កីឡាជាតិ
ជាតិ
លីគ៖ ទ័ពប៉ះស្វាយរៀង, ប៉ូលិសជួបអាស៊ីអឺរ៉ុប, សូលទីឡូអង្គរប្រជែងជាមួយអគ្គិសនីកម្ពុជា កីឡាករ ឈិន ឈឿន ក្នុងជំនួបជាមួយអង្គរថាយហ្គឺរកាលពីពេលកន្លងទៅ
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌខេមបូឌានលីគបានឈានដល់សប្តាហ៍ទី២១ ដោយនៅថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ មានការប្រកួតចំនួន៣គូ។ សូលទីឡូអង្គរ បើកទ្វារកីឡដ្ឋានខេត្តសៀមរាប ស្វាគមន៍អគ្គិសនីកម្ពុជានៅម៉ោង៣រសៀល មុនអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)ប៉ះអាស៊ីអឺរ៉ុបនៅពហុកីឡដ្ឋានជាតិម៉ោង៦ល្ងាច និងក្រសួងការពារជាតិ(ទ័ព) តទល់ជាមួយព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋានស្តាតចាស់ម៉ោង៦ល្ងាច។
ទោះបីអស់ឱកាសប្រជែងយកជើងឯក ឬជើងឯករងក៏ដោយ តែក្រសួងការពារជាតិត្រូវការឈ្នះព្រះខ័នរាជស្វាយរៀងល្ងាចនេះ ដើម្បីបាន៣ពិន្ទុបន្ថែមក្នុងការបន្តប្រជែងយកចំណាត់លេខ៣ជាមួយវិសាខា។ ប៉ុន្តែ ទ័ពមានភាគរយតិចតួចបំផុតក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣នេះ។ ព្រោះទ័ពត្រូវការឈ្នះទាំងពីរប្រកួតដែលនៅសល់ ខណៈវិសាខាត្រូវការត្រឹមស្មើ ឬឈ្នះ១ប្រកួតប៉ុណ្ណោះ។
បច្ចុប្បន្នក្រសួងការពារជាតិស្ថិតនៅលេខ៤ក្នុងតារាងមាន៣៩ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀងស្ថិតនៅលេខ៦មាន២៧ពិន្ទុ។ រីឯវិសាខាស្ថិតនៅលេខ៣ក្នុងតារាងមាន៤៥ពិន្ទុ។ នាជំនួបជើងទី១នៅលើទឹកដីខេត្តស្វាយរៀង ក្រសួងការពារជាតិបានយកឈ្នះព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ២-១។ ក្នុងជំនួបនោះដែរ មានការប៉ះទង្គិចគ្នារវាងកីឡាករនៃក្លិបទាំងពីរ ដែលបណ្តាលឲ្យកីឡាកររបស់ទ័ពម្នាក់រងរបួស និងកីឡាករជាច្រើនរូបនៃក្លិបទាំងពីររងការពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ គេសង្ឃឹមថា ការប្រកួតល្ងាចនេះ កីឡាករនៃក្លិបទាំងពីរមិនបង្កឲ្យមានរូបភាពមិនល្អកើតមានដូចជំនួបជើងទី១ឡើយ។
នៅថ្ងៃល្ងាចសៅរ៍នេះដែរក្រុមស្ថិតនៅលេខ៩អគ្គស្នងការនគរបាលជាតិ ដែលមាន២៤ពិន្ទុក្នុងដៃ ត្រូវប្រជែងជាមួយក្រុមស្ថិតនៅលេខ៨មាន២៦ពិន្ទុអាស៊ីអឺរ៉ុបនៅពហុកីឡដ្ឋានជាតិ។ កាលជើងទី១ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ នៅកីឡដ្ឋានខេត្តសៀមរាបឯណេះវិញ ក្រុមសូលទីឡូអង្គរទទួលស្វាគមន៍អគ្គិសនីកម្ពុជា ដែលពួកគេបានយកឈ្នះ ៣-០ កាលពីជើងទី១៕
Tag:
Cambodian League 2018
ទ័ព
ប៉ូលិស
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com