ជាតិ
ខេត្តស្វាយរៀង នឹងមាន​រោងចក្រ​កែច្នៃ​សំរាម ឲ្យ​ទៅជា​សម្ភារ​ផ្សេងៗ
22, Sep 2018 , 11:42 am        
រូបភាព
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជួបតំណាងក្រុមហ៊ុនជប៉ុន និងតំណាងអង្គការ JICA នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២0១៨។ រូបពីរដ្ឋបាលខេត្តស្វាយរៀង
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជួបតំណាងក្រុមហ៊ុនជប៉ុន និងតំណាងអង្គការ JICA នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២0១៨។ រូបពីរដ្ឋបាលខេត្តស្វាយរៀង
​ក្រុមហ៊ុន​កែច្នៃ​សំរាម​របស់​ជប៉ុន និង ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តជាតិ​ជប៉ុន (JICA) គ្រោង​នឹង​សាងសង់​រោងចក្រ​កែច្នៃ​សំរាម​ក្នុង​ខេត្តស្វាយរៀង​។  
​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD របស់​ជប៉ុន ជា​អ្នកទទួល​ការសាងសង​រោងចក្រ​កែច្នៃ​សំរាម​ទៅជា​សម្ភារ​សំណង់ និង​គ្រឿងសង្ហារិម​។ គម្រោង​នេះ ក៏មាន​ផ្ដល់ជូន​រថយន្ត​ដឹក​សំរាម​ផងដែរ​។​


 
​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អរគុណ​ក្រុមហ៊ុន​ដែល​បានជ្រើសរើស​ការវិនិយោគ​នៅក្នុង​ខេត្តស្វាយរៀង ហើយ​លោក នៅតែ​បន្ត​សហការ​ត​ទៅមុខទៀត ដើម្បី​ឲ្យ​គម្រោង​នេះ​សម្រេចបាន​លទ្ធផល​ជោគជ័យ ១០០​ភាគរយ​។   
 
​បើតាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តស្វាយរៀង លោក ម៉ែន វិបុល បានបញ្ជាក់​បែបនេះ​ថា​៖«​មិន​ត្រឹមតែ​បានផ្ដល់​ការងារ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចូលរួម​លើកកម្ពស់​អនាម័យ​បរិស្ថាន និង​សោភ័ណ​ទីក្រុង រួមទាំង​គាំទ្រ​ទៅដល់​ផែនការ​របស់​រដ្ឋបាល​ខេត្ត ក្នុង​ការជំរុញ​លទ្ធភាព​នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​នាពេលខាងមុខ​»​។ 
 
​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត ដែល​ទទួលបន្ទុក​ក្នុង​កិច្ចការ​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា គម្រោង​សាងសង់ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៨ ហើយ​ត្រូវ​បញ្ចប់​នៅ​អំឡុង​ខែ​៤ ឆ្នាំ​២០១៩ លើ​ផ្ទៃដី​៥​ហិតា ដែល​ស្ថិតក្នុង​ក្រុង​ស្វាយរៀង​។ លោក បន្ថែមថា ពោះ​ទំហំ​ទឹកប្រាក់​ក្នុងការ​ចំណាយ​លើ​គម្រោង​សាងសង់​រោងចក្រ មិនទាន់មាន​កា​សិក្សា​លម្អិត​នៅឡើយ​ទេ ព្រោះ​នឹងមាន​ជំនួប​រវាង​ភាគី​ពាក់ព័ន្ធ​ជា​លើក​ទី​ពីរ​បន្តរ​ទៀត​។​
 
​លោក ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង ឲ្យ​ចួ​ល​រួម​ក្នុងការ​ថែរក្សា​បរិស្ថាន និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ដល់​ក្រុមហ៊ុន​ក្នុងការ​ប្រមូល​។  
​លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD បាន​អរគុណ​ទៅវិញ​ចំពោះ​អភិបាលខេត្ត​ស្វាយរៀង ដែល​តែងតែ​គាំទ្រ និង​សហការ​ជាមួយ​ក្រុមហ៊ុន​របស់លោក​។ លោក បញ្ជាក់ថា ព្រោះតែ​កិច្ចសហការ​គាំទ្រ​ពី​គណៈ​អភិបាលខេត្ត ទើប​ក្រុមហ៊ុន​របស់លោក ឈាន​មកដល់​សម្រេច​លទ្ធផល​បែបនេះ​៕ 

Tag:
 សំរាម​
  JICA
  ម៉ែន វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com