ភ្នំពេញ៖ ព្រះសង្ឃកម្ពុជាក្រោម២ព្រះអង្គ ដែលបានធ្វើដំណើរពីខេត្តឃ្លាំង នៃទឹកដីកម្ពុជាក្រោម មកសិក្សានៅរាជធានីភ្នំពេញ បានទទួលបានអាហាររូបករណ៍សិក្សានៅប្រទេសរុស្ស៊ី។ ព្រះតេជគុណទាំងពីរព្រះអង្គមាមព្រះជនជាង២០ វស្សា បានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅរាជធានីភ្នំពេញរូចរាល់ហើយ។ បច្ចុប្បន្នព្រះតេជគុណ ថាច់ វណ្ណា និងព្រះតេជគុណ សេរី វឌ្ឍនៈ កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសរុស្ស៊ី។
ដើម្បីជ្រាបកាន់តែច្បាស់ពីការតស៊ូ និងការស្វែងរកអាហាររូបករណ៍នៅប្រទេសរុស្ស៊ី សូមលោកអ្នកនាង ស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ថាន រស្មី ដូចតទៅ៖
ព្រះសង្ឃខ្មែរកម្ពុជាក្រោមជាច្រើនអង្គ ដែលចង់បន្តការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់នោះ ត្រូវនិមន្តពីកម្ពុជាក្រោម មកកម្ពុជាកណ្ដាលដើម្បីទទួលការសិក្សាថ្នាក់មហាវិទ្យាល័យ។ ដោយអាស្រ័យលើការបរិច្ចាគទានពីពុទ្ធបរិស័ទ។ ហេតុតែចង់បានការសិក្សាកាន់តែខ្ពស់ព្រះសង្ឃខ្មែរកម្ពុជាក្រោមពីរអង្គ បានព្យាយាមស្វែងរកអាហាររូបករណ៍ សិក្សានៅប្រទេសរុស្ស៊ី ដើម្បីបំពេញចំណេះដឹងបន្ថែមទៀត។
ក្រោយពីទទួលបានភាពជោគជ័យក្នុងការដាក់អាហាររូបករណ៍នៅប្រទេសរុស្ស៊ីថ្នាក់អនុបណ្ឌិត ព្រះតេជគុណទាំង២ព្រះអង្គ ពោលគឺព្រះតេជគុណ ថាច់ វណ្ណា និងព្រះតេជគុណ សេរី វឌ្ឍនៈ បានឲ្យដឹងថា ការដាក់អាហាររូបករណ៍ទៅសិក្សានៅរុស្ស៊ីគឺអាស្រ័យលើលំដាប់ពិន្ទុកនៅក្នុងការសិក្សា។ ព្រះតេជគុណ ថាច់ វណ្ណា បានបន្ថែមថា អ្វីដែលជាភាពងាយស្រួលនោះគឺ និស្សិតដាក់អាហាររូបករណ៍ដោយផ្ទាល់ទៅក្រសួងអប់រំរុស្ស៊ី និងមិនត្រូវការតេស្តភាសាអង់គ្លេស ឬភាសារុស្ស៊ីនោះឡើយ។
ព្រះតេជគុណ ថាច់ វណ្ណា បញ្ជាក់ថា៖«ខាងក្រសួងអប់រុស្ស៊ីគេមានវេបសាយមួយឈ្មោះ russia.study ដែលសម្រាប់ឲ្យនិស្សិតនៅលើពិភពលោកអាចដាក់អាហាររូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្ស៊ីបាន។ ឯកសារដែលភ្ជាប់ទៅជាការចុះឈ្មោះមាន លិខិតឆ្លងដែន សញ្ញាប័ត្រដែលបកប្រែជាភាសាអង់គ្លេស និងលិខិតពិនិត្យសុខភាពទូទៅនៅក្រសួងអប់រំ»។
ព្រះតេជគុណមកពីខេត្តឃ្លាំងខាងលើ បានបន្ថែមថា ចំពោះការដាក់អាហាររូបករណ៍ត្រូវធ្វើឡើងចន្លោះពីខែកុម្ភៈ ទៅខែមីនា និងរង់ចាំលទ្ធផលចន្លោះពីខែកក្កដា ដល់ខែសីហា ដែលជាវិសមកាលថ្មីនៃថ្នាក់សិក្សារបស់រុស្ស៊ី។ ដើម្បីទទួលបានអាហាររូបករណ៍ អ្នកដែលមានអតិភាពខ្ពស់ គឺជាអ្នកដែលមានពិន្ទុកខ្ពស់ក្នុងការសិក្សា។
ព្រះតេជគុណ ថាច់ វណ្ណា បញ្ជាក់បន្ថែម៖ ជាធម្មតារុស្ស៊ីជាប្រទេសមហាអំណាចមួយដែរ ចឹងគេមិនតម្រូវឲ្យចេះភាសាអង់គ្លេសទេ។ ហើយគេប្រើប្រាស់ភាសារុស្ស៊ី ហើយមិនមែនទាល់តែរុស្ស៊ីទើបអាចទៅរៀនបានទេ ព្រោះគេមានថ្នាក់បង្រៀនភាសារុស្ស៊ីមួយឆ្នាំ ចូលថ្នាក់សិក្សាជំនាញ»។
ដោយគិតថារុស្ស៊ីគឺជាប្រទេសមហាអំណាចមួយ ស្របពេលដែលព្រះតេជគុណចាប់អារម្មណ៍ចង់រៀនមុខវិទ្យាវិទ្យាសាស្ត្រនយោបាយផងនោះ ទើបព្រះតេជគុណ ថាច់ វណ្ណា សម្រេចជ្រើសរើសអាហាររូបករណ៍សិក្សានៅប្រទេសរុស្ស៊ីនេះតែម្ដង។
ក្រោយពី ថាច់ វណ្ណា ចែករំលែកបទពិសោធន៍នៃការស្វែងរកអាហាររូបបករណ៍នៅរុស្ស៊ី ព្រះតេជគុណ សេរី វឌ្ឍនៈ អ្នកខេត្តឃ្លាំងដូចគ្នា ក៏បានចែករំលែកពីបញ្ហាប្រឈមក្នុងការសិក្សានៅទីនោះផងដែរ។ ដោយព្រះតេជគុណមានសង្ឍដីការថា ប្រាក់ខែដែលទទួលបានពីអាហាររូបករណ៍នៅប្រទេសរុស្ស៊ី ទទួលបានតិចជាងអាហាររូបករណ៍នៅបណ្ដាលប្រទេសដទៃ។ តួយ៉ាងក្នុងមួយខែរដ្ឋាភិបាលកម្ពុជាផ្ដល់ជូននិស្សិតអាហាររូបករណ៍ចំនួន៥០ដុល្លារតែប៉ុណ្ណោះ ខណៈដែលក្រសួងអប់រំរុស្ស៊ីផ្ដល់ឲ្យនិស្សិតអាហាររូបបករណ៍ប្រមាណ៣០ដុល្លារតែប៉ុណ្ណោះ។
ព្រះតេជគុណ សេរី វឌ្ឍនៈ មានសង្ឃដីការថា៖ ដោយសារប្រាក់អាហារូបករណ៍តិច ហើយរយៈពេល៣ទៅ៦ខែទើបបើកឲ្យម្ដង ដូច្នេះហើយនិស្សិតដែលទោរៀនត្រូវមានប្រាក់សម្រាប់ចាយវាយដោយខ្លួនឯងពីប្រទេសឲ្យហើយ។ សម្រាប់អ្នកមានជំងឺដុះសាច់ច្រមុះ អ្នកចាញ់រងារ និងអ្នកជំងឹក្រពះក៏ប្រឈមដែរ ដោយសារតែរៀនរហូតពីព្រឹកម៉ោង៨ ដល់ម៉ោង៦ល្ងាច»។
យ៉ាងណាមិញចំពោះព្រះសង្ឃមានបញ្ហាប្រឈមជាងគ្រហស្ថ ពិសេសទៅលើរបបអាហារ។ ដោយសារតែព្រះសង្ឃត្រូវបតិបត្តិវិន័យសង្ឃផង រៀបចំចំណីអាហារដោយខ្លួនឯងផង ជាពិសេសត្រូវប្រឹងប្រែងរៀនសូត្រដើម្បីរក្សាអាហាររូបករណ៍ដែលទទួលបាន។
ព្រះតេជគុណ សេរី វឌ្ឍនៈ មានសង្ឃដីការថា៖ ពិបាកដែររឿងឆាន់ចុក តែពិបាកតែដំបូងទេ។ ពេលយើងនៅយូរទៅយើងស៊ាំជាមួយគេហើយ ដោយសារយើងជាព្រះសង្ឃតែត្រូវនៅរួមជាមួយនិស្សិតចម្រុះ មានទាំងវៀតណាម ចិន អារ៉ាប់ អីជាដើម។ ដោយសារចឹងហើយបានជាយើងមានចិត្តខ្លាច ទាំងការធ្វើម្ហូបអីជាដើម តែពេលនៅស៊ាំយូរទៅក៏អស់បារម្ភដែរ»។
ទោះមានការប្រឈមនិងការរស់នៅ ក៏ដូចជាចំណីអាហារខ្លះ សម្រាប់សុវត្ថិភាព វិញត្រូវបានព្រះតេជគុណ ទាំង២ព្រះអង្គឲ្យដឹងថា មានសន្តិសុខល្អ ទាំងនៅក្នុងអន្តេវាសកដ្ឋាន តាមដងផ្លូវ តាមផ្សារ ក៏ដូចជាសាលារៀន។ ព្រះសង្ឃកម្ពុជាក្រោមទាំង២ព្រះអង្គបច្ចុប្បន្នបានសម្រាកវិស្សមកាលពីការសិក្សានៅប្រទេសរុស្ស៊ី បានមកគង់នៅវត្តសាមគ្គីរង្សី ដែលជាទីមានព្រះសង្ឃកម្ពុជាក្រោមជាច្រើនគង់នៅ។
ព្រះតេជគុណនឹងនិមន្តទៅសិក្សានៅប្រទេសរុស្ស៊ីវិញនៅដើមខែតុលាខាងមុខ។ ដោយសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ភាសារុស្ស៊ីអស់រយៈពេល១ឆ្នាំ៕