឌ​អាមេរិក ឬ​បដិសេធ​រាល់​ការជួញដូរ​រូបិយវត្ថុ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​។ លើសពីនេះ ក្រុង​វ៉ាស៊ីនតោន ក៏មាន​សមត្ថកិច្ច​រឹប​អូស​ទ្រព្យសម្បត្តិ​នានា​របស់  EDD ដែលមាន​ក្នុង​ទឹកដី​អាមេរិក​ផងដែរ​។​
 
​ខណៈ​ទណ្ឌកម្ម​ត្រូវបាន​ដាក់​ប្រឆាំងនឹង EDD និង​ប្រធាន​ស្ថាប័ន​នេះ គឺ​លោក Li Shangfu យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីជាន់ខ្ពស់​អាមេរិក បាន​ពន្យល់ថា «​គោលដៅ​ធំ​បំផុត​របស់​ទណ្ឌ​កម្មនេះ គឺ​ផ្តោតទៅលើ​រុស្ស៊ី ហើយ​វា​មិនត្រូវ​បានដាក់​ចេញ ដើម្បី​បំផ្លាញ​វិស័យ​ការពារ​របស់​ប្រទេស​ណាមួយ​ឡើយ​»​។ 
 
​ជាមួយគ្នានេះ ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃ​ដដែល​នេះ ក៏បាន​ប្រកាស​ដាក់​មន្ត្រី​ភ្នាក់ងារ​សម្ងាត់ និង​យោធា​រុស្ស៊ី ចំនួន​៣៣​រូប​ក្នុង​បញ្ជីខ្មៅ​របស់ខ្លួន ដោយ​អនុលោម​តាមច្បាប់ CAATSA ។ ច្បាប់ CAATSA ដែល​ត្រូវ​បានអនុម័ត​កាលពី​ឆ្នាំ​២០១៧  ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ដែល​បាន​លេប​ត្របាក់​តំបន់​ក្រី​មៀរ កាលពី​ឆ្នាំ​២០១៤ និង​លូកលាន់​ការបោះឆ្នោត​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​។ តួយ៉ាង​ច្បាប់​នេះ បាន​ទប់ស្កាត់​ការនាំចេញ​អាវុធ​របស់​រុស្ស៊ី ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​រាប់ពាន់​លាន​ដុល្លារ​ទៅហើយ​។​
 
​ម្យ៉ាងវិញទៀត រដ្ឋបាល​លោក​ត្រាំ សង្ឃឹមថា ទណ្ឌកម្ម​ប្រឆាំង​ចិន​នេះ នឹង​ផ្ញើ​សារ​មួយ​ទៅកាន់​ម៉ូយ​អាវុធ​របស់​រុស្ស៊ី​ផ្សេងៗ​ទៀត​។ គេ​មើលឃើញថា ក្រុង​វ៉ាស៊ីនតោន ព្រួយបារម្ភ​ថា ឥណ្ឌា និង​តូ​ក​គី ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន អាច​សម្រេចចិត្ត​បញ្ជា​ទិញ​អាវុធ​ពី​រុស្ស៊ី ជាពិសេស​នោះ គឺ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400 ជាដើម​។ ជាក់ស្តែង​ឥណ្ឌា និង​តួ​ក​គី ធ្លាប់បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់​ពួកគេ​មានបំណង​បញ្ជា​ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400 ពី​រុស្ស៊ី ដែល​អ្នកជំនាញ​ជាច្រើន​អះអាងថា ប្រព័ន្ធ​ខែល​មី​ស៊ី​ល​នេះ​មានលទ្ធភាព​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង​គ្រប់​ប្រភេទ តែ​លើកលែង​យន្តហោះ​ចម្បាំង​អាមេរិក​ប៉ុណ្ណោះ​។ 
 
​បើ​ពិ​តទៅ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុង​វ៉ាស៊ីនតោន បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទី​បី ដោយ​អនុលោម​តាមច្បាប់ CAATSA ដែល​ត្រូវ​បានអនុម័ត​ដើម្បី​ប្រឆាំង​រុស្ស៊ី​។  ជុំវិញ​រឿងនេះ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​លើកឡើងថា​៖ «​យើង​នឹង​បន្ត​អនុវត្ត​ច្បាប់ CAATSA ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត និង​ទទូច​ឲ្យ​ប្រទេស​ទាំងអស់​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ក្នុង​វិស័យ​ការពារ  ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​នានា​ដូច​បានចែង​ក្នុង​ច្បាប់​នេះ​»​។​
 
​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា ការប្រកាស​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​ចិន​គឺធ្វើឡើង ខណៈដែល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន កំពុង​ផ្ទុះឡើង​យ៉ាងខ្លាំង​។ ជាក់ស្តែង​ណាស់ ភាព​តានតឹង​ចេះតែ​កើនឡើង ក្រោយ​លោក​ស៊ី ជិន​ពីង ចេញមុខ​ព្រមាន​វាយបក​សងសឹក​លើ​ការដំឡើង​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​២០០​ពាន់​លាន​ដុល្លារ​៕ 
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  រុស្ស៊ី​
  សង្គ្រាម​ពាណិជ្ជកម្ម​
  ច្បាប់​CAATSA
© រក្សាសិទ្ធិដោយ thmeythmey.com